Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ ៦ នាក់ជាប់នឹងដើមឈើ​នៅរមណីយដ្ឋាន​ទឹកធ្លាក់ថ្មក្រាល

បានផុស

នៅ

ជំនន់ទឹកភ្លៀងនៅរមណីយដ្ឋានធម្មជាតិទឹកធ្លាក់ថ្មក្រាលឃុំជៀប ស្រុកទឹកផុស នៅរសៀលនៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២២ បានធ្វើឱ្យប្រជាពលរដ្ឋក្មេងចាស់ស្រី ប្រុសចំនួន ៦ នាក់ជាប់នៅកណ្ដាលកោះក្នុងជ្រោះប្រហែង១ម៉ោង ខ ណៈពួកគាត់កំពុងមុជទឹកលេងកណ្តាលកោះក្នុងជ្រោះពេលមេឃធ្លាក់ភ្លៀងខ្លាំងក៏ត្រូវទឹកធ្លាក់ពីលើភ្នំយ៉ាងគំហុកជាប់ពួកគាត់នៅកណ្ដាលជ្រោះ តែសំណាងដែលមានដើមឈើតោង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំងនៅរសៀលថ្ងៃទី១៨ ខែកក្កដា នេះបានឲ្យដឹងថា ពិតជាមានហេតុការណ៍ដូចខាងលើបានកើតឡើងពិតមែន ដោយមានប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីចំនួន ៦ នាក់បានជាប់គាំងកណ្ដាលកោះក្នុងជ្រោះ ប្រហែល១ ម៉ោងទើបមានការអន្តរាគមន៍ជួយសង្គ្រោះ ពីគណៈកម្មការសហគមន៍ទឹកធ្លាក់ថ្មក្រាល និងប្រជាពលរដ្ឋជួយយកជនរងគ្រោះទាំងអស់ចេញបាន។

ប្រធានមន្ទីរទេសចរណ៍បានបញ្ជាក់ឱ្យដឹងទៀតថា ការពិតមុនហេតុការណ៍នេះ ពេលមានភ្លៀងធ្លាក់ខ្លាំង គណៈកម្មា​ធិការរមណីយដ្ឋានទេសចរណ៍ធម្មជាតិទឹកធ្លាក់ថ្មក្រាលបានប្រកាសតាមមេក្រូ ក៏ដូចជាដើរប្រាប់ផ្ទាល់មាត់ ឲ្យបងប្អូនប្រជាពលរដ្ឋដែលនៅលេងទឹកក្នុងជ្រោះឱ្យប្រុងប្រយ័ត្នទឹកហូរធ្លាក់ខ្លាំងពីលើភ្នំអាចនឹងកួចយកមនុស្សនាំឱ្យមានគ្រោះថ្នាក់។

ប៉ុន្តែបងប្អូនទាំងនោះនៅតែចចេះ រហូតកើតមានហេតុការណ៍ខាងលើនេះតែម្ដង។ បើភ្លៀងធ្លាក់កាន់តែខ្លាំង និងយូរម៉ោងនោះ ជំនន់ទឹកតាមជ្រោះនេះ ក៏មានរយៈពេលយូរមានកម្ពស់ខ្ពស់ និងហូរខ្លាំងផងដែរ ដែលអាចនឹងបង្កមានគ្រោះថ្នាក់ដល់អាយុជីវិតបើសិនជាខ្វះការប្រុងប្រយ័ត្ន។

មន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង ក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលទៅលេងកម្សាន្តនៅតំបន់ទឹកជ្រោះធ្លាក់ទាំង២​កន្លែងខាងលើនេះ សូមមេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់ និងសូមស្តាប់ការណែនាំរបស់គណៈកម្មការសហគមន៍ ទើបយើងអាចជៀសផុតពីគ្រោះថ្នាក់ខាងលើនេះបាន៕

អត្ថបទ៖ ឈៀងថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម