Connect with us

ព័ត៌មានជាតិ

ភោជ​នីយ​ដ្ឋាន​ ៣២​ នៅ​ខេត្តមណ្ឌល​គិ​រី ​ប្តេជ្ញា​មិន​លក់​សាច់​សត្វព្រៃ​ ដើម្បី​គាំទ្រ​យុទ្ធនាការ​«អន្ទាក់​សូន្យ»

បានផុស

នៅ

​នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២នេះ ក្រុមម្ចាស់ជនីយដ្ឋានចំនួន ៣២កន្លែង ស្ថិតក្នុងខេត្តមណ្ឌលគិរី បានប្តេជ្ញាមិនលក់ម្ហូបជាសាច់សត្វព្រៃក្នុងហាងរបស់ខ្លួនឡើយ ដើម្បីចូលរួមថែរក្សាសត្វព្រៃក្នុងខេត្តមណ្ឌលគិរី កុំឲ្យបាត់បង់ក្រោមយុទ្ធនាការ«អន្ទាក់សូន្យ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យុទ្ធនាការ«អន្ទាក់សូន្យ» ធ្វើឡើងក្នុងគោលបំណងគ្មានការដាក់អន្ទាក់ និងបរិភោគសត្វព្រៃនៅក្នុងខេត្តមណ្ឌលគិរី ដោយផ្តើមចេញពីអ្នកលក់ម្ហូបអាហារក្នុងភោជនីយដ្ឋាននានាក្នុងខេត្តនេះ។ ក្នុងនោះ ក៏មានភោជនីយដ្ឋានចំនួន​៣២កន្លែង បានប្តេជ្ញាយ៉ាងមុតមាំក្នុងការមិនជួញដូរ និងបរិភោគសត្វព្រៃគ្រប់ប្រភេទ។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិខាក្រសួងបរិស្ថាន បានអំពាវនាវឱ្យប្រជាជន ក៏ដូចជា អ្នកលក់ម្ហូបអាហារ និងអ្នករស់នៅក្នុងសហគមន៍ បញ្ឈប់ការបរិភោគ និងជួញដូរសត្វព្រៃគ្រប់ប្រភេទ ព្រមទាំង ជួយរាយការណ៍ក្នុងករណីដែលឃើញពីការជួញដូរគ្រប់ទម្រង់ដល់អាជ្ញាធរពាក់ព័ន្ធ។ លោកបានមានប្រសាសន៍ថា៖ «ចំពោះអ្នកដែលរស់នៅក្នុងសហគមន៍ បើមានភ្ញៀវទេសចរណ៍ ឬអ្នកមកពីភ្នំពេញសួររកសាច់សត្វព្រៃ យើងត្រូវតែប្រកាសតែម្តង ថាគ្មានឡើយ»។ លោកបន្ថែមថា សម្បិត្តធម្មជាតិមានហើយ សត្វព្រៃមានហើយ ប្រសិនបើមិនជួយអភិរក្ស ធ្វើឱ្យសត្វកម្រផុតពូជ រដ្ឋត្រូវចំណាយលុយរាប់ម៉ឺនដុល្លារក្នុងការយកពូជសត្វព្រៃនៃប្រទេសដទៃមកបន្សាំនៅកម្ពុជា។

សម្រាប់ម្ចាស់ភោជនីយដ្ឋានដែលគាំទ្រយុទ្ធនាការ«អន្ទាក់សូន្យ»នេះ ក្រសួងបរិស្ថាន បានផ្តល់ប័ណ្ណសរសើរដល់ពួកគេ ចំពោះការចូលរួមមិនជួញដូរ និងលក់សាច់សត្វព្រៃ។ យុទ្ធនាការ«អន្ទាក់សូន្យ»ក្នុងតំបន់ការពារធម្មជាតិនេះ នឹងធ្វើឡើងមួយខែពេញក្នុងខេត្តមណ្ឌលគិរី បន្ទាប់ពីយុទ្ធនាការនេះ បានធ្វើចំនួន៣ខេត្តរួចមកហើយ គឺខេត្តស្ទឹងត្រែង ក្រចេះ និងព្រះវិហារ ដោយមណ្ឌលគិរី ជាខេត្តទី៤ ក្នុងការធ្វើយុទ្ធនាការនេះ ក្រោមការផ្តួចផ្តើមឡើងដោយក្រសួងបរិស្ថាន៕

ដោយ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម