ព័ត៌មានជាតិ
ព្រុយណេ ចែករំលែកទស្សនៈអំពីការពង្រឹងភាពជាដៃគូសន្ទនា ជាមួយចក្រភពអង់គ្លេស និងនូវែលសេឡង់ ដល់កម្ពុជា
ការចែករំលែកទស្សនៈនេះ បានធ្វើឡើងនៅក្នុងជំនួបតាមប្រព័ន្ធវីដេអូ រវាងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោក ដាតូ អ៊ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ (Dato Erywan Pehin Yusof) រដ្ឋមន្ត្រីការបរទេសទី២ នៃព្រុយណេដារ៉ូស្សាឡាម នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២នេះ។
បើតាមក្រសួងការបរទេសបានឲ្យដឹងថា ជំនួបនោះ ធ្វើឡើងដើម្បីពិភាក្សាអំពីបញ្ហានានាពាក់ព័ន្ធទៅនឹងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខ ក៏ដូចជាពិភាក្សាអំពីការធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវចំណងមិត្តភាពទ្វេភាគី ខណៈពេលដែលប្រទេសទាំងពីរកំពុងប្រារព្ធខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងព្រុយណេដារ៉ូស្សាឡាម។

លោក Dato Erywan Pehin Yusof បានរំឭកឡើងវិញនូវការគាំទ្រយ៉ាងពេញទំហឹងរបស់ប្រទេសព្រុយណេដារ៉ូស្សាឡាម ចំពោះភាពជាប្រធានអាស៊ានរបស់កម្ពុជា នៅក្នុងការដឹកនាំអាស៊ានឆ្លងកាត់បញ្ហាប្រឈមធំៗជាច្រើនរបស់ពិភពលោកនាពេលបច្ចុប្បន្ននេះ។ លោកបានចែករំលែកទស្សនៈរបស់លោកអំពីមធ្យោបាយ ដើម្បីពង្រឹងភាពជាដៃគូសន្ទនារវាងអាស៊ាន និងចក្រភពអង់គ្លេស និងនូវែលសេឡង់ ដែលព្រុយណេដារ៉ូស្សាឡាម កំពុងដើរតួនាទីជាប្រទេសសម្របសម្រួលរបស់អាស៊ាន។
លោកក៏បានលើកទឹកចិត្តយ៉ាងមុតមាំផងដែរ ចំពោះកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងឋានៈជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា និងបានចែករំលែកទស្សនៈ និងគំនិតរបស់លោកអំពីរបៀប ដែលអាស៊ានអាចជំរុញបន្ថែមទៀតនូវការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ៥ ចំណុចរបស់មេដឹកនាំអាស៊ាន។
ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ លោក ដាតូ អ៊ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ ចំពោះការគាំទ្ររបស់ព្រុយណេដល់កម្ពុជា និងបានចែករំលែកទស្សនៈរបស់លោកលើបញ្ហាពហុភាគីផ្សេងៗ និងកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍រួមគ្នា។ ភាគីទាំងពីរបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី ដើម្បីបុព្វហេតុនៃសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ និងក្រៅតំបន់។
លោករដ្ឋមន្ត្រីទាំងពីរក៏បានពិភាក្សាផងដែរ អំពីទំនាក់ទំនងទ្វេភាគី និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរក្នុងរយៈពេលបីទសវត្សរ៍កន្លងមកនេះ ដែលត្រូវបានពង្រឹងជាបន្តបន្ទាប់នៅលើវិស័យជាច្រើន ដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជន និងប្រជាជាតិទាំងពីរ៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ