ព័ត៌មានជាតិ
រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ៖ ការកសាងទំនាក់ទំនងកាន់តែរឹងមាំរវាងអូស្ត្រាលី-កម្ពុជា ពិតជាមានសក្តានុពលដ៏អស្ចារ្យ
លោកស្រី ព្រឹទ្ធសមាជិក Penny Wong រដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី បានមានប្រសាសន៍ថាការកសាងទំនាក់ទំនងកាន់តែរឹងមាំ រវាងអូស្ត្រាលី និងកម្ពុជា វាពិតជាមានសក្តានុពលដ៏អស្ចារ្យដែលជាមហិច្ឆតារួមគ្នារបស់យើង ដើម្បីតំបន់ដែលមានស្ថិរភាព និងវិបុលភាព។

លោកស្រីបានលើកឡើងបែបនេះ នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអូស្ត្រាលីប្រចាំភ្នំពេញ ចេញផ្សាយកាលពីថ្ងៃទី ៤ ខែសីហា នៅពេលលោកស្រី និងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក មៅ ស្រេង នាយកប្រចាំប្រទេសរបស់មជ្ឈមណ្ឌលអូស្ត្រាលី សម្រាប់ការបណ្ដុះបណ្តាល អញ្ជើញសម្ភោធជាផ្លូវការនូវទីតាំងថ្មីរបស់មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (ACE) នៅសាខាចាក់អង្រែ ក្រោម ក្នុងក្រុងភ្នំពេញ។

កម្មវិធីនេះធ្វើឡើងស្របពេលជាមួយនឹងខួបលើកទី ៣០ឆ្នាំ នៃការបើកសាលា ACE ដំបូងបំផុតនៅ កម្ពុជា ដោយលោក Paul Keating អតីតនាយករដ្ឋមន្ត្រីអូស្ត្រាលី ក្នុងឆ្នាំ ១៩៩២។ សាលា ACE ត្រូវបានបង្កើតឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការបណ្ដុះបណ្ដាលភាសា របស់ អាជ្ញាធរបណ្តោះអាសន្ន នៃអង្គការសហប្រជាជាតិនៅកម្ពុជា (UNTAC)។ ចាប់តាំងពីពេលនោះមក សាលានេះបានកើនឡើង រហូតដល់ចំនួនប្រាំមួយទីតាំង ដែលបច្ចុប្បន្ននេះផ្តល់ការបណ្ដុះបណ្ដាល ភាសាអង់គ្លេសដល់សិស្ស ចាប់ពីអាយុប្រាំពីរឆ្នាំ ដល់មនុស្សពេញវ័យ ជាង ៨០ ០០០នាក់ ក្នុងមួយឆ្នាំៗ។

នៅក្នុងសេចក្តីប្រកាសនោះលោកស្រីរដ្ឋមន្ត្រី Penny Wong បានបន្តថា ប្រជាជនកម្ពុជាចំនួន ៥០០ ០០០នាក់ ដែលបានសិក្សានៅសាលា ACE បានប្រើប្រាស់ជំនាញភាសាអង់គ្លេសរបស់ពួកគេ ដើម្បីបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅប្រទេសអូស្ត្រាលី ទទួលបានការងារកាន់តែប្រសើរ បើកអាជីវកម្មថ្មី និងភ្ជាប់សហគមន៍មូលដ្ឋានរបស់ពួកគេ ទៅកាន់ពិភពលោកឲ្យកាន់តែទូលំទូលាយ។
លោកស្រីបានបន្តទៀតថា សាលា ACE ជាផ្នែកមួយដ៏មានមោទនភាព នៃកេរ្ដិ៍ដំណែលក្នុងវិស័យអប់រំរបស់ប្រទេស អូស្ត្រាលី នៅប្រទេសកម្ពុជា ជាកេរ្ដិ៍ដំណែលមួយ ដែលរួមបញ្ចូលផងដែរនូវជំនួយរបស់យើង ក្នុងការបង្កើត និងរក្សានូរដេប៉ាតឺម៉ង់ភាសាអង់គ្លេស នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ និង១៩៩០។

លោកស្រីបានបន្ថែមថា «ការតភ្ជាប់ក្នុងវិស័យអប់រំ និងភាសាជាផ្នែកមួយនៃផ្នែកផ្សេៗ ក្នុងប្រវត្តិសាស្ត្រ ដែលយើងចែករំលែករួមគ្នា។ ឆ្នាំនេះ ជាខួបលើកទី ៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសអូស្ត្រាលី និងកម្ពុជា។ អនាគតនៃប្រទេសរបស់យើងទាំងពីរ ត្រូវបានចងភ្ជាប់ទៅនឹងតំបន់រួមរបស់យើងនេះ»។

លោកស្រីបានបញ្ជាក់ថា ជាងប្រាំពីរទស្សវត្សរ៍មកនេះ អូស្ត្រាលីបានចាប់ដៃគូជាមួយប្រទេសកម្ពុជា ក្នុងវិស័យកសិកម្ម អភិវឌ្ឍន៍ជនបទ ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល អភិបាលកិច្ច សមភាពយេនឌ័រ បរិយាប ឬពិការភាព និងការអប់រំ។លោកស្រីរដ្ឋមន្ត្រី Penny Wong មានប្រសាសន៍ទៀតថា «វាមានសក្តានុពលដ៏អស្ចារ្យ សម្រាប់អូស្ត្រាលី និងកម្ពុជា ក្នុងការកសាងទំនាក់ទំរងកាន់តែរឹងមាំ ដែលគូសបញ្ជាក់ដោយមហិច្ឆតារួមគ្នារបស់យើង ដើម្បីតំបន់ដែលមានស្ថិរភាព និងវិបុលភាព»។

គួរបញ្ជាក់ថា លោកស្រីរដ្ឋមន្ត្រីការបរទេស Penny Wong កំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីចូលរួម ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា។ លោកស្រីនឹងជួបសម្ដែងការគួរ សមជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ