Connect with us

ព័ត៌មានជាតិ

លោក Antony J. Blinken នឹងមកកម្ពុជារយៈពេល ៣ ថ្ងៃ ដើម្បីចូលរួមប្រជុំនៅរាជធានីភ្នំពេញ

បានផុស

នៅ

​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក លោក Antony J. Blinken នឹងធ្វើ​ដំណើរ​មកដល់​ទីក្រុង​ភ្នំពេញ នា​ថ្ងៃទី​ ០៣ ខែសីហា ឆ្នាំ​ ២០២២ ខាងមុខ ដើម្បី​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក​-​អាស៊ាន ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ហើយ​ដំណើ​មក​ចូលរួម​ប្រជុំ​នេះ ធ្វើឡើង​រយៈពេល​៣ ថ្ងៃ​ដោយ​ចាប់ពី​ថ្ងៃទី​ ០៣ ដល់​ថ្ងៃទី ​០៥ ខែសីហា ឆ្នាំ ​២០២២ នេះ​បើ​យោងតាម​ការ​ឲ្យ​ដឹង​ពី​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ស្ថានទូត​បានបញ្ជាក់​ថា កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក និង​អាស៊ាន ជា​ផ្នែក​មួយ នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា និង​វេទិកា​តំបន់​អាស៊ាន ដែល​លោក Antony J. Blinken នឹងធ្វើ​ការបញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​របស់​សហ​រដ្ឋ​អាមេរិក​ចំពោះ​ម​ជ្ឈ​ភាព​អាស៊ាន និង​ការអនុវត្ត​ប្រកបដោយ​ជោគជ័យ នៃ​ទស្សនវិស័យ​អាស៊ាន ស្តីពី​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​។​

​នៅពេល​ស្នាក់នៅ​ប្រទេស​កម្ពុជា លោក Antony J. Blinken ក៏​នឹង​ជួប​ទ្វេភាគី​ផងដែរ ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន និង​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់​សុខុន ដើម្បី​ពិភាក្សា​ពី​ការគាំទ្រ​របស់​សហរដ្ឋ​អាមេរិក ចំពោះ​អាស៊ាន និង​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​ពង្រឹង​នូវ​ទំនាក់ ទំនង​ទ្វេភាគី​ជាមួយ​កម្ពុជា ។​

​កម្ពុជា​ក្នុងនាម​ប្រធាន​អាស៊ាន នឹង​រៀបចំ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន លើក​ទី ​៥៥ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ (55th AMM and Related Meetings) រួមមាន​ទាំង​សន្និសីទ​ក្រោយ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន (ASEAN Post Ministerial Conference) កិច្ចប្រជុំ​អាស៊ាន​បូក​ ៣ លើក​ទី​ ២៣ (23rd ASEAN Plus Three) កិច្ចប្រជុំ​កំពូល​អា​ស៊ី​បូព៌ា​លើក​ទី​ ១២ (12th East Asia Summit) និង​វេទិកា​តំបន់​អាស៊ាន លើក​ទី​ ២៩ (29th ASEAN Regional Forum) ចាប់ពី​ថ្ងៃទី​ ៣១ ខែកក្កដា រហូតដល់​ថ្ងៃទី​ ៦ ខែសីហា ឆ្នាំ ​២០២២ នៅ​រាជធានី​ភ្នំពេញ តាម​ទម្រង់​ដោយផ្ទាល់​។​

​បើតាម​ក្រសួងការបរទេស​បាន​ឲ្យ​ដឹងថា នៅក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នោះ នឹងមាន​ការចូលរួម​រហូតដល់​ទៅដល់​៣៨ ប្រទេស (៣៩ ទាំង​កម្ពុជា​) ក្នុងនោះ រដ្ឋមន្ត្រីការបរទេស នៃ​បណ្តា​ប្រទេស​ធំៗ ដូចជា​រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក (​លោក Antony Blinken), រដ្ឋមន្ត្រីការបរទេស​ចិន (​លោក Wang Yi), រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី (​លោក Sergei Lavrov), រដ្ឋមន្ត្រីការបរទេស​ជប៉ុន (​លោក Hayashi Yoshimasa), រដ្ឋមន្ត្រីការបរទេស​ឥណ្ឌា (​លោក S. Jaishankar) និង​រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី (​លោក Penny Wong) ក៏​នឹង​អញ្ជើញ​មក​ចូលរួម​ផងដែរ​។​

​បើតាម​លោក​ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន ក្នុង​កិច្ចប្រជុំ​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នេះ ក៏មាន​កិច្ចប្រជុំ​រវាង​អាស៊ាន និង​ចក្រភព​អង់គ្លេស ដែលជា​ដៃគូ​របស់​អាស៊ាន​លើក​ទី​ ១ បន្ទាប់ពី​អង់គ្លេស​បាន​ចាក​ចេញពី​សហភាព​អឺរ៉ុប​មក​។ ក្រៅពីនេះ អាស៊ាន​ក៏មាន​ប្រទេស​ចំនួន​ ៦ ដែល​នឹង​ចុះហត្ថលេខា​ក្លាយទៅជា​ភាគី នៃ​សន្ធិសញ្ញា​មិ​ត្ដ​ភាព និង​កិច្ចសហប្រតិបត្តិការ នៅក្នុង​តំបន់​អាស៊ាន​។ ចំពោះ​ប្រទេស​ទាំង ​៦ នោះ គឺមាន​ប្រទេស​៣ មកពី​មជ្ឈិម​បូព៌ា រួមមាន ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ប្រទេស​អូ​ម៉​ង់ និង​ប្រទេស​កាតា ហើយ​ប្រទេស​៣​ទៀត មកពី​អឺរ៉ុប រួមមាន ប្រទេស​ក្រិច ប្រទេស​ហូ​ឡង់ និង​ដា​ណឺ​ម៉ាក​។​

​លោក​ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន បាន​ឲ្យ​ដឹង​ដែរ​ថា ប្រទេស​អ៊ុយ​ក្រែ​ន​ក៏បាន​សំណូមពរ​ចង់​ចូលរួម​ជា​ភាគី​ជាមួយ​អាស៊ាន​ដែរ តែដោយសារ​ដាក់ ពាក្យ​យឺត ដូច្នេះ​វាយតម្លៃ​នៃ​ការចូលរួម​របស់​អ៊ុយ​ក្រែ​ន ធ្វើ​មិនទាន់​នោះទេ ប៉ុន្តែ​តាមរយៈ​ការពិភាក្សា​ជាមួយ​អគ្គលេខា ធិ​ការ​អាស៊ាន ប្រទេស​អ៊ុយ​ក្រែ​ន អាច​ចូលរួម​ជា​ភាគី​ជាមួយ​អាស៊ាន​បាន​នៅ​ឆ្នាំក្រោយ​។​

​ចំណែក​លោក លុយ ដា​វីត រដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ អន្តរជាតិ បាន​ឲ្យ​ដឹងថា សម្រាប់​កិច្ចប្រជុំ​ខាងលើនេះ តាម​កម្មវិធី នៅ​ថ្ងៃទី​ ៣០ និង​ ៣១ ខែកក្កដា មានការ​ប្រជុំ​ថ្នាក់​អគ្គនាយក ដើម្បី​ចរចា​ទៅលើ​ការរៀបចំ​អត្ថបទ​ទាំងអស់ សម្រាប់​កិច្ចប្រជុំ ហើយ​នៅ​ថ្ងៃទី​ ០១ ខែសីហា ចាប់ផ្តើម​កិច្ចប្រជុំ​ថ្នាក់​ឧ​ត្ត​ម​មន្ត្រី​អាស៊ាន​។ រីឯ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​កាបរទេស ចាប់ផ្តើម​នៅ​ថ្ងៃទី ​០២ ខែសីហា​។​

​សូមបញ្ជាក់ថា AMM ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​ ១៩៦៧ ដោយ​សេចក្ដីថ្លែងការណ៍ រាជធានី​បាងកក បន្ទាប់ពី​អាស៊ាន​ត្រូវបាន​បង្កើតឡើង​។ AMM ប្រជុំ​យ៉ាងហោចណាស់​ ៤​ ដង ក្នុង​មួយឆ្នាំ ហើយ​អាច​កោះប្រជុំ​ពិសេស​នៅពេល​ចាំបាច់ ដើម្បី​ពិភាក្សា​អំពី​បញ្ហា ដែល​ទាមទារ​ឲ្យ​មានការ​យកចិត្តទុកដាក់​បន្ទាន់​ពី​អាស៊ាន​។ AMM ពិនិត្យ និង​ពិភាក្សា ជា​ទៀងទាត់ អំពី​កិច្ចខិតខំ​ប្រឹងប្រែង​កសាង​សហគមន៍​អាស៊ាន និង​ទិសដៅ​ជា​យុទ្ធសាស្ត្រ​របស់ខ្លួន ក៏ដូចជា​ការប្រព្រឹត្តទៅ​នៃ​ទំនាក់ទំនង​ខាងក្រៅ របស់​អាស៊ាន​៕

អត្ថបទ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ១១ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ១២ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ១៣ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ១៣ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម