Connect with us

ព័ត៌មានជាតិ

គណៈប្រតិភូមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម អបអរសាទរចំពោះជោ​គជ័យរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតឃុំ-សង្កាត់

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២២នេះ បានអនុញ្ញាតឲ្យគណៈ​ប្រតិភូមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម ដឹកនាំដោយលោក ដុ វ៉ាន់ចៀន លេខាមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម និងជាប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស្រ៊ី ថាមរ៉ុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី​ មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថា នៅក្នុងជំនួបនេះសម្ដេចតេជោនាយករដ្ឋមន្ត្រី បានអបអរសាទរ និងស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូមជ្ឈឹមរណសិរ្សមាតុភូមិវៀត​ណាម ដែលជាឱកាសល្អមួយក្នុងការប្រារព្ធខួបទី ៥៥ឆ្នាំ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម។

ការផ្លាស់ប្ដូរទស្សនកិច្ចទៅវិញទៅមក រវាងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ បានបង្ហាញពីទំនាក់ទំនងល្អប្រសើរ និងកិច្ចសហប្រតិបត្តិការស្អិតរមួតរវាងប្រទេសទាំងពីរ ដែលជាប្រទេសជិតខាងនឹងគ្នា។ ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន សង្ឃឹម​ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម នឹងជួយពង្រឹងថែមទៀតនូវទំនាក់ទំនងល្អប្រសើររវាងប្រទេសទាំងពីរ។

ជាការឆ្លើយតប លោក ដុ វ៉ាន់ចៀន បានបង្ហាញក្ដីរីករាយ ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ដែលជាឱកាសល្អនៅក្នុងការរឹតបន្តឹង ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ក្នុងឱកាសនេះ លោក ដុ វ៉ាន់ចៀន ក៏បាននាំយកការសួរសុខទុក្ខពីថ្នាក់ដឹកនាំរៀតណាម ជូនចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ផងដែរ។

ជាមួយគ្នានេះដែរ គណៈប្រតិភូលេខាមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម ក៏បានអបអរសាទរចំពោះជោ​គជ័យដ៏ត្រចេះត្រចង់ របស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ ២០២២នេះ ហើយជូនពរឲ្យគណបក្សប្រជាជនកម្ពុជា ទទួលបានជោគជ័យថែមទៀត សម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ដនាឆ្នាំ ២០២៣ខាងមុខ។

ក្នុងឱកាសនោះដែរ គណៈប្រតិភូមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម ក៏បានវាយតម្លៃខ្ពស់ចំពោះការដាក់ចេញវិធានការ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យ ហើយអត្រាអ្នកចាក់វ៉ាក់សាំងបង្ការជំងឺនេះ ក៏មានការឈានមុខនៅក្នុងតំបន់ និងពិភពលោកផងដែរ។ ជោគជ័យនេះហើយ បានធ្វើឲ្យកម្ពុជាបើកប្រទេសឡើងវិញលើគ្រប់វិស័យ ហើយក៏ចាប់ផ្ដើមស្ដារសេដ្ឋកិច្ចឡើងវិញ ផងដែរ។

នៅក្នុងជំនួបដដែលនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណចំ​ពោះការនាំយកការសួរសុខទុក្ខពីថ្នាក់ដឹកនាំរៀតណាម ចំពោះសម្ដេច និងគណបក្សប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនកម្ពុជា ហើយក៏អរគុណចំពោះការអបអរសាទរដល់គណបក្សប្រជាជនកម្ពុជា សម្រាប់ជោគជ័យនៃការបោះឆ្នោតឃុំ-សង្កាត់នាពេលថ្មីៗនេះ ក៏ដូចជាការជូនពរឲ្យទទួលបានជោគជ័យ សម្រា​ប់ការបោះឆ្នោតនាឆ្នាំ ២០២៣ខាងមុខ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសម្ដែងនូវមោទនភាព នៃការរីកចម្រើនទំនាក់ទំនងល្អប្រសើររវាងប្រទេសទាំងពីរ និងគណបក្សទាំងពីរ ហើយសម្ដែងការពេញចិត្តចំពោះស្ថេរភាព នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ពិសេសការសម្រេចបាននូវការបោះបង្គោលព្រំដែនចំនួន ៨៤ភាគរយ។ ក្នុងជំនួបនេះដែរ ភាគីទាំងពីរក៏បានឯកភាពគ្នាជំរុញការបោះបង្គោលព្រំដែន ដែលនៅសេសសល់ចំនួន ១៦ភាគរយទៀត ឲ្យបានឆាប់រហ័ស។

ជាមួយគ្នានេះសម្ដេចតេជោ ហ៊ុន សែន ក៏បានអបអរសាទរប្រទេសវៀតណាមផងដែរ ដែលបានគ្រប់គ្រងបានល្អ នូវការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលមកដល់ពេលនេះករណីឆ្លងនៅវៀតណាម មានការថយចុះគួរឲ្យកត់សម្គាល់។ គណៈប្រតិភូមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម បានជូនពរសម្ដេចតេជោនាយករដ្ឋមន្ត្រី ឲ្យទទួលបានជោគជ័យសម្រាប់ការធ្វើជាប្រធានអាស៊ានឆ្នាំ ២០២២ និងជូនពរឲ្យកម្ពុជាជោគជ័យ សម្រាប់ការរៀបចំស៊ីហ្គេមនាឆ្នាំ ២០២៣ខាងមុខផងដែរ៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម២ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

Sokha Hotels

ព័ត៌មានពេញនិយម