ព័ត៌មានជាតិ
លោក កត្តា អ៊ន ៖ អាជ្ញាធរសួរនាំសង្គមស៊ីវិលមកពីណា? ធ្វើអ្វី? មិនអាចចាត់ទុកថា ជាការគំរាមកំហែង ឬរារាំងឡើយ
មន្ត្រីនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា ការដែលអាជ្ញាធរដែនដី សួរនាំក្រុមអង្គការសង្គមស៊ីវិល ធ្វើសកម្មភាពនៅមូលដ្ឋានថា មកពីណា? ធ្វើអ្វី?នោះ មិនអាចចាត់ទុកថា ជាការគំរាមកំហែង រារាំង ឬក៏រំលោភសិទ្ធិមនុស្សឡើយ។

ការលើកឡើងនេះ បន្ទាប់ពីមានក្រុមអង្គការសង្គមស៊ីវិលមួយចំនួន បានត្អូញត្អែរថា សកម្មភាពរបស់ពួកគេនៅមូលដ្ឋាន បានរងការរំខានពីសំណាក់អាជ្ញាធរ ដោយមានការសួរនាំជុំវិញការស្នើសុំច្បាប់អនុញ្ញាតជាដើម។ ជាក់ស្ដែងសមាគមអាដហុក បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា សមត្ថកិច្ចនៅតែបន្តការតាមដាន និងរឹតត្បិតសេរីភាពមូលដ្ឋាន តម្រូវឲ្យអង្គការសង្គមស៊ីវិលដាក់លិខិតជូនដំណឹងទៅអាជ្ញាធរមូលដ្ឋាន។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក កត្តា អ៊ន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី ២៧ ខែកក្កដានេះថា បញ្ហានេះកើតឡើងដោយសារតែការមិនយល់គ្នា រវាងអាជ្ញាធរដែនដី និងក្រុមអង្គការសង្គមស៊ីវិល នៅក្នុងការធ្វើសកម្មភាពនៅតាមមូលដ្ឋាន។ មិនយល់គ្នាត្រង់ថា អាជ្ញាធរដែនដី មានតួនាទីភារកិច្ច ធានាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈក្នុងដែនដីរបស់ខ្លួន ហើយអង្គការសង្គមស៊ីវិល ធ្វើសកម្មភាពរបស់ខ្លួនតាមលក្ខន្តិកៈ ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ។
លោក កត្តា អ៊ន បានលើកឡើងថា «ដូច្នេះនៅពេលដែលមានមនុស្សប្លែក ចូលកាន់តំបន់ទីតាំងដែលអាជ្ញាធរដែនដីគ្រប់គ្រង គាត់តែងសួរនាំថា មកពីណា? ធ្វើអ្វី? ការសួរនាំនេះ យើងមិនអាចចាត់ទុកថា ជាការគំរាមកំហែង រារាំង ឬក៏រំលោភសិទ្ធិមនុស្សទេ នេះគ្រាន់តែជាសមត្ថកិច្ចនៅក្នុងការអនុវត្តភារកិច្ចរបស់គាត់»។
អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានបើកទូលាយឲ្យអង្គការសង្គមស៊ីវិល ធ្វើសកម្មភាពរបស់ខ្លួនដោយសេរី មិនបាច់សុំច្បាប់អនុញ្ញាតនោះទេ។ ដូច្នេះ អង្គការសង្គមស៊ីវិល មិនចាំបាច់សុំច្បាប់អនុញ្ញាតជាមុនទេ នៅពេលដែលខ្លួនចុះធ្វើសកម្មភាពក្នុងមូលដ្ឋាន គ្រាន់តែបង្ហាញជំហររបស់ខ្លួននៅក្នុងការធ្វើសកម្មភាពនោះ តែប៉ុណ្ណោះ។
ប្រសិនបើមានករណីគំរាមកំហែងណាមួយ ទៅលើក្រុមអង្គការសង្គមស៊ីវិល គឺពួកគេអាចប្ដឹងទៅអាជ្ញាធរសាធារណៈពាក់ព័ន្ធដើម្បីដោះស្រាយជូន ជាពិសេសនៅក្នុងវេទិការបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ដែលរៀបចំឡើងដើម្បីពិគ្រោះយោបល់ ជាមួយអង្គការសង្គមស៊ីវិលប្រចាំឆ្នាំ ហើយពួកគេអាចលើកយកករណីទាំងនោះបាន។ នេះបើតាមលោក កត្តា អ៊ន ដដែល។
មន្ត្រីនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារូបនេះ ក៏បានបញ្ជាក់ដែរថា លំហលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសេរីភាពនៅកម្ពុជាមានការបើកទូលាយ តាមរយៈការកើនឡើងពីមួយថ្ងៃទៅមួយ នៃចំនួនអង្គការសង្គមស៊ីវិល ដែលមកដល់ពេលនេះមានជាង ៥ពាន់ ហើយអង្គការអន្តរជាតិមានជាង ៤រយ សហជីពមានជាង ៥ពាន់ និងអង្គភាពសារព័ត៌មានមានជាង ៥ពាន់ផងដែរ។
លោក កត្តា អ៊ន បានគូសបញ្ជាក់ទៀតថា «ដូច្នេះហើយ កំណើនហ្នឹងឯង ដោយសារអី ដោយសារកម្ពុជាមានលំហប្រជាធិបតេយ្យ កម្ពុជាគោរពសិទ្ធិមនុស្ស និងសេរីភាព ទើបពួកគាត់មានលទ្ធភាពនៅក្នុងការចុះបញ្ជី នៅក្នុងការដំណើរការសកម្មភាពរបស់ខ្លួន កម្ពុជាយើងបានគោរពគោលការណ៍ ស្មារតីរដ្ឋធម្មនុញ្ញ បានគោរពគោលការណ៍ ដែលមានចែងក្នុងកតិកាសញ្ញា អនុសញ្ញាអន្តរជាតិ ពាក់ព័ន្ធសិទ្ធិមនុស្ស ហើយកម្ពុជាបានបតិបត្តដ៏ត្រឹមត្រូវ ដ៏ទូលំទូលាយ និងគោរពសិទ្ធិសេរីភាពបងប្អូនទាំងនោះ ជាពិសេសប្រជាពលរដ្ឋយើង ក៏ដូចអង្គការសង្គមស៊ីវិលផងដែរ»៕
អត្ថបទ៖ ឃួន សុភ័ក្រ


-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?