ព័ត៌មានជាតិ
លោក ម៉ៅ ធនិន ពលរដ្ឋខេត្តពោធិ៍សាត់ ប្រដូចដូចប៉ាវចិនខ្មែរ មានប្រវត្តិបែបណា?
កាន់តំណែងជាចៅហ្វាយខេត្តពោធិ៍សាត់ជាង ៧ ឆ្នាំ មុនមកដឹកនាំនៅខេត្តកំពត លោក ម៉ៅ ធនិន បានឆក់យកបេះដូងប្រជាពលរដ្ឋ តាមរយៈការបង្កើតវេទិកាដោះស្រាយទំនាស់រឿងក្តីក្តាំង តទល់មុខជាមួយប្រជាពលរដ្ឋរៀងរាល់សប្តាហ៍ រហូតទទួលបានការគាំទ្រហើយត្រូវបានមហាជនប្រសិទ្ធិនាមថាប៉ាវចិនខ្មែរទៀតផង។

ជម្លោះក្នុងគ្រួសារ ឪពុកម្តាយក្មេកឈ្លោះប្រកែកជាមួយកូនប្រសារ រឿងគ្រួសារប្តីប្រពន្ធ ទំនាស់ព្រំដីធ្លីពលរដ្ឋតាមមូលដ្ឋានមិនក្រោម ៣០០០ សំណុំរឿងត្រូវបានដោះស្រាយ ដោយសារលោកបានប្រើសីលវិធីបញ្ចប់ទំនាស់ដោយព្រមព្រៀងគ្នាទាំងសងខាង។
តើលោក ម៉ៅ ធនិន មានប្រវត្តិបែបណា?
ប្រវត្តិគ្រួសារ
មានដើមកំណើតនៅខណ្ឌច្បារអំពៅ ទីក្រុងភ្នំពេញ លោកបានរៀបអាពាហ៍ពិពាហ៍ជាមួយលោកជំទាវ ហ៊ុន ចាន់ធី ដែលត្រូវជាកូនស្រីបង្កើតរបស់អ្នកស្រី ហ៊ុន ប៊ុនធឿន។ អ្នកស្រី ហ៊ុន ប៊ុនធឿន គឺជាប្អូនស្រីពៅរបស់សម្តេចតេជោ ហ៊ុន សែន ហើយបើរាប់ជាសាច់ឈាម លោកត្រូវជាក្មួយប្រសារបស់សម្តេចតេជោតែម្តង។

ប្រវត្តិការងារ
លោក ម៉ៅ ធនិន ធ្លាប់ជាអភិបាលរងខេត្តស្ទឹងត្រែង ប្រមាណ ៣ឆ្នាំ មុនផ្លាស់មកកាន់ជាចៅហ្វាយខេត្តពោធិ៍សាត់នៅឆ្នាំ ២០១៤ និងបន្តដឹកនាំខេត្តពោធិសាត់រហូតដល់ឆ្នាំ ២០២១ មុនផ្ទេរទៅគ្រប់គ្រងជាអភិបាលខេត្តកំពត។
សព្វថ្ងៃនេះ លោក ម៉ៅ ធនិន ក្រៅពីមានតួនាទីជាចៅហ្វាយខេត្តកំពត លោកក៏មានតួនាទីជាសមាជិកមជ្ឈិមបក្សប្រជាជនកម្ពុជាផងដែរ។
ប្រវត្តិសិក្សា
លោក ម៉ៅ ធនិន បានបញ្ចប់ការសិក្សាថ្នាក់ទុតិយភូមិ ឬហៅថាបាក់ឌុប (Bac II) នៅអំឡុងឆ្នាំ១៩៨៩ និងបន្តការសិក្សានៅរុស្ស៊ី។
កូនប្រសារ
លោក ម៉ៅ ធនិន និងលោកជំទាវ ហ៊ុន ចាន់ធី មានកូន ៣ នាក់គឺស្រី ២ និងប្រុសម្នាក់។ កូនស្រីច្បងរបស់លោកឈ្មោះ ម៉ៅ នរនាថ បានផ្គូផ្គងជាមួយនឹងលោក នាវ ស៊ីចាន់ ជាកូនប្រុសអតីតចៅហ្វាយខេត្តកំពង់ស្ពឺ លោក នាវ ស៊ីថុង និងអ្នកស្រី នាវ ចន្ទថាណា ដែលបច្ចុប្បន្នជាទេសាភិបាលរងធនាគារជាតិនៃកម្ពុជា។
នៅថ្ងៃភ្ជាប់ពាក្យដំបូង ក្រុមគ្រួសារខាងកូនកំលោះបានផ្តល់មាសសុទ្ធទម្ងន់ ៥ គីឡូក្រាមជាថ្លៃបណ្ណាការទុកជាចំណងដៃផងដែរ។


ប្រើយុន្តការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ
ចាប់តាំងពីឆ្នាំ២០១៤ ពេលលោកមកដឹកនាំជាអភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន តែងតែចំណាយពេលដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋរាប់ពាន់ករណី តាមរយៈវេទិកាចំហតតាំងទល់មុខគ្នាមិនថារឿងទំនាស់ក្នុងគ្រួសារ និងបណ្ដឹងតវ៉ាផ្សេងៗទៀតទូទាំងខេត្ត។
ទំនាស់ដែលលោកបានចូលខ្លួនសម្របសម្រួលដោះស្រាយមានទាំងរឿងក្នុងគ្រួសារដូចជាជម្លោះប្តីប្រពន្ធ ឪពុកម្តាយក្មេក ទំនាស់បែងចែកទ្រព្យសម្បត្តិ រឿងព្រំរបងដីរបស់ប្រជាពលរដ្ឋ រួមទាំងជម្លោះមានពាក់ព័ន្ធក្រុមហ៊ុនអភិវឌ្ឍ និងករណីផ្សេងៗមួយចំនួនទៀត។
រាល់ការដោះស្រាយលោកប្រើយន្តការសម្របសម្រូល ភាពឈ្លាសវៃ និងទេពកោសល្យ ពិសេសការយករឿងទាំងមូលមកដាក់ក្នុងបេះដូង ដោយឈរលើហេតុនិងផល រួមទាំងច្បាប់ផងដែរ។
លោកប្រើវិធីសាស្ត្រដោះស្រាយគឺទី១ កុំឈរនៅខាងណា ទី២ កុំឈរលើផលប្រយោជន៍ និងទី៣ ឋានានុក្រម ដោយប្រើយន្តការណ៍ច្បាប់ និងប្រើឋានានុក្រមគ្រួសារ។ ក្រៅពីបើកវេទិកាដែលពលរដ្ឋជាប់ពាក់ព័ន្ធក្តីអាចមកជួបតវ៉ាក្តីចំពោះមុខគ្នា អភិបាលខេត្តរូបនេះក៏ទៅដោះស្រាយបញ្ហាដល់មូលដ្ឋានរបស់ប្រជាពលរដ្ឋ។
សមិទ្ធផលលេចធ្លោ
កាន់តំណែងជាអភិបាលខេត្តពោធិសាត់រយៈពេល ៧ ឆ្នាំ លោកបានដោះស្រាយសំណុំរឿងក្តីក្រៅប្រព័ន្ធតុលាការមិនក្រោម ៣០០០ ករណីតាមរយៈវេទិកាជាមួយប្រជាពលរដ្ឋ និងការទៅដោះស្រាយតាមមូលដ្ឋានផ្ទាល់តែម្តង។ ពេលខ្លះមួយអាទិត្យលោកបើកវេទិកា ៣ ដង ក៏មានដែរតាមសំណុំរឿងច្រើនឬតិចដែលដាក់ស្នើពីប្រជាពលរដ្ឋ។

ជាមួយគ្នានេះ លោកតែងតែរៀបចំកម្មវិធីផ្តល់ស្បៀងអាហារចែកដល់បងប្អូនប្រជាពលរដ្ឋខ្វះខាតនៅក្នុងខេត្តពោធិ៍សាត់ជាទៀងទាត់។
ទាក់ទងសមិទ្ធផលអភិវឌ្ឍខេត្តវិញ ក្រៅពីយកចិត្តទុកដាក់ក្នុងការសាងសង់ទំនប់ប្រឡាយ ហេដ្ឋារចនាសម្ព័ន្ធរាប់មិនអស់ អគារសាលាខេត្តថ្មីក៏ជាស្នាដៃរំលេចឡើងក្នុងអណ្ណត្តិរបស់លោកផងដែរ។
តាំងពីលោកកាន់ជាអភិបាលខេត្តពោធិ៍សាត់ រហូតមកគ្រប់គ្រងខេត្តកំពត លោក ម៉ៅ ធនិន បានចេញបញ្ជាមិនឲ្យសម្លាប់សត្វនៅរៀងរាល់ថ្ងៃឧបោសថសីល។
យោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ទេរភារកិច្ចលោក ម៉ៅ ធនិន ពីអភិបាលខេត្តពោធិ៍សាត់ ទៅកាន់តំណែងជាអភិបាលខេត្តកំពតជំនួសលោក ជាវ តាយ ដែលត្រូវមកដឹកនាំជាអភិបាលខេត្តពោធិ៍សាត់វិញ៕

-
សន្តិសុខសង្គម៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៦ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច