Connect with us

ព័ត៌មានជាតិ

ផ្ទាំងចម្លាក់រូបព្រះលោកេស្វរៈ ប្រវែងជាង ៥ ម៉ែត្រ នឹងត្រូវយកទៅតម្កល់នៅប្រាសាទបន្ទាយឆ្មារ

បានផុស

នៅ

ផ្ទាំងចម្លាក់រូបព្រះលោកេស្វរៈប្រវែងជិត ៦ ម៉ែត្រ និងកម្ពស់ជិត ៣ ម៉ែត្រ នឹងត្រូវដង្ហែចេញពីសារមន្ទីរជាតិនៅរាជធានីភ្នំពេញ ទៅតម្កល់នៅប្រាសាទបន្ទាយឆ្មារ មាន​ទីតាំង​ស្ថិតនៅ ភូមិ​បន្ទាយឆ្មារ ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ នា​ព្រឹក​ថ្ងៃទី​ ៣០ ខែកក្កដា ឆ្នាំ​ ២០២២ ខាងមុខ នេះ​បើ​យោងតាម​កម្មវិធី​ដែល​ទទួលបាន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កម្មវិធី​ដង្ហែ​ផ្ទាំង​ចម្លាក់​រូប​ព្រះ​លោកេស្វរៈ​នេះ សហការ​រៀបចំ​ដោយ​នាយ​ឧ​ត្ត​ម​សេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខេត្តបន្ទាយមានជ័យ​, លោកជំទាវ​ឧកញ៉ា អគ្គ​មហា​ឧបាសិកា​ពុទ្ធ​សាសនូបត្ថម្ភ​ក៏ ម៉ៅ ម៉ា​ល័យ​, លោកជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ព្រមទាំង​សហការី​។​

​បើតាម​កម្មវិធី​ដែល​យើង​ទទួលបាន នៅ​ថ្ងៃ​សុក្រ ទី​ ២៩ ខែកក្កដា ឆ្នាំ​២០២២ ម៉ោង​ ៧ និង​៣ ០ នាទី​ដល់​ម៉ោង ​៨ ព្រឹក ពិធី​ក្រុង​ពាលី និង​បួងសួង​នៅ​បរិវេណ​ផ្ទាំង​ចម្លាក់​រូប​ព្រះ​លោកេស្វរៈ ក្នុង​សារមន្ទីរ​ជាតិ​។ ម៉ោង ២ និង ​៣០ នាទី​រសៀល និមន្ត​ព្រះសង្ឃ សមាទានសីល និង​ចំរើន​ព្រះ​បរិត្ត នៅ​រោងបុណ្យ​មុខ​សា​រម​នី្ទ​រ​ជាតិ​។ ម៉ោង ​៣ និង​ ៣០ នាទី​រសៀល សម្ដែង​ធម្មទេសនា​គ្រែ​ពីរ ដោយ​សម្តេចព្រះ​ឧ​ត្ត​ម​ចរិយា​បណ្ឌិត លីង ប៊ុន​ឈា អនុប្រធាន​ថេរ​សភា នៃ​ព្រះពុទ្ធសាសនា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​ព្រះពុទ្ធ​ជ័យ​មុនី ឃឹម សន ព្រះ​មេគណ​រាជធានី​ភ្នំពេញ​។ ម៉ោង​៥ រសៀល ពិសា​អាហារ​សាមគ្គី (​មន្ត្រី​សារមន្ទីរ​ជាតិ និង​ភ្ញៀវកិត្តិយស​)​។ នៅ​ថ្ងៃ​សៅរ៍​ទី​ ៣០ ខែកក្កដា ឆ្នាំ​ ២០២២ ម៉ោង​ ៣ ទៀបភ្លឺ ដង្ហែ​ផ្ទាំង​ចម្លាក់​រូប​ព្រះ​លោកេស្វរៈ​ឆ្ពោះទៅកាន់​ប្រាសាទបន្ទាយឆ្មារ ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។​

​ទាក់ទង​បញ្ហា​នេះ លោក ឡុង ប៉ុណ្ណា​ស៊ី​រី​វត្ថ អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​មាន​ប្រសា​ស​ន៏​ប្រាប់​កម្ពុជា​ថ្មី​នា​ព្រឹក​នេះ​ថា ផ្ទាំង​រូប​ដែល​ត្រូវ​ដង្ហែទៅកាន់​ប្រាសាទបន្ទាយឆ្មារ​នេះ គឺជា​ផ្ទាំង​រូប​ដែល​ទទួលបាន​ពី​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​ថៃ ពីព្រោះ​រូបនេះ​ត្រូវបាន​លួច​ចេញទៅ​ក្រៅប្រទេស ហើយ​តាម​កិច្ចសហប្រតិបត្តិការ​នៅ​ឆ្នាំ​ ២០០០ ថៃ​បានផ្ដល់​មក​ឲ្យ​កម្ពុជា​វិញ ដែលមាន​ចំនួន​ ៩៩ ដុំ ហើយ​ផ្គុំ​ឡើង​បានជា​រូប​ព្រះ​លោកេស្វរៈ​នេះ តម្កល់​ទុក​នៅ​សារមន្ទីរ​ជាតិ ផ្នែក​សាល​ពិព័រណ៍​។​

​ទាក់ទង​ទៅនឹង​វិស័យ​វប្បធម៌​នេះដែរ លោក ឡុង ប៉ុណ្ណា​ស៊ី​រី​វត្ថ បាន​បញ្ជាក់ថា ក្រៅពី​ថវិកា​របស់​ជាតិ ក្រសួង​តែងតែ​ស្វែងរក​កិច្ចសហការ​ពី​ដៃគូ​ជាតិ អន្តរជាតិ ដើម្បី​ជួសជុល ថែរក្សា​សម្បត្តិ​វប្បធម៌​ខ្មែរ ទាំង​ប្រាសាទ ទាំង​ព្រះវិហារ​ជាដើម ហើយ​ប្រាសាទបន្ទាយឆ្មា​នេះ ក៏បាន​ទទួល​ដៃគូ​ជាតិ គឺ​លោកជំទាវ​ឧកញ៉ា ម៉ៅ ម៉ា​ល័យ បាន​ជួយ​ធ្វើការ​ជួសជុល​ថែទាំ ហើយ​នៅពេល​ធ្វើការ​ជួសជុល​នោះ ក៏​បាត់​ផ្ទាំង​រូប​មួយចំណែក (​ដែលជា​ចំណែក​កំពុងតែ​រក្សាទុក​នៅ​សារមន្ទីរ​ជាតិ និង​ហែ​ទៅ​ថ្ងៃទី​ ៣០​ខាងមុខ​) ដូច្នេះ​លោកជំទាវ​បណ្ឌិតសភា​ចា​រ្យ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក៏​សម្រេច​ឱ្យ​យក​ផ្ទាំងសិលា ដែល​តម្កល់ទុក​នៅ​សារមន្ទីរ​ជាតិ​នេះ យកទៅដាក់​នៅ​កន្លែង​ដើម​វិញ​។​

​បើតាម​លោក ឡុង ប៉ុណ្ណា​ស៊ី​រី​វត្ថ នៅពេលដែល​ភាគី​ខាង​ថៃ​ប្រគល់​មក​ឲ្យ​កម្ពុជា​វិញ​នោះ កម្ពុជា​យើង​មិនបាន​យកទៅ​តម្កល់​នៅ​ប្រាសាទបន្ទាយឆ្មា​វិញ​នោះទេ ដោយសារតែ​បញ្ហា​សុវត្ថិភាព អសន្តិសុខ ដូច្នេះ​ការ​ដង្ហែ​ត្រឡប់​ទៅវិញ​នាពេលនេះ គឺជា​ការបង្ហាញ​ពី​សុខសន្តិភាព ស្ថិរភាព​សង្គម ដែល​យើង​ត្រូវ​នាំយក​ផ្ទាំង​រូបនេះ​ទៅ​តម្កល់​នៅ​កន្លែង​ដើម​វិញ​។​

​បើតាម​មន្ត្រី​អ្នកនាំពាក្យ​ក្រសួង​វប្បធម៌​រូបនោះ​បញ្ជាក់ដែរថា ការ​ដង្ហែផ្ទាំង​រូប​ព្រះ​លោកេស្វរៈ​នេះ ទៅ​ដាក់​កន្លែង​ដើម​វិញ គឺ​ហាក់ដូចជា​ភ្ជាប់​ព្រលឹង​ឡើងវិញ​។ មានន័យថា អ្វីដែល​បាត់បង់​យើង​ឲ្យ​វិល​ទៅ​កន្លែង​ដើម​វិញ គឺ​ដូចជា​បាត់​ព្រលឹង បាត់​ដងខ្លួន យើង​ភ្ជាប់​គ្នា​ឡើងវិញ ដែល​នេះ គឺជា​ទិដ្ឋភាព​សង្គម ហើយ​ជាការ​ខិតខំ​ប្រឹងប្រែងរ​បស់​រាជរដ្ឋាភិបាល​។​

​ចំណែក​លោក ឆាយ វិសុទ្ធ ប្រធាន​នាយកដ្ឋាន​សារមន្ទីរ​ជាតិ​បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី​ដែរ​ថា ទ​ផ្ទាំង​រូបនោះ គឺជា​ផ្ទាំង​ចម្លាក់​នោះ មិនមែនជា​រូប​ដាច់ពីគ្នា​ទេ ជា​រូបចម្លាក់​កា​ឡោ​ន​ទាប​របស់​ថែវ​នៅ​ប្រាសាទបន្ទាយឆ្មា ប៉ុន្តែ​រូបនេះ​បាន​បាត់​នៅពេលដែល​ប្រទេស​យើង មាន​បញ្ហា​អសន្តិសុខ​ក្រោយ​សង្គ្រាម ត្រូវបាន​លួច​នាំ​ចេញទៅ​ក្រៅប្រទេស ហើយ​នៅ​ឆ្នាំ​ ២០០០ ក្រោយពី​មានការ​ទាមទារ មានការ​ចរចា​ជាមួយ​ភាគី​ថៃ គេ​ក៏បាន​ប្រគល់​មក​ឲ្យ​កម្ពុជា​វិញ ហើយ​តាំងពី​ពេល​នោះមក យើង​បាន​យកមក​តម្កល់​នៅ​សារមន្ទីរ​ជាតិ​។​

​លោក ឆាយ វិសុទ្ធ ឲ្យ​ដឹង​ដែរ​ថា ដោយសា​នៅ​ប្រាសាទបន្ទាយឆ្មា មានការ​ជួសជុល ហើយ​នៅពេល​ដំឡើង​រូប​ឡើងវិញ ក៏​នៅសល់​ពីរ​ប្រឡោះ ដោយសារ​បាត់​ផ្ទាំង​រូបចម្លាក់ ទើប​ក្រុមការងារ​សុំ​ការសម្រេច​ពី​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​នាំយក​រូបនេះ ក៏​ទៅ​ដាក់​នៅ​កន្លែង​ដើម​វិញ ហើយ​នោះ​ក៏ដូចជា​ការភ្ជាប់​ដងខ្លួន ភ្ជាប់​ព្រលឹង​ឡើងវិញ​ផងដែរ​។ លោក​ថា ផ្ទាំង​ចម្លាក់​នេះ ផ្គុំ​ឡើង​ដោយ​សិលា​ចំនួន​៩៩​ដុំ មាន​ប្រវែង​ ៥,៥៣ ម៉ែត្រ កម្ពស់​ ២,៨៣ ម៉ែត្រ​៕

អត្ថបទ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម