ព័ត៌មានជាតិ
លោក សួន សេរីរដ្ឋា ៖ ទណ្ឌិត សម រង្ស៊ី មិនដែលមើលឃើញអ្វីដែលជាចំណុចល្អ ចំណុចប្រសើរ នៃការអនុវត្តលទ្ធិប្រជាធិបតេយ្យនោះទេ
ប្រតិកម្មរបស់លោក សួន សេរីរដ្ឋា បានធ្វើឡើងបន្ទាប់ពីទណ្ឌិត សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស បានលើកឡើងខុសការពិតទាក់ទង នឹងការធ្វើវិសោធនកម្មមាត្រាមួយចំនួន នៃរដ្ឋធម្មនុញ្ញ ដោយបាននិយាយថា គឺជាការធ្វើឡើងដើម្បីបើកច្រកឲ្យលោកបណ្ឌិត ហ៊ុន ម៉ាណែត ឡើងជានាយករដ្ឋមន្រ្តី និងដើម្បីកាត់បន្ថយអំណាចសភាជាដើម។

លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា និងជាអ្នកតាមដានស្ថានការណ៍សង្គម និងនយោបាយមួយរូបដែរនោះ បានថ្លែងប្រាប់កម្ពុជាថ្មីថា ទណ្ឌិតរត់ចោលស្រុករូបនេះ មិនដែលមើលឃើញអ្វីដែលជាចំណុចល្អ ចំណុចប្រសើរ និងបែបបទនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យនោះទេ។ ការលើកឡើងរបស់ទណ្ឌិតរូបនេះ មិនឆ្លុះបញ្ចាំងពីអ្វីដែលជាតម្រូវការពិតប្រាកដ នៅក្នុងប្រទេសកម្ពុជាយើងនោះទេ។ ជាពិសេសតម្រូវការផ្នែកច្បាប់ ដើម្បីពង្រឹងនូវនីតិរដ្ឋ និងអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនៅកម្ពុជាឲ្យពេញលេញ។ ប៉ុន្តែបើវិសោធនកម្មណាមួយ ដែលគាត់ផ្តួចផ្តើមឡើង ដើម្បីផលប្រយោជន៍គ្នាគាត់ នោះគាត់សរសើរ ដូចជាករណីវិសោធនកម្មច្បាប់បោះឆ្នោត និងការរៀបចំ គ.ជ.ប ថ្មី ជាដើម។
លោកថា នៅពេលនោះ គាត់នៅក្នុងសភា គាត់បានស្រែថា វិសោធនកម្មនោះល្អណាស់ ហើយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបានរៀបចំនៅពេលនោះ មានលក្ខណៈឯករាជ្យ អព្យាក្រឹត ត្រឹមត្រូវណាស់។ ប៉ុន្តែនៅពេលគាត់មានបញ្ហា ដែលអតីតគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ គាត់ក៏បានស្រែកឡើងវិញថា ច្បាប់បោះឆ្នោត ក៏ដូចជាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅកម្ពុជា មិនអាចទុកចិត្តបានទេ គ្មានអព្យាក្រឹត្យ គ្មានឯករាជ្យ។ ដូច្នេះសម្ដីរបស់គាត់ មិនអាចយកជាការបានទេ មិនស្មើនឹងក្មេងបៀមដៃផង។
បើតាមលោក សួន សេរីរដ្ឋា ប្រតិកម្មរបស់គាត់ទាក់ទងទៅនឹងវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលគាត់លើកឡើងថា គ្រាន់តែដើម្បីត្រួសត្រាយផ្លូវឲ្យលោកបណ្ឌិត ហ៊ុន ម៉ាណែត បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី និងជាការកាត់បន្ថយអំណាចសភាក្តីនោះ វាគ្រាន់តែជាការបង្ហាញពីទស្សនតាមអារម្មណ៍ផ្ទាល់ខ្លួនរបស់គាត់ប៉ុណ្ណោះ មិនឆ្លុះបញ្ចាំងអំពីចក្ខុវិស័យ និងទស្សនៈច្បាប់ពិតប្រាកដ ដែលកម្ពុជាជាប្រទេសរាជានិយមអាស្រ័យធម្មនុញ្ញ ប្រកាន់យកនោះទេ។
លោក សួន សេរីរដ្ឋា ពន្យល់ថា ប្រទេសរាជានិយមអាស្រ័យធម្មនុញ្ញ គឺអ្វីទាំងអស់ស្ថិតនៅលើច្បាប់រដ្ឋធម្មនុញ្ញនិយម សភានិយម។ គ្រឹះនៃលទ្ធិប្រជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញនេះ បានមកពីប្រទេសអង់គ្លេស ហើយកម្ពុជាជារាជាណាចក្រមួយ ដែលយកលំនាំនេះចាប់ពីក្រោយឆ្នាំ ១៩៩៣មក យើងមិនមែនជាអ្នកផ្ដួចផ្ដើមនូវលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងរាជានិយមអាស្រ័យធម្មនុញ្ញនោះទេ គឺយើងយកពីអង់គ្លេស និងបណ្តាប្រទេសផ្សេងៗទៀត។ ប៉ុន្តែអ្វីដែលជាចន្លោះប្រហោង នៃច្បាប់កំពូលរបស់យើង គឺក្រុមអ្នកច្បាប់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំប្រទេស ព្យាយាមបំពេញបន្ថែម ធ្វើយ៉ាងណាឲ្យច្បាប់រដ្ឋធម្មនុញ្ញមានលក្ខណៈជាច្បាប់កំពូលមួយ ដែលគ្មានចន្លោះប្រហោង។ ដូច្នេះការធ្វើវិសោធនកម្មនេះ មិនមែនដើម្បីគាំទ្របុគ្គលណាមួយទេ។
គួររំលឹកថា កម្ពុជាមានគម្រោងធ្វើវិសោធនកម្មច្បាប់ធម្មនុញ្ញ លើមាត្រមួយចំនួន មានដូចជា មាត្រា ១៩ថ្មី (មួយ) មាត្រា ៩៨ថ្មី មាត្រា ១០២ថ្មី មាត្រា ១១៩ថ្មី (មួយ) និងមាត្រា ១២៥ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ថ្មី និងមាត្រា ៤ថ្មី នៃច្បាប់ធម្មនុញ្ញ ហើយសេចក្ដីព្រាងច្បាប់ធម្មនុញ្ញ ស្ដីពី វិសោធនកម្ម ក៏បានទៅដល់រដ្ឋសភាហើយដែរ។ ចំណែកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក៏បានអនុម័តបញ្ជូនទៅគណៈកម្មកាជំនាញរួចហើយ កាលពិម្សិលមិញ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីរសៀលថ្ងៃទី ១៤ ខែកក្កដា កន្លងទៅ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអះអាងថា ការស្នើសុំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី ១០នេះ គឺអនុវត្តទៅតាមនីតិវិធី ដែលចែងក្នុងរដ្ឋធម្មនុញ្ញទាំងអស់ ដោយពុំមានចំណុចណាមួយដែលនិយាយថា ជារឿងលាក់បាំង ជាការសំងាត់ នោះទេ។ លោកបន្ថែមថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ គឺដើម្បីបំពេញចន្លោះខ្វះខាតរបស់រដ្ឋធម្មនុញ្ញកម្ពុជា និងធានាការពារឧត្ដមប្រយោជន៍របស់ជាតិ។
លទ្ធផលកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី ៨ ខែកក្កដា កន្លងទៅនេះ បានឲ្យដឹងថា សំណើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី ១០នេះ មានគោលបំណងសំខាន់ចំនួនពីរ គឺទី១. ធានាឲ្យស្ថាប័នកំពូលរបស់ជាតិ ជាពិសេសអំណាចនីតិប្រតិបត្តិ ដែលមានបេសកកម្មចម្បងក្នុងការងារទូទៅរបស់រដ្ឋ មានដំណើរការប្រព្រឹត្តទៅដោយរលូន និងប្រកបដោយនិរន្តភាពនៅគ្រប់កាលៈទេសៈ។ ទី២. ធានា ការពារ និងថែរក្សាបាននូវសន្តិភាព សន្តិសុខសង្គម សណ្ដាប់ធ្នាប់សាធារណៈ និងស្ថេរភាពនយោបាយ របស់ប្រទេសជាតិគ្រប់កាលៈទេសៈ ដើម្បីជាគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសលើគ្រប់វិស័យ និងសេចក្ដីសុខសាន្ដរបស់ប្រជាជនកម្ពុជា៕
អត្ថបទ៖ កោះកែវ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង