Connect with us

ព័ត៌មានជាតិ

​លោក កើត រិទ្ធ ៖ ការប្រកាសជំហរ​របស់គណបក្ស ​៤ ពាក់ព័ន្ធនឹងវិសោធនកម្មរដ្ឋធម្មនុញ្ញ គឺដើម្បីផលប្រយោជន៍របស់ខ្លួនប៉ុណ្ណោះ

បានផុស

នៅ

មានប្រសាសន៍ នៅក្នុងសម័យប្រជុំរដ្ឋសភាលើកទី ៧ នីតិកាលទី ៦​ កាលពីព្រឹកថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២២នេះ លោក កើត រិទ្ធ​ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌​ បាន​​អះអាងថា ​ការប្រកាសជំហរ​មិនគាំទ្រការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី ១០ របស់គណបក្សនយោបាយ​ចំនួន ៤ ដែលបាន​ដាក់ញត្តិជូន​រដ្ឋសភាកន្លងមក​ វាគឺជារឿងធម្មតា។ ប៉ុន្តែជំហររបស់គណបក្សនយោ​បាយ​ទាំង ៤នោះ​ ពុំមែនផ្អែកលើហេតុផល ដើម្បីការពាររបបសភានិយម ឬរបបប្រជាធិបតេយ្យសេរីពហុបក្សអ្វីនោះទេ តែដើម្បីចង់ការពារនូវផលប្រយោជន៍ខាងនយោបាយរបស់ខ្លួន ​តែប៉ុណ្ណោះ។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កើត រិទ្ធ ​លើកឡើងថា ការធ្វើវិសោធនកម្មលើកទី ១០ នៃរដ្ឋធម្មនុញ្ញនាពេលនេះ មិនខុសពីការធ្វើវិសោធនកម្មចំនួន ៩លើកកន្លងមកនោះទេ ​គឺសុទ្ធតែធ្វើឡើងក្នុងបំណងបំពេញចន្លោះខ្វះខាត របស់រដ្ឋធម្មនុញ្ញ និងដើម្បីធានាការពារឧត្តមប្រយោជន៍របស់ជាតិ ជាពិសេសការធ្វើឲ្យស្ថាប័នសំខាន់ៗ របស់​រដ្ឋមានកិច្ចដំណើរការទៅប្រកបដោយភាពរលូន មិនជាប់គាំង ធានាបាននូវនិរន្តរភាព នៅគ្រប់កាលៈទេសៈ ដើម្បីបំពេញបេសកម្មជូនជាតិ និងមាតុភូមិ តាមការកំណត់របស់រដ្ឋធម្មនុញ្ញ និងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

មិន​តែ​ប៉ុណ្ណោះ រាល់​ការ​ធ្វើវិសោធនកម្មម្ដងៗ តែងបានអនុវត្តយ៉ាងត្រឹមត្រូវទៅតាមនីតិវិធី ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ជាពិសេសការធានាបាននូវការគោរពនូវគោលការណ៍គ្រឹះ នៅក្នុងរដ្ឋធម្មនុញ្ញ គឺរបបប្រជាធិបតេយ្យសេរីពហុបក្ស និងរបបរាជានិយមអាស្រ័យ​រដ្ឋធម្មនុញ្ញ។​

បើតាមលោក កើត រិទ្ធ ញត្តិ​ដែលបានដាក់ជូនរដ្ឋសភា ធ្វើឡើងដោយគណបក្ស ៤តែប៉ុណ្ណោះ ក្នុងចំណោមគណបក្សនយោបាយ ដែលបានចុះបញ្ជីជាផ្លូវការប្រមាណជិត ៥០ នៅក្រសួងមហាផ្ទៃ​ ហើយការប្រកាសមិនគាំទ្ររបស់គណបក្សនយោបាយទាំង ៤នេះ គឺជារឿងធម្មតា និងជាទម្លាប់​របស់​គណបក្ស ​ដែលមានជំហរនយោបាយ​មិនស្របជាមួយរាជរដ្ឋាភិបាល។ ប៉ុន្តែអ្វីដែលជាការកត់សម្គាល់​ នៅក្នុងដំណើរការវិសោធនកម្មលើកទី ១០នេះ គឺនៅត្រង់ថា ការធ្វើវិសោធនកម្មនេះ មានគោលបំណងដ៏សំខាន់ ដើម្បីធានាឲ្យស្ថាប័នជាតិ ជាពិសេសរាជរដ្ឋាភិបាលមានដំណើរការប្រព្រឹត្តទៅដោយរលូន មិនមានការជាប់គាំង និងធានាបាននូវនិរន្តរភាពគ្រប់កាលៈទេសៈ។

លោករដ្ឋមន្រ្តីលើកឡើងទៀតថា ការធានាបាននូវការមិនជាប់គាំង និងនិរន្តរភាពគ្រប់កាលៈទេសៈ ក្នុងការបង្កើតរាជរដ្ឋាភិបាល និងការធានាឲ្យរាជរដ្ឋាភិបាលអាចដំណើរការប្រព្រឹត្តទៅដោយរលូន និងប្រកបដោយនិរន្តភាពនេះ គឺជាតម្រូវការរបស់ប្រទេសជាតិ និង​ជា​បំណងប្រាថ្នារបស់ប្រជាជនកម្ពុជា ហើយចំណុចសំខាន់ទាំងនេះ ត្រូវតែមានកំណត់ និងត្រូវតែធានានៅក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ។ ម្យ៉ាងទៀត បទពិសោធន៍​ដែលកម្ពុជាធ្លាប់បានជួបប្រទះ នាពេលកន្លងមក​បានបង្ហាញថា នៅ​ពេល​​ដែល​​មាន​ការ​ជាប់គាំងខាងនយោ​បាយ ឬស្ថេរភាពនយោបាយ ប្រទេសជាតិ និងប្រជាជនកម្ពុជា គឺជាអ្នកខាតបង់ និងរងផលប៉ះពាល់។

​លោក កើត រិទ្ធ អះអាងថា ប្រជាជនកម្ពុជា​​ ពុំចង់ឃើញស្ថានភាពបែបនេះកើតឡើងជាថ្មីច្រំដែលៗ​នោះដែរ។ ប៉ុន្តែផ្ទុយទៅវិញ ភាព​ជាប់ទាំងខាងនយោបាយ គឺជាអ្វីដែលគណបក្ស​មួយ​ចំនួន ដែលមានជំហរមិនស្របជាមួយរដ្ឋាភិបាល​ចង់បានបំផុត ព្រោះនោះគឺជាឧត្តមប្រយោជន៍របស់គណបក្សខ្លួន ហើយគេតែងរិះរកគ្រប់វិធី និងគ្រប់បែបយ៉ាង ដែល​មាន ចែងនៅក្នុងរដ្ឋធម្មនុញ្ញ និងឆ្លៀតឱកាស នៃភាពចន្លោះប្រហោងនៅក្នុងរដ្ឋធម្មនុញ្ញ ដើម្បីបង្កជាឧបសគ្គធ្វើឲ្យស្ថាប័នជាតិជាប់គាំង និងបង្កការរំខាននានាដល់ស្ថាប័នជាតិ សំដៅតថ្លៃខាងនយោបាយសម្រាប់ផលប្រយោជន៍ របស់គណបក្សខ្លួនតែប៉ុណ្ណោះ។

​លោករដ្ឋមន្រ្តីបញ្ជាក់ចុងក្រោយថា «ការប្រកាសរបស់គណបក្សទាំង ៤ ដែលថា មិនគាំទ្រការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី ១០​នេះ វាគឺជារឿងធម្មតា។ ប៉ុន្តែពុំមែនផ្អែកលើហេតុផល ដើម្បីការពាររបបសភានិយម ឬរបបប្រជាធិបតេយ្យសេរីពហុបក្សអ្វីនោះទេ។ ប៉ុន្តែគឺគ្រាន់តែដើម្បីចង់ការពារនូវផលប្រយោជន៍​ខាងនយោបាយរបស់ខ្លួនជាយថាហេតុ នាពេលខាងមុខតែប៉ុណ្ណោះ»។

គួររំលឹកថា ថ្មីៗនេះ​គណបក្សនយោបាយ​ចំនួន ៤ ដែលរួមមាន​៖ គណបក្សប្រជាធិបតេយ្យ​មូល​ដ្ឋាន, គណបក្សភ្លើងទៀន, គណបក្សឆន្ទៈខ្មែរ, និងគណបក្សកែទម្រង់កម្ពុជា​ បាន​ដាក់ញត្តិ​រួមគ្នាមួយ​ទៅ​រដ្ឋសភា ដោយបញ្ជាក់ថា ពួកគេមិនគាំទ្រការធ្វើវិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើក​ទី ១០​នេះ នោះទេ ដោយលើកពីហេតុផលមួយចំនួន៕ 

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

លោក សុខ សង្វារ ជំរុញអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈពន្លឿនការរៀបចំកម្រងសេវា និងនីតិវិធីប្រឡងជ្រើសរើសមន្ត្រី

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

ព័ត៌មានជាតិ២៤ នាទីutes មុន

កម្ពុជានឹងមានភ្លៀងកក់ខែ គ្របដណ្តប់លើផ្ទៃដី១០-១៥% ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២០

ព័ត៌មានជាតិ២៨ នាទីutes មុន

កសិករនៅស្រុកកំរៀង ប្រមូលផលត្របែកម្ដង ១០០ គីឡូក្រាម ពី​ចម្ការ​ត្របែកជាង ៥០០ ដើម

ព័ត៌មានជាតិ៣៣ នាទីutes មុន

តំណាងរាស្ត្រខេត្តត្បូងឃ្មុំ ចុះពិនិត្យការបង្កបង្កើនផលរបស់សហគមន៍កសិកម្មបៃតងគោកស្រុក

Sokha Hotels

ព័ត៌មានពេញនិយម