ព័ត៌មានជាតិ
ក្រសួងជំនាញកម្ពុជា-វៀតណាម ជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍រួមគ្នា
ការជំរុញផ្សព្វផ្សាយគោលដៅទេសចរណ៍រវាងប្រទេសទាំងពីរ បានធ្វើឡើងនៅក្នុងប្រជុំពិភាក្សារវាងប្រតិភូកម្ពុជា ដឹកនាំដោយលោកបណ្ឌិត ថុក សុខុម អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍កម្ពុជា ជាមួយប្រតភូវៀតណាម ដឹកនាំដោយលោក ហា វ៉ាន់សៀវ (Ha Van Sieu) អនុប្រធានរដ្ឋបាលជាតិទេសចរណ៍វៀតណាម (VNAT) នៃក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម។
នៅក្នុងកិច្ចប្រជុំនោះ បានប្តេជ្ញាអនុវត្តនូវស្មារតីជំនួបរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោក Pham Minh Chinh, នាយករដ្ឋមន្ត្រីសាធារណៈរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក និងជំនួបផ្លូវការរវាងលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា ជាមួយលោក NGUYEN Van Hung រដ្ឋមន្ត្រីវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម ក្នុងអំឡុងពិធីបើក SEA Games លើកទី៣១ កាលពីថ្ងៃទី២៤ ខែឧសភាព ឆ្នាំ២០២២ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។
កិច្ចពិភាក្សាក៏បានបញ្ជាក់អំពីគោលបំណង នៃការរៀបចំកម្មវិធីផ្សព្វផ្សាយបង្ហាញផ្លូវទេសចរណ៍កម្ពុជា “Cambodian Tourism Roadshow” និងប្រកាសប្រាប់ប្រជាជនវៀតណាមអំពីការបើកឡើងវិញ នៃវិស័យទេសចរណ៍កម្ពុជា ដោយកម្ពុជាបានសម្រួលលក្ខខណ្ឌមួយចំនួនប្រកបដោយភាពងាយស្រួល សុវត្ថិភាព ផ្ដល់ភាពកក់ក្ដៅសម្រាប់ភ្ញៀវទេសចរបរទេស ក្នុងនោះ ចំពោះភ្ញៀវ ដែលបានចាក់វ៉ាក់សាំងពេញលេញ វិធានសុវត្ថិភាពតម្រូវត្រឹមតែការបង្ហាញកាត ឬវិញ្ញាបនប័ត្រចាក់វ៉ាក់សាំង ដោយឡែកចំពោះអ្នកដែលមិនបានចាក់វ៉ាក់សាំង ឬបានចាក់វ៉ាក់សាំងមិនពេញលេញ គ្រាន់តែតម្រូវឲ្យធ្វើតេស្តរហ័ស ប៉ុណ្ណោះនៅពេលមកដល់កម្ពុជា។
នៅក្នុងជំនួបនោះដែរ ភាគីទាំងពីរក៏បានពិភាក្សាផងដែរ អំពីការធ្វើដំណើរបើកបរដោយខ្លួនឯង (Self-driving tour) ពីច្រកព្រំដែនអន្តរជាតិ ជាពិសេសប្រទេសមិត្តជិតខាង ហើយក្នុងនោះ ក៏សង្ឃឹមពីលំហូរទេសចរទៅវិញទៅមកកាន់តែច្រើនថែមទៀត ក្រោយពីការបើកច្រកអន្តរជាតិបន្ថែម។
តំណាងប្រតិភូកម្ពុជា លោកបណ្ឌិត ថុក សុខុម បានអះអាងថា បច្ចុប្បន្នកម្ពុជាកំពុងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ទន់ រឹងជាច្រើន នៅទិសនិរតី ដើម្បីតភ្ជាប់សម្រួលការធ្វើដំណើរ ក៏ដូចជាជំរុញចលនាភ្ញៀវទេសចរពីខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប ទៅខេត្តគៀង យ៉ាង និងទីក្រុងកាន់ធើ ជាដើម និងបានអញ្ជើញរដ្ឋបាលទេសចរណ៍ជាតិវៀតណាម (VNAT) និងប្រតិភូចូលរួមក្នុងពិធីបុណ្យសមុទ្រ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ នៅក្រុងព្រះសីហនុ និងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជាផងដែរ។
បើតាមលោក ថុក សុខុម កម្ពុជានឹងចូលរួមការតាំងពិព័រណ៍ទេសចរណ៍អន្តរជាតិ “International Travel Expo (ITE HCMC) 2022” ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុងហូជីមិញ ព្រមទាំងរៀបចំកម្មវិធីរាត្រីកម្ពុជា “Cambodia Night” នៅសណ្ឋាគាររិស (REX Hotel) នាថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ និងចូលរួមក្នុងវេទិកាទេសចរណ៍មេគង្គ ចាប់ពីថ្ងៃទី១១ ដល់១៤ ខែតុលា ឆ្នាំ២០២២ នៅ Hoi An ប្រទេសវៀតណាមផងដែរ។
ជាមួយគ្នានោះ រដ្ឋបាលទេសចរណ៍ជាតិវៀតណាម (VNAT) បានឯកភាពបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត ពិសេសចូលរួមការផ្សព្វផ្សាយទេសចរណ៍រួមគ្នា ដូចជា ការចូលរួមពិធីបុណ្យសមុទ្រនៅកម្ពុជា និងការចូលរួមត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ (SEA Games 2023) អាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) និងព្រឹត្តិការណ៍កីឡាយុវជនអាស៊ីឆ្នាំ២០២៩ (Asian Youth Games 2029) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ រួមគ្នាអបអរសាទរខួបលើកទី៥៥ នៃទំនាក់ទំនងការទូតកម្ពុជា-វៀតណាម ក៏ដូចជារួមគ្នាផ្សព្វផ្សាយព្រឹត្តិការណ៍ពិព៍រណ៍ទេសចរណ៍ពិភពលោក នៅទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស។
ភាគីវៀតណាម ក៏បានស្នើសុំកិច្ចសហប្រតិបត្តិការពីក្រសួងទេសចរណ៍កម្ពុជា ក្នុងការរៀបចំកម្មវិធី Roadshow ក្នុងខែតុលា ឆ្នាំ២០២២ នៅទីក្រុងភ្នំពេញផងដែរ៕
ដោយ ៖ កោះកែវ
-
សន្តិសុខសង្គម១៥ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?