ព័ត៌មានជាតិ
ធនាគារជាតិ ដាក់ចេញវិធានការ ៩ ចំណុច ទប់ទល់វិបត្តិសកល
ខណៈឥទ្ធិពលនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន នៅមិនទាន់ស្វែងរកដំណោះស្រាយជាក់លាក់នៅឡើយ គួបផ្សំផលប៉ះពាល់នៃការអនុវត្តនយោបាយរូបិយវត្ថុរឹតត្បិតនៅក្នុងប្រទេសអភិវឌ្ឍន៍ និងមេរោគកូវីដ-១៩ បំប្លែងថ្មី ដែលនៅតែជាបញ្ហាគួរឱ្យព្រួយបារម្ភនោះ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានដាក់ចេញវិធានការ ៩ ចំណុចដើម្បីជួយទ្រទ្រង់ដល់សេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ។
ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ របស់ធនាគារជាតិនៃកម្ពុជាកាលពីរសៀលថ្ងៃទី២០កក្កដា លោកជា ចាន់តូ បានមានប្រសាសន៍ថា វិធានការ៩ចំណុច។
ទី១ការបន្តរក្សាស្ថិរភាពអត្រាប្តូរប្រាក់៖ ដោយសារប្រាក់ដុល្លារអាមេរិកមាននិន្នាការឡើងថ្លៃនៅលើទីផ្សារអន្តរជាតិ ប្រាក់រៀលនឹងបន្តប្រឈមនឹងសម្ពាធធ្លាក់ថ្លៃ។ ដូច្នេះ ធនាគារជាតិនៃកម្ពុជានឹងបន្តប្រើប្រាស់ឧបករណ៍នយោបាយរូបិយវត្ថុចាំបាច់នានា ក្នុងការរក្សាតម្លៃប្រាក់រៀលឱ្យមានស្ថិរភាព ដើម្បីការពារអំណាចទិញរបស់រូបិយវត្ថុជាតិ ក៏ដូចជាប្រាក់ចំណូលរបស់ប្រជាពលរដ្ឋងាយរងគ្រោះ។
លោកទេសាភិបាលបានបន្តថា ក្នុងទិសដៅនេះ ការបន្តជំរុញការប្រើប្រាស់ប្រាក់រៀលពីគ្រប់មជ្ឈដ្ឋានទាំងអស់ ទាំងវិស័យសាធារណៈ វិស័យឯកជន និងប្រជាពលរដ្ឋទូទៅ ពិតជាមានសារៈសំខាន់ណាស់ក្នុងការលើកកម្ពស់តម្លៃប្រាក់រៀលដោយផ្ទាល់ និងពង្រឹងប្រសិទ្ធភាពឧបករណ៍នយោបាយរូបិយវត្ថុជារួម។
វិធានការទី២/-ការរក្សាអត្រាការប្រាក់ក្នុងកម្រិតសមស្រប៖ ដោយសារកម្ពុជាប្រើប្រាស់ប្រាក់ដុល្លារអាមេរិកយ៉ាងទូលំទូលាយ ការដំឡើងអត្រាការប្រាក់គោលរបស់ធនាគារកណ្តាលអាមេរិកអាចមានសម្ពាធដោយប្រយោលលើអត្រាការប្រាក់ទីផ្សារនៅកម្ពុជា បើទោះជាក្នុងកម្រិតតិចតួចក៏ដោយ។ ដូច្នេះ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុត្រូវបន្តខិតខំប្រឹងប្រែងអភិវឌ្ឍសេវារបស់ខ្លួន ជាពិសេសការបង្កើនប្រសិទ្ធភាពប្រតិបត្តិការនិងពិពិធកម្មសេវា ដើម្បីអាចកាត់បន្ថយការចំណាយនិងបង្កើនប្រភពចំណូល ដោយចៀសវាងការដំឡើងអត្រាការប្រាក់។ ទន្ទឹមនេះ ធនាគារជាតិនៃកម្ពុជានឹងនៅបន្តអនុវត្តនយោបាយរូបិយវត្ថុ ដែលសម្រួលដល់គ្រប់គ្រងសន្ទនីយភាពក្នុងប្រព័ន្ធធនាគារ។
លោកទេសាភិបាលបានរំលេចថា ភាពជោគជ័យនៃការពង្រឹងការប្រើប្រាស់ប្រាក់រៀលនឹងនាំឱ្យធនាគារជាតិនៃកម្ពុជាមានឥទ្ធិពលលើការគ្រប់គ្រងអត្រាការប្រាក់ សំដៅគាំទ្រសកម្មភាពសេដ្ឋកិច្ចជាតិឱ្យបានកាន់តែប្រសើរ។
៣/-ការត្រួតពិនិត្យនិងការរក្សាស្ថិរភាពហិរញ្ញវត្ថុ៖ ស្ថានភាពសេដ្ឋកិច្ចពិភពលោកប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់ ហើយស្ថានភាពទីផ្សារហិរញ្ញវត្ថុអន្តរជាតិក៏ប្រឈមនឹងការរឹតត្បិតផងដែរ។ ការតាមដានជាប្រចាំលើសុខុមាលភាពរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ជាមួយនឹងការដាក់ចេញវិធានការម៉ាក្រូនិងមីក្រូប្រុងប្រយ័ត្នប្រកបដោយលក្ខណៈបុរេសកម្ម ជាការងារចាំបាច់ ដើម្បីពង្រឹងភាពធន់នៃវិស័យធនាគារ និងរក្សាស្ថិរភាពហិរញ្ញវត្ថុ។
លោកទេសាភិបាលបានពន្យល់ថា ក្នុងន័យនេះ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុត្រូវបន្តការគ្រប់គ្រងហានិភ័យនានាដែលអាចកើតឡើងជាយថាហេតុ ជាពិសេសកត្តាខាងក្រៅ និងអនុវត្តតាមបទប្បញ្ញត្តិប្រុងប្រយ័ត្នឱ្យបានខ្ជាប់ខ្ជួន ជាមួយនឹងបន្តរួមចំណែកគាំទ្រការងើបឡើងនៃសេដ្ឋកិច្ច។
លោកទេសាភិបាលបានបន្ថែមទៀតថាធនាគារជាតិនៃកម្ពុជានឹងបន្តអនុវត្តយុទ្ធសាស្រ្តចាកចេញពីវិបត្តិជាដំណាក់កាល ប្រកបដោយភាពប្រុងប្រយ័ត្ន ស្របតាមការវិវត្តនៃស្ថានភាពសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីពង្រឹងភាពធន់និងចីរភាពនៃការអភិវឌ្ឍប្រព័ន្ធធនាគារកម្ពុជា។
៤/-ការធ្វើទំនើបកម្មប្រព័ន្ធទូទាត់៖ ប្រព័ន្ធទូទាត់សងប្រាក់កម្ពុជាត្រូវបានទទួលស្គាល់ជាអន្តរជាតិថាបានរួមចំណែកគាំទ្រសកម្មភាពសេដ្ឋកិច្ច ទាំងក្នុងអំឡុងពេលនិងក្រោយវិបត្តិ។ ការលើកកម្ពស់អន្តរប្រតិបត្តិការ (interoperability) និងការតភ្ជាប់ (connectivity) នៃប្រព័ន្ធទូទាត់សងប្រាក់ គឺជាគោលដៅចម្បងដែលនឹងត្រូវបន្តអនុវត្ត ដើម្បីរួមចំណែកលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ប្រសិទ្ធភាពប្រព័ន្ធទូទាត់ និងសមាហរណកម្មប្រព័ន្ធធនាគារកម្ពុជាទៅក្នុងតំបន់និងពិភពលោក។
លោកទេសាភិបាលបានណែនាំថា ហេតុដូច្នេះ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុត្រូវបន្តចូលរួមសហការអភិវឌ្ឍប្រព័ន្ធទូទាត់ប្រកបដោយស្មារតីទទួលខុសត្រូវ និងរួមចំណែកការពារឧក្រិដ្ឋកម្មសាយប័រ។
លោកទេសាភិបាលបានគាំទ្រផែនការអភិវឌ្ឍប្រព័ន្ធបាគងដើម្បីឱ្យប្រព័ន្ធបាគងអាចបំពេញមុខងារភារកិច្ចកាន់តែសម្បូរបែបនិងពង្រឹងការស្គាល់អត្តសញ្ញាណអតិថិជនឌីជីថល (e-KYC) និងពង្រឹងសុវត្ថិភាពប្រព័ន្ធទូទាត់ សំដៅរួមចំណែកគាំទ្រក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលរបស់រាជរដ្ឋាភិបាល។
៥/-ការគ្រប់គ្រងចរាចរណ៍សាច់ប្រាក់៖ កន្លងមក យើងបានអនុវត្តការងារគ្រប់គ្រងការចរាចរសាច់ប្រាក់បានយ៉ាងល្អប្រសើរ និងបានលើកកម្ពស់គុណភាពនិងសោភ័ណភាពក្រដាសប្រាក់រៀលជាលំដាប់។ ការឈ្នះពានរង្វាន់ជាធនបត្រថ្មីឆ្នើមប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិកប្រចាំឆ្នាំ២០១៩ ពីស្ថាប័នអន្តរជាតិ Reconnaissance ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស សម្រាប់ធនបត្រអនុស្សាវរីយ៍ប្រភេទ ១៥.០០០រៀល បានឆ្លុះបញ្ចាំងពីការរីកចម្រើននៃបច្ចេកទេសផលិតធនបត្ររបស់ធនាគារជាតិនៃកម្ពុជា ដែលមានលក្ខណៈកាន់តែទំនើប និងប្រកបដោយសុវត្ថិភាពខ្ពស់។
លោកទេសាភិបាលសូមអំពាវនាវឱ្យប្រជាពលរដ្ឋនិងភាគីពាក់ព័ន្ធទាំងអស់ បង្កើនការប្រើប្រាស់ប្រាក់រៀលឱ្យកាន់តែទូលំទូលាយ។ ប្រាក់រៀលជារូបិយវត្ថុជាតិតែមួយគត់របស់កម្ពុជាយើង ដែលតំណាងឱ្យអត្តសញ្ញាណជាតិ និងផ្តល់នូវអត្ថប្រយោជន៍ទាំងផ្នែកសេដ្ឋកិច្ចនិងសង្គម។
៦/-ការងារសាខាធនាគារជាតិនៃកម្ពុជារាជធានី-ខេត្ត៖ សាខាធនាគារជាតិនៃកម្ពុជានៅតាមបណ្តារាជធានី-ខេត្ត គឺជាតំណាងធនាគារជាតិនៃកម្ពុជា ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅតាមមូលដ្ឋាន។
លោកទេសាភិបាលបានលើកឡើងថា ការងើបឡើងនៃសកម្មភាពសេដ្ឋកិច្ចនៅតាមបណ្តាខេត្ត ក្រោយពីស្ថានភាពកូវីដ-១៩ មានភាពធូរស្រាល ជាពិសេសការនិយមការប្រើប្រាស់ប្រាក់រៀលកាន់តែច្រើននិងកំណើនប្រជាជនប្រើប្រាស់សេវាហិរញ្ញវត្ថុ។
លោកទេសាភិបាលបានបន្តទៀតថា« ដើម្បីបន្តគាំទ្រការរីកចម្រើនទាំងនេះ ខ្ញុំសូមស្នើឱ្យសាខាធនាគារជាតិនៃកម្ពុជារាជធានី-ខេត្តបន្តពង្រឹងបំពេញសេចក្តីត្រូវការសាច់ប្រាក់ឱ្យបានគ្រប់គ្រាន់និងទាន់ពេលវេលា ការប្តូរក្រដាសប្រាក់រៀលចាស់ ទក់ រហែក ជូនសាធារណជនដោយមិនគិតកំរៃសេវា ការឆ្លើយតបនឹងសំណួរនានារបស់សាធារណជនលើការប្រើប្រាស់សេវាហិរញ្ញវត្ថុតាមប្រព័ន្ធ Hotline និងការពង្រឹងកិច្ចសហការល្អជាមួយអាជ្ញាធរនៅតាមមូលដ្ឋាន»។
ជាមួយគ្នានេះ លោកទេសាភិបាលបានស្នើឱ្យបន្តពង្រឹងផែនការនិរន្តរភាពធុរកិច្ច (BCP) ដើម្បីធានាការបំពេញតួនាទីរបស់ធនាគារកណ្តាលដោយពិលាស ជាពិសេសការផ្តល់សេវាជូនគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងអង្គភាពរាជរដ្ឋាភិបាល ក្នុងស្ថានភាពដែលជំងឺកូវីដ ១៩ នៅមិនទាន់ចប់និងការប្រឈមនឹងភាពមិនច្បាស់លាស់នានា ជាយថាហេតុ។
៧/-ការងារសមាគមមន្ត្រី-បុគ្គលិកធនាគារជាតិនៃកម្ពុជា៖ សមាគមធនាគារជាតិនៃកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកសម្រាលទុក្ខលំបាករបស់សមាជិកនិងក្រុមគ្រួសារសមាជិក ដែលបានទទួលមរណភាព ឬមានជំងឺធ្ងន់ធ្ងរ ជាពិសេសនៅក្នុងអំឡុងពេលមានការរាលដាលខ្លាំងនៃជំងឺកូវីដ-១៩។
លោកទេសាភិបាបានបន្ថែមថាការជួយគ្នានេះបានពង្រឹងសាមគ្គីភាពយ៉ាងកក់ក្តៅរវាងមន្ត្រី-បុគ្គលិកយើង ក្រោមស្មារតីសង្គហភាព និងភាតរភាពនិងបានស្នើឱ្យសមាគមបន្តប្រកាន់យកគោលការណ៍រួបរួមសាមគ្គីភាពគ្នានេះបន្តទៀត និងបន្តពង្រឹងការគ្រប់គ្រងថវិកាឱ្យបានល្អ ដើម្បីធានានិរន្តរភាពក្នុងការផ្តល់ការឧបត្ថម្ភដល់សមាជិកដែលជួបការទុក្ខលំបាកពិតប្រាកដ។
៨/-ការគោរពវិន័យ៖ វិន័យក្នុងការងារជាផ្នែកមួយសំខាន់ក្នុងការពង្រឹងអភិបាលកិច្ច និងបង្កើនប្រសិទ្ធភាពការងារ។ ក្នុងអំឡុងវិបត្តិជំងឺកូវីដ-១៩ មន្ត្រី-បុគ្គលិកយើងបានបន្តអនុវត្តការងារប្រកបដោយភាពទទួលខុសត្រូវខ្ពស់ និងមានភាពបត់បែនតាមស្ថានភាពជាក់ស្តែង។
លោកទេសាភិបាលបានឯកភាពមតិរបស់ លោក ថា យ៉ាវ ដែលថា “តម្លៃនៃការគោរពវិន័យ នាំមកនូវកិត្តិយស សេចក្តីថ្លៃថ្នូរនិងបរិស្ថានការងារល្អប្រសើរ” ហើយលោកសូមគាំទ្រនិងឯកភាពលើសំណើនានារបស់ក្រុមប្រឹក្សាវិន័យធនាគារជាតិនៃកម្ពុជា ក្នុងគោលបំណង ពង្រឹងវិន័យនិងគុណធម៌ក្នុងការងារយ៉ាងម៉ឺងម៉ាត់ រក្សាគុណតម្លៃស្នូលរបស់បុគ្គលិកធនាគារជាតិនៃកម្ពុជា ប្រសិទ្ធភាពការងារ និងការរក្សាការសម្ងាត់វិជ្ជាជីវៈ ជាដើម ។
៩/-ការគ្រប់គ្រងធនធានមនុស្ស៖ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការបំពេញមុខងារ-ភារកិច្ចរបស់ធនាគារកណ្តាលក្នុងសម័យសេដ្ឋកិច្ចឌីជីថល ការអភិវឌ្ឍធនធានមនុស្ស គឺជាការងារអាទិភាពដ៏សំខាន់ ដែលយើងត្រូវអនុវត្តជាប្រចាំ។
លោកទេសាភិបាលសូមកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្រ្តី-បុគ្គលិកយើងដែលបានអភិវឌ្ឍចំណេះដឹងជាលំដាប់ ទាំងជំនាញឯកទេសនិងជំនាញផ្សេងៗទៀត ដើម្បីពង្រឹងគុណភាពនិងប្រសិទ្ធភាពការងារ។ ស្របតាមការរីកចម្រើននៃវិស័យធនាគារ និងនិម្មាបនកម្មហិរញ្ញវត្ថុពិភពលោក លោកសូមស្នើ ទេសាភិបាលរង បន្តលើកទឹកចិត្តមន្រ្តីបុគ្គលិកឱ្យព្យាយាមស្វ័យសិក្សាបន្ថែមតាមរយៈប្រព័ន្ធអនឡាញ និងស្នើឱ្យចាប់ផ្តើមរៀបចំវគ្គបណ្តុះបណ្តាលនានា ដូចជា វគ្គសុក្រឹត្យការ ភាពជាអ្នកដឹកនាំ និងការត្រួតពិនិត្យធនាគារ ជាដើម ទៅតាមស្ថានភាពជាក់ស្តែង ក្នុងពេលដែលបញ្ហាកូវីដ-១៩ មានភាពធូរស្រាល ។
លោកទេសាភិបាលបានផ្តាំផ្ញើដល់មន្រ្តី-បុគ្គលិកយើងទាំងអស់ត្រូវបន្តព្យាយាមអភិវឌ្ឍចំណេះដឹងនិងសមត្ថភាពជាប់ជាប្រចាំ ព្រមទាំងខិតខំបំពេញមុខងារនិងភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ មានភាពស្មោះត្រង់ និងមានសាមគ្គីភាពល្អប្រសើរក្នុងនាមជាគ្រួសារធនាគារជាតិនៃកម្ពុជាតែមួយ ដើម្បីសម្រេចបានជោគជ័យបន្ថែមទៀត ដូចទស្សនៈអប់រំមួយនៅក្នុងសៀវភៅស្រីហិតោបទេសបានលើកឡើងថា “ការវេញចងបាច់វត្ថុអ្វីមួយ សូម្បីតូចឆ្មារឱ្យរួបរួមគ្នា ក៏អាចញ៉ាំងការងារឱ្យសម្រេចប្រយោជន៍បាន ដូចគេប្រមូលស្មៅវេញជាទន្លីងយកទៅធ្លីងដំរីចុះប្រេងឱ្យជាប់បោលទៅណាមិនរួច”។
លោកទេសាភិបាលសង្ឃឹមថា មន្ត្រី-បុគ្គលិកគ្រប់លំដាប់ថ្នាក់ នឹងបន្តរួមចំណែកសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀតសម្រាប់ប្រព័ន្ធធនាគារ ដើម្បីជាប្រយោជន៍ដល់សង្គម-សេដ្ឋកិច្ចជាតិទាំងមូល៕
អត្ថបទ៖ សំអឿន
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ