ព័ត៌មានជាតិ
លោក កើត រិទ្ធ ៖ សង្គមស៊ីវិលចេញសេចក្ដីថ្លែងការណ៍ ពាក់ព័ន្ធការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ គ្រាន់តែជាការបំពងសំឡេងបន្ថែមប៉ុណ្ណោះ
លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានលើកឡើងថា ចំពោះការចេញសេចក្ដីថ្លែងការណ៍ របស់ក្រុមអង្គការសង្គមស៊ីវិល ពាក់ព័ន្ធនឹងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី ១០នេះ គឺគ្រាន់តែជាការបំពងសំឡេងបន្ថែម នូវអ្វីដែលជាសម្ដីរបស់អ្នកវិភាគ ឬគណបក្សនយោបាយមួយចំនួនតែប៉ុណ្ណោះ ដោយមិនមានការសិក្សាស្វែងយល់ឲ្យបានត្រឹមត្រូវនូវខ្លឹមសារ និងគោលបំណងពិតប្រាកដ នៃការធ្វើវិសោធនកម្មនេះឡើយ។
![](https://www.kampucheathmey.com/wp-content/uploads/2022/07/01-76-1024x682.jpg)
នៅក្នុងកិច្ចប្រជុំពេញអង្គរដ្ឋសភា នៅព្រឹកថ្ងៃទី ២៨ ខែកក្កដានេះ លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ កើត រិទ្ធ បានថ្លែងថា អ្វីដែលជាការលើកឡើងរបស់ក្រុមអង្គការសង្គមស៊ីវិល អ្នកវិភាគមួយចំនួនតូច ក៏ដូចជាលើកឡើងនៅក្នុងញ្ញាត្តិរបស់គណ បក្សនយោបាយចំនួន ៤ គឺជាការលើកឡើងដោយគ្មានមូលដ្ឋានច្បាស់លាស់ មិនត្រឹមត្រូវតាមខ្លឹមសារពិតប្រាកដ នៃសំណើសុំវិសោធនកម្មរដ្ឋធម្មនុញ្ញនាពេលនេះ ហើយជាការលើកឡើងមានចរិតជាការបំភ្លៃការពិត ខុសពីខ្លឹមសារពិតប្រាកដទាំងស្រុង នៃសំណើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី ១០នេះ។
ចំពោះកង្វល់ដែលបានលើកឡើងថា ការធ្វើវិសោធនកម្មលើកទី ១០នេះ ធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យ សេរី ពុហបក្ស ឬប្រព័ន្ធរបបសភានិយម ឬរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនោះ លោក កើត រិទ្ធ បានបញ្ជាក់ថា ចំពោះការលើកឡើងជាកង្វល់នេះ ជាការលើកឡើងដោយគ្មានមូលដ្ឋានច្បាស់លាស់ មិនត្រឹមត្រូវតាមខ្លឹមសារពិតប្រាកដនៃវិសោធនកម្ម និងមានចរិតបំភ្លៃការពិតទាំងស្រុង។
លោកថា «ហើយការផ្សព្វផ្សាយព័ត៌មានទាំងនេះ គឺបានស្រង់សម្ដីពីអ្នកវិភាគខ្លះ ឬអ្នកនយោបាយខ្លះ ដែលមានការយល់ដឹងមិនបានស៊ីជម្រៅ និងមិនច្បាស់លាស់អំពីបញ្ហានេះ ហើយបានបកស្រាយបំភ្លៃទៅតាមគោលជំហរនយោបាយរបស់ខ្លួន ខុសពីខ្លឹមសារពិតប្រាកដ និងគោលបំណងពិតប្រាកដនៃការធ្វើវិសោធនកម្ម នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណា ចក្រកម្ពុជាលើកទី ១០នេះ»។
ដោយឡែកក្រុមអង្គការសង្គមស៊ីវិល ដែលបានចេញសេចក្ដីថ្លែងការណ៍រួមគ្នា កាលពីថ្ងៃទី ២៧ ខែកក្កដា ដោយបានលើកឡើងកង្វល់ស្រដៀងគ្នានេះ ត្រូវបានលោក កើត រិទ្ធ ពិនិត្យឃើញថា ក្រុមអង្គការសង្គមស៊ីវិលទាំងនោះ បានធ្វើសេចក្ដីថ្លែងការណ៍នេះ និងបានលើកឡើងអំពីកង្វល់នានា ដោយមិនមានការសិក្សាស្វែងយល់ឲ្យបានត្រឹមត្រូវនូវខ្លឹមសារ និងគោលបំណងពិតប្រាកដ នៃការធ្វើវិសោធនកម្មលើកទី ១០នេះ បើទោះបីជាខ្លឹមសារនៃវិសោធនកម្មនេះ ត្រូវផ្សព្វផ្សាយយ៉ាងទូលំទូលាយ ហើយតំណាងរាជរដ្ឋាភិបាល ក៏បានធ្វើសន្និសីទសារព័ត៌មាន ពន្យល់បន្ថែមអំពីខ្លឹមសារ និងគោលបំណងនៃវិសោធនកម្មនេះរួចហើយក៏ដោយ។
លោក កើត រិទ្ធ បានលើកឡើងទៀតថា ការចេញសេចក្ដីថ្លែងការណ៍ របស់ក្រុមអង្គការសង្គមស៊ីវិល គ្រាន់តែជាការបំពងសំឡេងបន្ថែម នូវអ្វីដែលជាសម្ដីរបស់អ្នកវិភាគ ឬគណបក្សនយោបាយមួយចំនួនតែប៉ុណ្ណោះ។
លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបន្ថែមទៀតថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី ១០ នាពេលនេះ គឺមិនត្រឹមតែមិនប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ តាមបែបរបបសភានិយមប៉ុណ្ណោះទេ តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស ដែលមានប្រជាពលរដ្ឋជាម្ចាស់អំណាច ហើយធ្វើឲ្យប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស មានកិច្ចដំណើរការទៅដោយរលូន និងមិនមានការរាំងស្ទះ ជាពិសេសការបំពេញបាននូវចន្លោះខ្វះខាត នៃរដ្ឋធម្មនុញ្ញ និងការធានាឲ្យស្ថាប័នរដ្ឋ ពិសេសអំណាចនីតិប្រតិបត្តិ មានកិច្ចដំណើរការទៅដោយរលូន មិនជាប់គាំង ប្រកបដោយនិរន្តភាព នៅគ្រប់កាលៈទេសៈ៕
អត្ថបទ៖ ឃួន សុភ័ក្រ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?