ព័ត៌មានជាតិ
មកស្តាប់ការបកស្រាយរបស់ស្ថាប័នជំនាញ ជុំវិញការធានារ៉ាប់រងយានយន្តជាកាតព្វកិច្ច
ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានបង្ហើបពីការដាក់ឱ្យប្រើប្រាស់នូវធានារ៉ាប់រងយានយន្តឯកជនជាកាតព្វកិច្ច ដែលជាការទទួលខុសត្រូវរបស់ប្រតិបត្តិករធានារ៉ាប់រង និងម្ចាស់យានយន្តចំពោះសង្គមជាតិ តាមរយៈការធានារ៉ាប់រងដល់ជនរងគ្រោះ ដែលបង្កដោយគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវក្នុងប្រទេសកម្ពុជា។ នេះជាការលើកឡើងរបស់លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុ មិនមែនធនាគារនៅក្នុង«ទិវាធានារ៉ាប់រង» នៅថ្ងៃទី២៥ ខែកក្កដា។

គម្រោងនេះ អាចនឹងដំណើរការក្នុងឆ្នាំ២០២២ បន្ទាប់ពីទីផ្សារធានារ៉ាប់រងរបស់កម្ពុជា បាននិងកំពុងបន្តរីកចម្រើនយ៉ាងឆាប់ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។
ក្រោយមានការផ្សព្វផ្សាយព័ត៌មាននេះ អ្នកលេងបណ្តាញសង្គម Facebook បានបញ្ចេញមតិផ្សេងៗគ្នា ដោយមិនបានយល់ច្បាស់អំពីអត្ថន័យនៃការអនុវត្តនេះ។
អ្នកលេង Facebook ឈ្មោះ San seksokhom បានបញ្ចេញមតិថា « ហេតុអ្វីត្រូវកំណត់ ឲ្យប្រជាពលរដ្ឋ? ហេតុអ្វីប្រើពាក្យថាកាតព្វកិច្ច? ឬក៏ក្រុមហ៊ុនធានារ៉ាប់រង មានជាប់ពាក់ព័ន្ធអ្វីជាមួយរដ្ឋឬ? ឬរដ្ឋទំនេរខ្លាំងដល់ថ្នាក់ជួយធ្វើទីផ្សារឲ្យក្រុមហ៊ុនធានារ៉ាប់រង? ឬក៏រដ្ឋបានភាគលាភពីក្រុមហ៊ុនធានារ៉ាប់រង គួរសមមែនទេ បានជាប្រឹងយ៉ាងនេះ?»
អ្នកលេង Facebook ដដែលបានបន្តថា« ពន្ធផ្លូវបង់ជាប្រចាំ សាំងថ្លៃ ប្រាក់ខែមិនសូវបានច្រើន ចំណាយគ្រប់មុខ លុយកូនរៀន ថ្លៃទឹក ថ្លៃភ្លើង ថ្លៃកាតទូស័ព្ទ ថ្លៃអ៊ិនធើណេត ថ្លៃហូបចុកប្រចាំថ្ងៃ ថ្លៃចំណាយផ្សេងៗ (មិនរួមដល់អ្នកនៅផ្ទះជួលផង) សួរថា រស់យ៉ាងម៉េច?»
ក្រោយពីមានការបញ្ចេញមតិស្រដៀងៗគ្នាបែបនេះជាច្រើន និយ័តករធានារ៉ាប់រងកម្ពុជា បានចេញលិខិតតបតាមសំណួររបស់សារព័ត៌មានកម្ពុជាថ្មី នៅល្ងាចថ្ងៃទី ២៧ ខែ កក្កដា ឆ្លើយតបដូច្នេះថា ការធានារ៉ាប់រងយានយន្តជាកាតព្វកិច្ច គឺជាគោលនយោបាយគាំពារសុវត្ថិភាពហិរញ្ញវត្ថុក្នុងសង្គម សម្រាប់បុគ្គលម្នាក់ៗ ដែលពាក់ព័ន្ធនឹងការធ្វើចរាចរណ៍នៅលើដងផ្លូវសាធារណៈ និងត្រូវបានដាក់ឱ្យអនុវត្តស្ទើរគ្រប់ប្រទេសលើសកលលោក។
និយ័តករធានារ៉ាប់រងកម្ពុជា បានឱ្យដឹងទៀតថា អ្នកប្រើប្រាស់យានយន្តទាំងអស់ សុទ្ធតែមានភារៈទទួលខុសត្រូវរៀងខ្លួន ចំពោះអ្នកដំណើរនៅលើដងផ្លូវសាធារណៈ នៅពេលមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ពាក់ព័ន្ធនឹងការបញ្ជាយានយន្តរបស់ខ្លួន។ ធានារ៉ាប់រងយានយន្តនឹងផ្តល់ជូនម្ចាស់យានយន្តនូវការទទួលខុសត្រូវលើការទូទាត់សំណងជូនជនរងគ្រោះ។ ប៉ុន្តែករណីម្ចាស់យានយន្តមិនមានការធានារ៉ាប់រងនោះ រាល់ការចំណាយ ឬការខូចខាតនឹងត្រូវប្រើប្រាស់ប្រាក់សន្សំរបស់ខ្លួន ថែមទាំងឈានដល់ការខ្ចីលុយគេថែមទៀត ដែលធ្វើឱ្យបន្ទុកសេដ្ឋកិច្ចគ្រួសារកាន់តែធ្ងន់ធ្ងរ។
លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា បានលើកឡើងថា ទីផ្សារធានារ៉ាប់រងនៅកម្ពុជា ក្នុងពេលបច្ចុប្បន្ន មានក្រុមហ៊ុនធានារ៉ាប់រងសរុប៣៩ ក្នុងនោះ ក្រុមហ៊ុនធានារ៉ាប់រងទូទៅមានចំនួន១៨ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតចំនួន១៤ និងក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចចំនួន៧ ព្រមទាំងមានក្រុមហ៊ុនធានារ៉ាប់រងបន្តចំនួន១។

យោងតាមមាត្រា៣៣ ជំពូកទី៤ ស្តីពីប្រភេទធានារ៉ាប់រងជាកាតព្វកិច្ច ផ្នែកទី១ ការធានារ៉ាប់រងភារៈទទួលខុសត្រូវយានយន្ត បានចែងថា រូបវន្តបុគ្គល ឬនីតិបុគ្គលជាម្ចាស់យានយន្ត ដែលប្រកបអាជីវកម្មក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានការធានារ៉ាប់រងយានយន្តរបស់ខ្លួនពីក្រុមហ៊ុនធានារ៉ាប់រងណាមួយលើភារៈទទូលខុសត្រូវ ចំពោះរាល់ការខូចខាតបង្កឡើងដល់តតិយជន ដែលបណ្តាលមកពីសកម្មភាពនៃយានយន្តរបស់ខ្លួនរូមទាំង រ៉ឺម៉កសណ្តោងគ្រប់ប្រភេទ។
ការធានារ៉ាប់រងនេះ មិនត្រឹមតែមានប្រសិទ្ធភាពចំពោះម្ចាស់យានយន្តប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានប្រសិទ្ធភាពផងដែរ ចំពោះអ្នកបើកបរ និងអ្នកកាន់កាប់ថែនាំយានយន្ត។ ប្រភេទយានយន្តអាជីវកម្មទាំងឡាយ ដែលត្រូវមានធានារ៉ាប់រង ត្រូវកំណត់ដោយអនុក្រឹត្យ។ ប្រភេទយានយន្តផ្សេងទៀត ដែលតម្រូវឱ្យមានធានារ៉ាប់រងជាកាតព្វកិច្ច ក្រៅពីយានយន្តមានកំណត់នៅក្នុងមាត្រា ៣៣ នៃច្បាប់នេះ ត្រូវកំណត់ដោយអនុក្រឹត្យផងដែរ៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ