ព័ត៌មានជាតិ
ហគមន៍ដែនជម្រកសត្វព្រៃកែវសីមាទទួលបានថវិកាពីការលក់ឥណទានកាបូន ៦០ម៉ឺនដុល្លារ កើនឡើង៣ដងធៀបឆ្នាំមុន
ដែនជម្រកសត្វព្រៃកែវសីមាក្នុងខេត្តមណ្ឌលគិរី ជាដែនជម្រកមួយដែលជោគជ័យលើគម្រោងលក់ឥណទានកាបូនលើទីផ្សារអន្តរជាតិតាំងពីឆ្នាំ២០១៦មក។ សហគមន៍ក្នុងដែនជម្រកនេះទទួលបានថវិកាពីការលក់ឥណទានកាបូន ៦០ម៉ឺនដុល្លារ សម្រាប់ជួយទ្រទ្រង់ក្នុងសហគមន៍នៅឆ្នាំ ២០២២ ដោយថវិកានេះមានការកើនឡើង ៣ ដងបើធៀបនឹងឆ្នាំ២០២១។ នេះបើតាមការលើកឡើងរបស់មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន។

លោក នេត្រ ភក្ត្រា រដ្ឋលេខាក្រសួងបរិស្ថានបានលើកឡើងថា ទីផ្សារលក់កាបូននៅកម្ពុជាមានការកើនឡើងគួរឱ្យកត់សម្គាល់ ជាពិសេស នៅតំបន់ដែនជម្រកសត្វព្រៃកែវសីមានេះតែម្តង ដោយប្រជាជនទទួលបានថវិកាពីការលក់កាបូននេះ ៦០ម៉ឺនដុល្លារ កើនឡើង៣ដងបើធៀបនឹងឆ្នាំ២០២១។
លោក នេត្រ ភក្ត្រា មានប្រសាសន៍ថា៖ “កាលពីឆ្នាំ២០២១ គាត់ទទួលបានថវិកា២០ម៉ឺនដុល្លារទេ តែឆ្នាំ២០២២គាត់បាន ៦០ម៉ឺនដុល្លារ សម្រាប់ការប្រើប្រាស់នៅក្នុងសហគមន៍។ អញ្ចឹងនៅក្នុងភូមិនីមួយៗនៅក្នុងចំណុះឱ្យដែនជម្រកសត្វព្រៃហ្នឹងគឺគាត់ទទួលបានមួយភូមិយ៉ាងហោចក៏ ១៣,០០០ដុល្លារដែរ។ ហើយថវិកាដែលបានគឺចន្លោះពី ១៣,០០០ដុល្លារ ទៅ៥០,០០០ដុល្លារ នៅក្នុងមួយភូមិៗទៅតាមសកម្មភាពដែលមាន”។

ក្នុងនោះ កម្ពុជា មានផ្ទៃដីអភិរក្សទំហំ ៧,៣លានហិកតា ស្មើនឹង៤១% នៃផ្ទៃដីសរុបរបស់ប្រទេសកម្ពុជា ដោយគិតពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២០ កម្ពុជា ទទួលបានទឹកប្រាក់ពីការលក់ឥណទានកាបូនសរុប ១១,៦លានដុល្លារអាមេរិក។
លោកបានបន្តថា ចំពោះថវិកាដែលកម្ពុជាទទួលបានពីការលក់កាបូននេះ នឹងយកទៅធ្វើការជាមួយសហគមន៍មូលដ្ឋានទាំងមូល មានការវិភាគទានទៅលើការងារសំខាន់ចំនួន២។ ទី១ យកព្រៃឈើការពារព្រៃឈើ មានន័យថាថវិកាដែល ទទួលបាន គឺយកទៅបំពាក់នូវសម្ភារៈ និងផ្គត់ផ្គង់ទៅលើឧទ្យានុរក្ស និងមន្រ្តីដែលការពារព្រៃឈើ។ ទី២ អភិវឌ្ឍន៍ និងគាំពារដល់ប្រជាជនដែលរស់នៅក្នុងសហគមន៍លក់កាបូន ព្រមទាំងធ្វើការណែនាំពីការអភិរក្សព្រៃឈើ និងស្វែងរកមុខរបរបន្ថែមទៀតទៅដល់ពួកគេ។

ជាមួយគ្នានេះ លោកស្រី ឆាយ គឹមហៀក ប្រធានផ្នែកសហគមន៍ររេដបូកកែវសីមានៃអង្គការ WCS ដែលសហការជាមួយក្រសួងបរិស្ថានលើគម្រោងលក់កាបូននេះ បានថ្លែងថា ក្នុងឆ្នាំ២០២២ សហគមន៍ដែនជម្រកសត្វព្រៃកែវសីមាទទួលបានថវិកា ៦០ម៉ឺនដុល្លារ ពីការលក់កាបូនលើទីផ្សារស្ម័គ្រចិត្តអន្តរជាតិ ដោយកាលពីឆ្នាំ២០២១ ទទួលបាន តែ ២០ម៉ឺនដុល្លារប៉ុណ្ណោះ។
លោកស្រី ឆាយ គឹមហៀក បាននិយាយថា៖ “សម្រាប់ឆ្នាំ២០២២នេះ ថវិកាបានមកពីការលក់ឥណទានកាបូនក្នុង ទីផ្សារស្ម័គ្រចិត្តបានចែករំលែកដល់សហគមន៍ក្នុងដែនជម្រកសត្វព្រៃកែវសីមាបានកើនឡើងពី ២០ម៉ឺននៅឆ្នាំ២០២១ ដល់ចំនួន ៦០ម៉ឺនដុល្លារអាមេរិក ដែលមានចំនួនកើនឡើង៣ដង បើធៀបនឹងឆ្នាំ២០២១ ដោយមានការបែងចែកតាមភូមិចំនួន២០ ទៅតាមពិន្ទុរបស់ខ្លួន ក្នុងការចូលរួមការពារធនធានធម្មជាតិ”។
ទន្ទឹមនោះ លោកស្រី ក៏រំពឹងថា ថវិកាដែលបានមកពីការលក់កាបូនរបស់សហគមន៍ដែនជម្រកកែវសីមា អាចមានកាកើនឡើង១លានដុល្លារក្នុងឆ្នាំ២០២៣ ប៉ុន្តែ ក្តីរំពឹងនេះ អាចទៅបានលុះត្រា តែមានការចូលរួមសហការពីប្រជាជនរស់នៅក្នុងសហគមន៍ដូចគ្នា។
គួរបញ្ជាក់ថា ទីតាំងដែលកម្ពុជាលក់កាបូនបានមាន៣ គឺដែនជម្រកសត្វព្រៃកែវសីមា ឧទ្យានជាតិជួរភ្នំក្រវ៉ាញខាងត្បូង និងដែនជម្រកសត្វព្រៃតាតៃ ក្នុងនោះ ដែនជម្រកសត្វព្រៃកែវសីមា ជាកន្លែងគម្រូមួយសម្រាប់លក់កាបូនក្នុងប្រទេស កម្ពុជា៕
ដោយ៖ អុន ស្រីមាន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ