ព័ត៌មានជាតិ
លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ អំពាវនាវឲ្យអ្នកវិនិយោគថៃ មកបណ្តាក់ទុននៅកម្ពុជាឲ្យបានច្រើនថែមទៀត
លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអំពាវនាវឲ្យអ្នកវិនិយោគថៃ មកបណ្តាក់ទុននៅកម្ពុជាឲ្យបានច្រើនថែមទៀត ពីព្រោះកម្ពុជាកំពុងមានសុខសន្តិភាពបរិបូរណ៌ មានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងទទួលភាពអនុគ្រោះពាណិជ្ជកម្ម។

លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ អំពាវនាវបែបនេះនៅរសៀលថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២២ ខណៈពេលទទួលជួបពិភាក្សាការងារ ជាមួយប្រតិភូក្រុមហ៊ុនវិនិយោគមកពីសភាពាណិជ្ជកម្ម និងក្រុមប្រឹក្សាពាណិជ្ជកម្មថៃប្រមាណ ៦០រូប ដឹកនាំដោយលោក SANAN ANGUBOLKUL ប្រធានសភាពាណិជ្ជកម្មនិងក្រុមប្រឹក្សាពាណិជ្ជកម្មថៃ នៅទីស្តីការក្រសួង។

លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានសម្តែងការស្វាគមន៍ និងចាត់ទុកដំណើរទស្សនកិច្ច ស្វែងយល់របស់ប្រតិភូថៃខាងលើ មានសារៈសំខាន់សម្រាប់ពង្រឹងទំនាក់ទំនងបន្ថែមទៀត លើវិស័យសេដ្ឋកិច្ច វិនិយោគ និងការផ្លាស់ប្តូរពាណិជ្ជកម្ម ខណៈពេលដែលកម្ពុជាកំពុងបើកដំណើរការជាប្រក្រតីផ្នែកសង្គមសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩ រយៈពេល ៣ឆ្នាំមកនេះ។

លោក SANAN ANGUBOLKUL ប្រធានសភាពាណិជ្ជកម្ម និងក្រុមប្រឹក្សាពាណិជ្ជកម្មថៃ បានបង្ហាញ នូវទឹកចិត្តរីករាយចំពោះជំនួបនាថ្ងៃនេះ និងបញ្ជាក់ថា កម្ពុជាជាប្រទេសទី ១ ក្នុងដំណើរទស្សនកិច្ចស្វែងយល់របស់ប្រតិភូថៃ ក្នុងក្របខ័ណ្ឌប្រទេស CLMV គឺកម្ពុជា ឡាវ វៀតណាម និងភូមា។ ក្នុងឱកាសនោះដែរ លោក SANAN ក៏បានគោរពអញ្ជើញលោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ជាភ្ញៀវកិត្តិយសចូលរួមការប្រារព្វពិធីរំលឹកខួបទី ៩០ ឆ្នាំនៃការបង្កើតសភាពាណិជ្ជកម្មថៃនៅឆ្នាំក្រោយនេះ។

លោកប្រធានបានបញ្ជាក់ថា បច្ចុប្បន្នសភាពាណិជ្ជកម្ម និងក្រុមប្រឹក្សាពាណិជ្ជកម្មថៃ មានសមាជិកជាង ១០ម៉ឺនាក់ បានផ្តោតទៅលើវិស័យសំខាន់ៗរួមមាន៖ ពាណិជ្ជកម្ម វិនិយោគ កសិកម្ម ចំណីអាហារ សេវាកម្ម និងទេសចរណ៍ ជាដើម។ ដោយឡែកនៅកម្ពុជា អ្នកវិនិយោគថៃ កំពុងមានការបណ្តាក់ទុនជាច្រើន។ ក្នុងនោះ ក៏មានវិស័យរោងចក្រឧស្សាហកម្ម សហគ្រាសផងដែរដូចជា៖ វិស័យសម្លៀកបំពាក់ ផលិតផលពីស្បែក ផលិតផលកៅស៊ូ និងប្លាស្ទិក ផលិតផលម្ហូបអាហារ ក្រដាស និងផលិតផលពី ក្រដាស បរិក្ខាអគ្គិសនី យានយន្ត និងរឺម៉កសណ្តោង លោហធាតុមូលដ្ឋាន ផលិតផលពីអលោហៈ គីមី និងផលិតផលគីមី និងរោងចក្រផលិតស៊ីម៉ង់ត៍ ជាដើម។
បន្ទាប់មកអង្គប្រជុំបានពិភាក្សា ទៅលើចំណុចលើកឡើងទាំងឡាយដែលជាកង្វល់ និងសំណូមពរពីខាងភាគីថៃ មានដូចជា៖ ការពង្រឹងការផ្លាស់ប្តូរពាណិជ្ជកម្មតាមព្រំដែន ការប្រើប្រាស់បច្ចេកវិទ្យាបៃតងក្នុងរោងចក្រឧស្សាហកម្ម ពាណិជ្ចកម្មរ៉ែត្បូង ភាពប្រុងប្រយ័ត្នការនាំចូលវត្ថុធាតុដើមជាសារធាតុគីមី និងផលិតផលពីប្លាស្ទិក ដែលយើងចាត់ទុកថាជាទំនិញគ្រោះថ្នាក់ និងខូចខាតដល់បរិស្ថាន។
លោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានអំពាវនាវឲ្យអ្នកវិនិយោគថៃ មកបណ្តាក់ទុននៅកម្ពុជាឲ្យបានច្រើនថែមទៀត ពីព្រោះកម្ពុជា កំពុងមានសុខសន្តិភាពបរិបូរណ៌ មានស្ថិរភាពម៉ាក្រូ សេដ្ឋកិច្ច និងទទួលភាពអនុគ្រោះពាណិជ្ជកម្ម ព្រមទាំងណែនាំឲ្យភាគីថៃចាប់អារម្មណ៍ បណ្តាក់ទុននៅខេត្តព្រះសីហនុ ដែលរដ្ឋាភិបាលចាត់ទុកខេត្តទាំងមូល ជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង និងខេត្តសៀមរាប ជាខេត្តដែលមានសក្តានុពលខ្លាំងផ្នែកទេសចរណ៍។
លោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានសង្កត់ធ្ងន់ និងទាញអារម្មណ៍ថា ក្នុងកំឡុងពេលនៃវិបត្តិកូវីដ-១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មិនត្រឹមតែបានដើរតួជាមេទ័ពដ៏ឆ្នើមប្រយុទ្ធនឹងរោគឆ្លងនោះទេ តែសម្តេចកាន់តែសកម្មឡើង ក្នុងការដឹកនាំកសាងហេដ្ឋារចនាសម្ព័ន្ធពង្រីក ផ្លូវ ថ្នល់ ស្ពាន។ ជាពិសេសនៅខេត្តព្រះសីហនុ និងខេត្តសៀមរាប សម្រាប់ទទួលការវិនិ យោគថ្មីៗ និងពង្រឹងវិស័យទេសចរណ៍ក្រោយវិបត្តិកូវីដ-១៩។ ចំពោះការអញ្ជើញលោកចូលរួម ក្នុងពិធីរំលឹកខួបការបង្កើតសភាពាណិជ្ជកម្មថៃ លោកកិត្តិសេដ្ឋាបណ្ឌិត រីករាយនឹងចូលរួមពីព្រោះជាឱកាស នៃការផ្លាស់ប្តូរបទពិសោធន៍ដ៏សំខាន់៕
អត្ថបទ៖ វិមាន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ