Connect with us

ព័ត៌មានជាតិ

កូនត្រីពូជ ១ ម៉ឺនក្បាល ត្រូវបាន មីជាតិ លែងចូលក្នុងបឹងធម្មជាតិ ១ កន្លែង នៅស្រុកគាស់ក្រឡ

បានផុស

នៅ

ដើម្បីអបអរសាទរទិវាមច្ឆជាតិ ឆ្នាំ ២០២២ ដើម្បីបំផុសចលនាដល់ប្រជាពលរដ្ឋ ឱ្យចូលរួមយ៉ាងសកម្មក្នុងការចូលរួមថែរក្សាពូជត្រីឱ្យមាននៅក្នុងទឹក បង្កើន​ផល​ត្រី​ក្នុង​ធម្មជាតិ​ផង កាលពី​ចុង​សប្តាហ៍ មី​ជាតិ បាន​សហការ​ជាមួយ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​រដ្ឋបាល​ស្រុក​គាស់ក្រឡ រៀបចំ​ពិធី​អបអរសាទរ​ទិវា​មច្ឆជាតិ ឆ្នាំ​ ២០២២ នៅ​បឹង​ជម្រក​ត្រី​សហគមន៍ សម្តេច​ក្រឡាហោម ភូមិ​បឹង​ព្រះ ឃុំ​ព្រះ​ផុស ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ថ្លែង​ក្នុង​ពិធី​នោះ លោក សោមនស្ស វិបុល ប្រធាន​ជាន់ខ្ពស់​ផ្នែក​ពាណិជ្ជកម្ម នៃ​ក្រុមហ៊ុន វ័ន ហ្វ្រេ​ត​ធើ​នី​ធី (​មី​ជាតិ​) បាន​គូសបញ្ជាក់ថា​៖ ព្រឹត្តិការណ៍ មី​ជាតិ ផ្តល់​មច្ឆជាតិ​រក្សា និរន្តរភាព​ធម្មជាតិ នាពេលនេះ​ គឺធ្វើឡើង​ក្នុង​អត្ថន័យ​នៃ​ការអបអរសាទរ​ទិវា​មច្ឆជាតិ​ និង​ជាមួយ​វត្ថុបំណង​ ដើម្បី​បំផុសស្មារតី​ចូលរួម​ក្នុងការ​អភិវឌ្ឍ​និង​អភិរក្ស​ថែ រក្សា​ពូជ​ត្រី ក៏ដូចជា​វា​រី​ជាតិ​ផ្សេងៗ​ទៀត ឲ្យ​បាន​គង់វង្ស​ធានា​និរន្តរភាព​ធនធាន​ជលផល និង​ដើម្បី​បំពេញបន្ថែម ឱ្យ​បឹង​ជម្រក​ត្រី​សហគមន៍​សម្បូរ​មច្ឆជាតិ​សម្រាប់​ជា​ប្រភព​មេ​ពូជ​នា​ថ្ងៃ​អនាគត​ និង​បំពេញ​សេចក្ដីត្រូវការ​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​។ ​ទន្ទឹមនឹង​នេះដែរ ​លោក​ក៏បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ ត្រូវ​រួមចំណែកគ្នា​ចូលរួម​ថែ រក្សា ការពារ​ធនធាន​មច្ឆជាតិ ដោយ​មិនត្រូវ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់​ដែល​ធ្វើ​ឲ្យ​បាត់បង់​ពូជ​ត្រី​ និង​លើកទឹកចិត្ត​ឱ្យមាន​ការបង្កើត​ជា​សហគមន៍​ស្រះ​ជម្រក​ត្រី ដើម្បី​ចូលរួម​ថែរក្សា អភិរក្ស​ពូជ​ត្រី សម្រាប់​ផ្គត់ផ្គង់​បំពេញតម្រូវការ បង្កើន​ប្រាក់ចំណូល​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ផងដែរ​។

​លោក ឈឹម វ​ជិ​រា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តបាត់ដំបង បាន​មានប្រសាសន៍ថា​ដើម្បី​ចូលរួម​រក្សា​ឱ្យបាន​នូវ​ធនធាន​មច្ឆាជាតិ​កាន់តែ​សម្បូរបែប​ថែមទៀត ក៏​សូម​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន​ទាំងអស់ ចូលរួម​សហការគ្នា​ខិតខំ​ស្តារ​ទំនប់​បឹង បន្ថែមទៀត​ឲ្យ​បាន​ច្រើន​ និង​គ្រប់​ទីកន្លែង​ជាពិសេស​ត្រូវ​បន្ត​ស្វែងរកវិស័យ​ឯកជន ក៏ដូចជា​ដៃគូ​អភិវឌ្ឍ​នានា​ក្នុងការ​ចូលរួម​ប្រលែង​ពូជ​ត្រី​ឲ្យ​បាន​ញឹកញាប់ នៅតាម​បឹង​ធម្មជាតិ​តួយ៉ាង​ដូច​កិច្ច​ការដែល​យើង​កំពុង​ធ្វើ​ជាមួយក្រុមហ៊ុនមី​ជាតិ​ស្រាប់ នាពេលនេះ។ ​ម្យ៉ាងទៀត​លោក​ក៏បាន​ស្នើ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ខិតខំ​រក្សា​ផ្ទៃ​បឹង​នេះ និង​របង​ដែល​ក្រុមហ៊ុន​ទើប​ផ្តល់ជូន​ចៀសវាង​ការរំលោភបំពាន​កាន់កាប់​ពី​ប្រជា​ពល រដ្ឋ​នៅ​ជុំវិញ​បរិវេណ​បឹង ព្រោះ​បឹង​ទាំងនេះ​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ដែល​បម្រើ​ផលប្រយោជន៍​ឲ្យ​ប្រជាពលរដ្ឋ​ជារួម​។​

​លោក ញឹក សា​រ៉ែ​ន អភិបាល នៃ​គណៈ​អភិបាលស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង បាន​សម្តែង​ការ​កោត​សរសើរ​នូវ​ទឹកចិត្ត និង​គំនិត​ផ្តួចផ្តើម របស់​ក្រុមហ៊ុន​មី​ជាតិ ដែល​លះបង់​ធនធាន​ពី​ប្រាក់ចំណេញ​របស់ខ្លួន​ក្នុង​ការលែង​កូន​ត្រី​ពូជ​ និង​ធ្វើ​របង​ខាងមុខ​បឹង​ក្នុងឱកាស​អបអរសាទ​រ​ទិវា​មច្ឆជាតិ​ឆ្នាំ​ ២០២២​ ។​ លោក​បាន​បន្តទៀតថា ​ការចូលរួម​របស់​មី​ជាតិនេះ ​ជា​ឆន្ទៈ​ដ៏​វិសេសវិសាល ដែល​ក្រុមហ៊ុន​ឯកជន​ចូលរួម​គាំទ្រ​ ដោយផ្ទាល់​តាមរយៈ​ការបង្កើត​នូវ​គំនិត​ផ្តួចផ្តើម​ថ្មីៗ​ ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក៏ដូចជា​សហគមន៍។

​គួសបញ្ជាក់​ផងដែរ ជាមួយ​គម្រោង “​មី​ជាតិ ផ្តល់​មច្ឆជាតិ រក្សា​និរន្តរភាព​ធម្មជាតិ​” ក្នុងឱកាស​អបអរសាទ​រ​ទិវា​មច្ឆជាតិ ឆ្នាំ ​២០២២ ក្រុមហ៊ុន​មី​ជាតិ បាន​នាំមក​នូវ​ត្រី​ឆ្ពិន​, ត្រី​ទី​ឡា​ព្យា​, ត្រី​ប្រា​, ត្រី​រ៉ស់ និង​អន្ទង់​ចំនួន ១០០០០ ​ក្បាល មក​លែង ក្នុង​បឹង​ជម្រក​ត្រី​សហគមន៍ សម្តេច​ក្រឡាហោម និង​បន្ថែម​ពីនេះ ដោយ​មើលឃើញ​ពី​តម្រូវការ ចាំបាច់ របស់​សហគមន៍ មី​ជាតិ បាន​បំពេញបន្ថែម​នូវ​សំណើរ​ក្នុងការ​ឧបត្ថម្ភ របង​ខាងមុខ​បឹង ដើម្បី​រក្សា​ការពារ ពី​ការទន្ទ្រាន​របស់​សត្វពាហនៈ​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម