Connect with us

ព័ត៌មានជាតិ

គម្រោងជួសជុលច្រាំងកសិន្ធុខាងជើង មុខប្រាសាទអង្គរវត្តសម្រេចបាន ៤០ភាគរយ

បានផុស

នៅ

គម្រោងជួសជុលច្រាំងកសិន្ធុខាងជើង មុខប្រាសាទអង្គរវត្ត ដំណាក់កាលទី៧ ប្រវែងចំនួន២០ម៉ែត្រ លើការងារជួស​ជុលពង្រឹងគ្រឹះ និងរៀបកាំជណ្តើរពីថ្មបាយក្រៀម ព្រមទាំងត្រៀមរៀបកាំជណ្តើរធ្វើពីថ្មភក់បុរាណ​តាមលំដើមឡើងវិញ​ផងនោះ សម្រេចបានប្រមាណ៤០ភាគរយហើយ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២២ខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី នង បូរ៉ាវី បុរាណវិទូ នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ ជាប្រធានការដ្ឋាន​ជួសជុលច្រាំងកសិន្ធុអង្គរវត្ត ជ្រុងខាងជើង បានឱ្យដឹងថា មកដល់ពេលនេះ ដំណើរការជួសជុល សម្រេចបាន​ប្រមាណ៤០ភាគរយហើយ លើការងារជួសជុលពង្រឹងគ្រឹះនៃបាតច្រាំងកសិន្ធុ រៀបកាំជណ្តើរពីថ្មបាយ​ក្រៀមថ្មីជំនួស​ថ្មបាយក្រៀមចាស់ពុកផុយខូចខាតទាំងអស់ឡើងវិញ បាន៧កាំ ព្រមទាំងបានរក្សាទម្រង់ដើមរបស់លូបុរាណ ដោយប្រើថ្មបាយក្រៀមថ្មី ជំនួសថ្មបាយក្រៀមចាស់ដែលពុកផុយនៅផ្នែកខាងមុខជាប់នឹងមាត់ច្រាំងកសិន្ធុ ហើយត្រៀមនឹងរៀបកាំជណ្តើរធ្វើពីថ្មភក់ចំនួន៤កាំជាបន្តទៀត។

អ្នកស្រី នង បូរ៉ាវី បញ្ជាក់ទៀតថា ជំហានដំបូង ក្រុមការងារបានធ្វើកំណាយស្រាវជ្រាវ ប្រទះឃើញលូបង្ហូរទឹកបុរាណ​ដែលមានទំនាក់​ទំនងពីកសិន្ធុទឹកប្រាសាទអង្គរវត្តទៅនឹងត្រពាំងសេសនៅមានស្ថានភាពល្អ។ ជាមួយគ្នានោះ ក្រុមការងារក៏បានបិទទំនប់ទឹកដើម្បីសម្រួលដល់ការងារជួសជុលគ្រឹះច្រាំងកសិន្ធុ ធ្វើសម្រង់ប្លង់ថ្ម ដែលជ្រុះធ្លាក់ចូល​ទៅក្នុងច្រាំង ព្រមទាំងរុះរើថ្មដោយប្រើកៅឡាក់អូសចេញពីច្រាំងខាងក្រោមឡើងទៅច្រាំងខាងលើ លាងសម្អាត ចុះបញ្ជើថ្ម និងជួសជុល មុននឹងយកមករៀបនៅទីតាំងដើមវិញផង។

បុរាណវិទូរូបនេះ ក៏បានលើកឡើងពីបញ្ហាប្រឈមសម្រាប់ការងារជួសជុលកសិន្ធុនេះថា ដោយសារការដ្ឋានជួសជុល​នៅជាប់នឹងមាត់ទឹក គឺត្រូវចំណាយពេលវេលាមួយចំនួនដើម្បីបិទទំនប់ទឹក ធ្វើយ៉ាងណាឱ្យជាប់ល្អ ព្រោះត្រូវការជួស​ជុលពង្រឹងគ្រឹះជាចាំបាច់។ បញ្ហាប្រឈមមួយទៀតគឺនៅអំឡុងពេលធ្វើការងារ ក៏មានជ្រាបទឹក ហើយត្រូវបូមទឹកចេញជាប្រចាំ។

ច្រាំងកសិន្ធុផ្នែកខាងជើងស្ពានហាលខាងលិចនៃប្រាសាទអង្គរវត្ត ក៏ជាទីតាំងដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិ និយមមកផ្តិតយករូបភាព ប្រាសាទអង្គរកំពូលប្រាំដ៏ស្រស់ស្អាត។ នៅពេលការជួសជុលរួចរាល់ជាស្ថាពរ នឹងលើកសោភ័ណ​ច្រាំងកសិន្ធុ ស្រស់ស្អាតទ្វេឡើង ហើយរក្សាបាននូវស្នាដៃដូនតាបាន​អង្វែងជាច្រើនជំនាន់​ទៅមុខទៀតផង។

គម្រោងជួសជុលច្រាំងកសិន្ធុខាងជើងនៃមុខប្រាសាទអង្គរវត្ត បានចាប់ផ្តើមតាំងពីខែមីនា ឆ្នាំ២០២២ ហើយគ្រោងនឹង​បញ្ចប់នៅចុងឆ្នាំ២០២២ ខាងមុខ។

សូមជម្រាបថា ចាប់តាំងពីឆ្នាំ២០១៣ រហូតមកដល់ឆ្នាំ២០២២ អាជ្ញាធរជាតិអប្សរាជួសជុលច្រាំងកសិន្ធុអង្គរវត្ត ជ្រុងខាងជើងសរុបបានប្រវែង១៤៣ម៉ែត្រ៕ ប្រភព៖ អាជ្ញាធរជាតិអប្សរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម