ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ស្ពឺ ចូលបម្រើរាជការដោយសារចង់ដើរតាមគន្លងឪពុក
លោកវ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានចាប់កំណើតក្នុងគ្រួសារត្រកូលមន្រ្តីរាជការ ជាកត្តាមួយដែលរុញច្រានឲ្យលោកចង់បន្តវេនពីឪពុកចង់ចូលបម្រើរដ្ឋ ដើម្បីជួយកសាងប្រទេសជាតិ។
តើលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺមានប្រវត្តិបែបណា?
កុមារភាព
លោក វ៉ី សំណាង បានចាប់កំណើតនៅឆ្នាំ ១៩៧៤ ក្នុងត្រកូលមន្ត្រីរាជការមួយក្នុងភូមិព្រៃផ្តៅ ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។ កាលពីនៅតូចស្ថានភាពប្រទេសជាតិមានភាពអសន្តិសុខ លោកត្រូវផ្លាស់ទីចុះឡើងៗពីស្រុកកំណើតនៅខេត្តព្រៃវែងទៅខេត្តកំពង់ធំតាមឪពុក។
ប្រវត្តិសិក្សា
លោក វ៉ី សំណាង បានបញ្ចប់ថ្នាក់បាក់ឌុបនៅអំឡុងឆ្នាំ ១៩៩០-១៩៩១ ក្នុងខេត្តកំពង់ធំ និងសាលាជាតិកសិកម្មព្រែកលាបនៅឆ្នាំ១៩៩៣-១៩៩៤។
លោកបានសិក្សាយកបរិញ្ញាបត្រផ្នែកច្បាប់នៅសាកលវិទ្យាល័យបៀលប្រាយ និងថ្នាក់អនុបណ្ឌិត នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ លោកជាថ្នាក់ដឹកនាំខេត្តមួយរូប ដែលបានបន្តការសិក្សានៅរាជបណ្ឌិត្យសភាកម្ពុជា។
ចូលធ្វើការនៅរដ្ឋបាលព្រៃឈើ ក្រោយពេលរៀនចប់សាលាជាតិកសិកម្មព្រែកលាប
កាលជំនាន់នោះដោយសារប្រទេសជាតិមានបញ្ហានយោបាយផង ហើយកាលពីរៀនដំបូងមានកិច្ចសន្យាថា និស្សិតដែលរៀនចប់ត្រូវចូលធ្វើការបម្រើរដ្ឋចំនួន ៥ ឆ្នាំ លោកក៏បានចូលធ្វើការនៅខាងរដ្ឋបាលព្រៃឈើ ហើយដែលកាលនោះគេហៅថានាយកដ្ឋានរុក្ខាប្រមាញ់។ ការចូលបម្រើរាជការនៅពេលនោះក៏ជាបំណងរបស់លោក ដែលចង់ដើរតាមគំរូឪពុកដែលជាអតីតមន្ត្រីរាជការមួយរូបកាលពីជំនាន់សង្គមចាស់ ហើយដែលធ្វើឱ្យលោកចង់បន្តវេនតពីឪពុក។
ចូលចិត្តធ្វើការក្រៅការិយាល័យ
ដោយសារមិនសូវចូលចិត្តធ្វើការនៅទីក្រុង អង្គុយតែក្នុងបន្ទប់ មិនដែលបានឃើញដើមឈើ ឬវាលស្រែ ដូចនេះហើយបានជាលោកចូលចិត្តធ្វើការនៅខាងក្រៅការិយាល័យជាង។
បម្រើការងារនៅផ្នែករដ្ឋបាលព្រៃឈើ មន្ត្រីចាស់ៗណែនាំមិនគួរលោកមកធ្វើការនៅផ្នែកនេះទេដោយសារមិនបានប្រើអស់សក្តានុពល ហើយណាមួយស្តាយចំណេះដឹងដែលបានរៀនសូត្រ ហើយក៏បានផ្តល់ជាយោបល់ឱ្យប្តូរកន្លែងការងារ។ ពេលនោះលោកបានប្តូរមកបម្រើការងារនៅក្រសួងមហាផ្ទៃវិញផ្នែកនាយកដ្ឋានបុគ្គលិក។
ក្រោយពីបំពេញការងារថ្មីនមួយរយៈ លោកក៏បានស្នើថ្នាក់លើបំពេញការងារនៅតាមទីវាលវិញ ដែលជាជំនាញនិងជាចំណូលចិត្តរបស់លោកតាំងពីដើមមក ដែលលោកធ្លាប់បានដើរស្ទើរគ្រប់ទីកន្លែងនៅក្នុងប្រទេសកម្ពុជា។
ទទួលការតែងតាំងជាអភិបាលខេត្តកំពង់ស្ពឺ
ដោយសារតែមើលឃើញនូវស្នាដៃនៃការខិតខំ និងសមត្ថភាព លោក វ៉ី សំណាង ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាអភិបាលខេត្តកំពង់ស្ពឺនៅឆ្នាំ ២០១៦ និងកាន់តំណែងជាអភិបាលខេត្តកំពង់ស្ពឺ អាណត្តិទី ២ នៅដើមឆ្នាំ ២០២០។
មុនពេលដែលលោក វ៉ី សំណាង ត្រូវបានថ្នាក់ដឹកនាំមានទំនុកចិត្ត និងជឿជាក់ដោយផ្តល់នូវតួនាទីជាអភិបាលខេត្តកំពង់ស្ពឺ ការងារមួយផ្នែកធំរបស់លោកគឺការចុះតាមមូលដ្ឋានចុះតាមព្រៃភ្នំ និងការជួបជាមួយនឹងប្រជាពលរដ្ឋផ្ទាល់ៗតែម្តង។
ក្រោយពីលោកមកកាន់ការងារថ្មីជាអភិបាលខេត្ត លោកត្រូវទទួលខុសត្រូវច្រើនជាងបទពិសោធន៍ជិត ២០ ឆ្នាំនៅផ្នែករដ្ឋបាលព្រៃឈើ។ ការងារការគ្រប់គ្រងខេត្តមួយ លោកប្រៀបដូចជាការគ្រប់គ្រងគ្រួសារមួយដែលមានកូនច្រើន មានតម្រូវការខុសៗគ្នា។ ដូចនេះតម្រូវការក្នុងខេត្តមួយគឺមានច្រើនហើយមានគ្រប់វិស័យដែលលោកត្រូវការចង្អុល ដឹកនាំ និងបង្ហាញជានយោបាយ ហើយត្រូវមានការសម្រេចចិត្តដ៏ច្បាស់លាស់មួយ។
ស្នាដៃលេចធ្លោ
ក្រៅពីការខិតខំប្រឹងប្រែងអភិវឌ្ឍផ្លាស់ប្តូរមុខមាត់ខេត្តកំពង់ស្ពឺ លើការស្តារហេដ្ឋារចនាសម្ព័ន្ធ និងការសាងសមិទ្ធផលជាច្រើនទៀត អ្វីដែលជាការកត់សម្គាល់ លោក វ៉ី សំណាង គឺជាអភិបាលខេត្តដំបូងគេដែលបានបញ្ជាឱ្យទម្លាក់ស្លាកផ្សាយពាណិជ្ជកម្មស្រាបៀរទាំងអស់ចេញពីក្នុងខេត្តកំពង់ស្ពឺ ដែលយុទ្ធនាការនេះទទួលបានការគាំទ្រយ៉ាងពេញមិនថាប្រជាជនក្នុងខេត្តកំពង់ស្ពឺ និងមហាជនទូទាំងប្រទេស ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់នានាដែលកើតចេញពីការទទួលទានគ្រឿងស្រវឹង។
គ្រួសារ
ទាក់ទងនឹងជីវិតគ្រួសារវិញ លោក វ៉ី សំណាង បានរៀបអាពាហ៍ពិពាហ៍ជាមួយលោកជំទាវ ឈុន ស៊ីន នៅឆ្នាំ ២០០៣ ដែលរហូតមកដល់ពេលនេះទទួលបានបុត្រចំនួន ៤ នាក់។
មិនបង្ខំកូនៗស្នងការងារជាមន្ត្រីរាជការ
ទោះមានឈាមជ័រជាមន្រ្តីតពីជំនាន់ឪពុក លោក វ៉ី សំណាង ប្រាប់ថា នឹងមិនបង្ខំកូនៗស្នងការងារជាមន្ត្រីរាជការដូចលោកបានធ្វើបន្តពីឪពុកនោះទេ គឺគ្រាន់តែបង្ហាញផ្លូវឱ្យពួកគាត់ទេ ប៉ុន្តែផ្លូវណាដែលពួកគាត់ជ្រើសរើសគឺជាការសម្រេចរបស់ពួកគាត់គ្រាន់តែយើងធ្វើការណែនាំបន្ថែមប៉ុណ្ណោះ៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម២០ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ