ព័ត៌មានជាតិ
អភិបាលខេត្តតាកែវ ៖ ដីព្រៃឈើ និងសួនសត្វភ្នំតាម៉ៅ ស្ថិតក្រោមការគ្រប់គ្រងដោយរដ្ឋបាលព្រៃឈើ
អភិបាលខេត្តតាកែវ បានអះអាងថា រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាអ្នកគ្រប់គ្រងដោយផ្ទាល់លើដីព្រៃឈើ និងសួនសត្វភ្នំតាម៉ៅ ដោយមិនមែនស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្តតាកែវ នោះទេ។

លោក អ៊ូច ភា អភិបាលខេត្តតាកែវ បានសរសេរនៅក្នុងបណ្ដាញសង្គមតេលេក្រាម ហើយត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី ៥ ខែសីហានេះថា បញ្ហាដីព្រៃឈើ និងសួនសត្វភ្នំតាម៉ៅ ស្ថិតនៅក្រោមការគ្រប់គ្រងផ្ទាល់ ដោយរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មិនមែនស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្តតាកែវ នោះទេ។
លោក អ៊ូច ភា បានសរសេរបន្តថា «រាល់ការចាត់ចែងទាំងឡាយ វាជាសិទ្ធិរបស់ក្រសួង ខេត្តមិនមានសិទ្ធិនោះទេ។ សូមបងប្អូនជនរួមជាតិទាំងអស់ កុំមានការយល់ច្រឡំលើរូបខ្ញុំ។ ខ្ញុំនិយាយនេះ កុំឲ្យបងប្អូន ចេះតែវាយប្រហារមើលរូបខ្ញុំ»។

អភិបាលខេត្តតាកែវ បានលើកឡើងថា កាលពីថ្ងៃម្សិលមិញ រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្ដីបំភ្លឺរួចហើយជុំវិញបញ្ហានេះ ហើយលោកជឿថា ប្រជាពលរដ្ឋពិតជាយល់។ លោក អ៊ូច ភា បានបន្ថែមទៀតថា «បើបងប្អូនចង់ដឹងការពិត ត្រូវតែទៅពិនិត្យមើលសួនសត្វភ្នំតាម៉ៅដោយផ្ទាល់ ថាតើគេឈួស ឆាយសួនសត្វនោះ ឬគេកំពុងរក្សាការពារ»។
រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២២ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ដោយបានបញ្ជាក់ថា តំបន់ភ្នំតាម៉ៅជាតំបន់ស្ថានីយស្ដារព្រៃឈើមួយ ដែលមានដំណុះឈើដាំប្រភេទអាកាស្សា ប្រេងខ្យល់ និងឈើធម្មជាតិ។

សេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងថា រាជរដ្ឋាភិបាលសម្រេចយកតំបន់ភ្នំតាម៉ៅ សម្រាប់ធ្វើការអភិវឌ្ឍដោយសារជាតំបន់ដែលនៅក្បែរទីក្រុង ក្បែរព្រលានយន្តហោះថ្មី និងកៀកតំបន់ទេសចរណ៍ទន្លេបាទី។ ការអភិវឌ្ឍតំបន់នេះ មិនមែនជាការលក់ដូរដូចការលើកឡើងនោះទេ តែជាការដោះដូរតំបន់ជាថ្នូរនឹងការអភិវឌ្ឍបន្ថែមដល់ឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដោយកែលម្អឧទ្យានសួនសត្វភ្នំតាម៉ៅ ឲ្យមានភាពប្រសើរឡើងមានប្រព័ន្ធផ្លូវ អាគារ សួនច្បារ អាងស្តុកទឹក ក៏ដូចជាការបង្កើតសារមន្ទីរជាតិនៅរាជធានីភ្នំពេញ ការបង្កើតសួនសត្វសាហ្វារី នៅខេត្តសៀមរាប ការបង្កើតសួនភូតគាមនៅខេត្តមណ្ឌលគិរី និងការសាងសង់អគារធ្វើការរបស់មន្ត្រីរាជការ។
រដ្ឋបាលព្រៃឈើ បានសង្កត់ធ្ងន់ថា ការដោះដូរ គឺអនុវត្តដោយមានភាពតឹងរ៉ឹង មានការវាយតម្លៃពីក្រុមហ៊ុនឯកជន និងមានគណៈកម្មការឯកជនភាវូនីយកម្ម ដែលមានអន្តរក្រសួងពិនិត្យ និងវាយតម្លៃអំពោះការដោះដូរយ៉ាងត្រឹមត្រូវ។ រដ្ឋបាលព្រៃឈើ បានបញ្ជាក់ទៀតថា តំបន់នេះ ពុំមានសត្វព្រៃសំខាន់ៗជិតផុតពូជ និងកម្រ ដូចការលើកឡើងនោះទេ ហើយតំបន់នេះមានជ្រូកព្រៃ ដែលតែងតែមករំខានដល់ដំណាំប្រជាពលរដ្ឋ។ សត្វព្រៃដែលលើកឡើងកន្លងមក គឺជាសត្វព្រៃបានថែរក្សានៅក្នុងឧទ្យានសួនសត្វភ្នំតាម៉ៅ ដែលមានសុវត្ថិភាព ១០០ភាគរយ ហើយការអភិវឌ្ឍនេះ មិនមានការប៉ះពាល់ទាល់តែសោះ។
រដ្ឋបាលព្រៃឈើ លើកឡើងទៀតថា សត្វដែលតែងតែលើកឡើងដោយអង្គការ សង្គមជនបរិស្ថាន និងសាធារណជននានា គឺជាសត្វព្រៃដែលកំពុងរស់នៅ ក្នុងទ្រុងនៃឧទ្យានសួនសត្វភ្នំតាម៉ៅ និងសត្វព្រៃមួយចំនួនទៀតដូចជាប្រើស រមាំង ក្រៀល រនាល ទុង ត្រូវបានដោះលែងឲ្យរស់ក្នុងបរិវេណរបស់ឧទ្យានសួនសត្វភ្នំតាម៉ៅ ដែលមានរបងព័ទ្ធជុំវិញលើផ្ទៃដីជាង ៤០០ហិកតា និងមិនមានសត្វព្រៃអាចចេញមកខាងក្រៅនោះទេ និងបានមើលថែរក្សា ផ្តល់ចំណីដោយរដ្ឋបាលព្រៃឈើ និងអង្គការនានា។ ការលើកឡើងកន្លងមក បានធ្វើឲ្យមានការភ័ន្តច្រលំថា ការអភិវឌ្ឍតំបន់នេះប៉ះពាល់ដល់សត្វព្រៃ៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?