Connect with us

ព័ត៌មានជាតិ

គ.ជ.ប គ្រោងជ្រើសរើសមន្ត្រីបម្រើការងារនៅក្នុងក្រុមចុះឈ្មោះបោះឆ្នោតជាង ៣០០០នាក់

បានផុស

នៅ

ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២២ នឹងត្រូវធ្វើឡើងនៅថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០​២២តទៅ ខណៈ គ.ជ.ប គ្រោងជ្រើសរើសមន្ត្រីកិច្ចសន្យារយៈពេលខ្លី សរុបទូទាំងប្រទេសចំនួន ៥២៧នាក់ ស​ម្រាប់បម្រើការងារនៅនៅតាមលេខាធិការដ្ឋាន រាជធានី-ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) និងគ្រោងជ្រើសរើសមន្ត្រីបម្រើការងារ នៅក្នុងក្រុមចុះឈ្មោះបោះឆ្នោតប្រមាណជាង ៣០០០នាក់ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ គ.ជ.ប មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី ២២ ខែកក្កដានេះថា ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២២ សម្រាប់បម្រើឲ្យការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដអាណត្តិទី ៧ នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២២ រហូតដល់ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៣។

មន្ត្រីជាន់ខ្ពស់ គ.ជ.ប បានឲ្យដឹងថា «ក្នុងអំឡុងពេលនេះ គឺរាប់បញ្ចូលទាំងពេលវេលា សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ដែលមានរយៈពេល ៥០ថ្ងៃ រួមជាមួយនឹងការដាក់ ការទទួល និងការដោះស្រាយបណ្ដឹង ហើយចុងក្រោយ គឺការផ្ដល់សុពលភាពលើបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ ២០២២»។

អ្នកនាំពាក្យ គ.ជ.ប បានឲ្យដឹងបន្តថា សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនាពេលខាងមុខ គ.ជ.ប នឹងជ្រើសរើសមន្ត្រីកិច្ចសន្យារយៈពេលខ្លី សរុបទូទាំងប្រទេសចំនួន ៥២៧នាក់ ស​ម្រាប់បម្រើការងារនៅនៅតាមលេខាធិការដ្ឋាន រាជធានី-ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) ទាំង ២៥។ បន្ថែមពីលើនេះទៀត គ.ជ.ប គ្រោងជ្រើសរើសមន្ត្រីបម្រើការងារ នៅក្នុងក្រុមចុះឈ្មោះបោះឆ្នោត សម្រាប់ឃុំ-សង្កាត់ ១៦៥២ គឺមានប្រមាណជាង ៣០០០នាក់ទៀត ​នាពេលខាងមុខ។

លោក សោម សូរីដា បានបន្ថែមថា «ក្រុមចុះឈ្មោះបោះឆ្នោតនេះ មានសមាសភាព ៣រូប ប្រធាន អនុប្រធាន និងសមាជិក ប៉ុន្តែការជ្រើសរើសរបស់ គ.ជ.ប គឺមានតែសមាសភាព ២ទេ គឺប្រធាន ហើយនិងសមាជិក ដោយឡែកអនុប្រធានក្រុមចុះឈ្មោះបោះឆ្នោត គឺច្បាប់កំណត់ ហើយគ.ជ.ប តែងតាំងស្មៀន​ឃុំ-សង្កាត់ទាំង ១៦៥២នេះ ជាអនុប្រធានក្រុមចុះឈ្មោះបោះឆ្នោត»។

សូមជម្រាបថា កាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដនីតិកាលទី ៧ នឹងត្រូវធ្វើឡើងនៅថ្ងៃអាទិត្យ ទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ខាងមុខ។ ប្រជាពលរដ្ឋខ្មែរ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ ២០២២ គឺជាអ្នកបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដនីតិកាលទី ៧ ឆ្នាំ ២០២៣៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម