ព័ត៌មានជាតិ
នៅតំបន់ភ្នំតាម៉ៅ មានកសិដ្ឋានផលិតទឹកដោះគោស្រស់ធំមួយតម្លៃជាង១០លានដុល្លារ និងកំពុងចែកចាយលើទីផ្សារ
កសិដ្ឋានចិញ្ចឹមគោ និងកែច្នៃទឹកដោះគោតម្លៃជាង១០លានដុល្លារ ដែលមានទីតាំងស្ថិតនៅក្នុងភូមិឧភាសាំង ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ បាននឹងកំពុងដំណើរការសង្វាក់ផលិតកម្មរបស់ខ្លួនតាំងពីដើមឆ្នាំ២០២០ មក។ រោងចក្រនេះបោះទុនវិនិយោគដោយក្រុមហ៊ុន KHMER FRESH MILK CO.,LTD លើផ្ទៃដីចំនួន៣៩០ហិចតា។

ទឹកដោះគោស្រស់ ដែលកំពុងពេញនិយមនៅលើទីផ្សារ គឺផលិតចេញពីកសិដ្ឋានគិរីសួគ៌ (Kirisu Farm) ស្ថិតនៅក្នុងភូមិសាស្ត្រខាងលើ ដោយប្រើបច្ចេកវិទ្យាទំនើបថ្មីចុងក្រោយគេបង្អស់ ដែលបានឆ្លងកាត់ការអភិវឌ្ឍន៍ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ កសិដ្ឋាននេះ មានខ្យល់អាកាសបរិសុទ្ធ ដីសំបូរជីវជាតិ និងភាពស្ងប់ស្ងាត់ល្អ ដែលអំណោយផលដល់ការចិញ្ចឹមគោដែលបាននាំចូលថ្មីទាំងអស់នោះ។ គោទាំងនេះស៊ី ពោត សណ្ដែក និងស្មៅប្រភេទផ្សេងៗ ដូចជាស្តៃឡូ (Stylo) មូមបាសា (Mombasa) ដែលដំា និងកែច្នៃដោយកសិដ្ឋានផ្ទាល់តែម្តង។
ថ្លែងប្រាប់អ្នកសារព័ត៌មាននាពេលកន្លងមក លោក ឈរ រិទ្ធី នាយកប្រតិបត្តិក្រុមហ៊ុន Khmer Fresh Milk Co., Ltd. និងជាប្រតិបត្តិករកសិដ្ឋាននេះ បានបង្ហាញអារម្មណ៍សប្បាយរីករាយ ដែលក្រុមហ៊ុនអាចសម្រេចបានតាមផែនការដែលបានគ្រោងទុក មុនពេលមានកូវីដ-១៩។ លោកក៏បានថ្លែងអំណរគុណដែលរាជរដ្ឋាភិបាល ដែលបានបង្កលក្ខណៈងាយស្រួល ដល់ការនាំចូលសត្វគោ ក៏ដូចជាសម្រួលការផ្ដល់ទិដ្ឋាការដល់ក្រុមអ្នកជំនាញផ្នែកដាំដុះ និងអ្នកជំនាញផ្នែកបច្ចេកវិទ្យាអន្តរជាតិ ចូលមកកម្ពុជាផងដែរ។

ក្រុមហ៊ុន Khmer Fresh Milk បានកកើតចេញពីការចាប់ដៃគូរវាង Cambodia-Laos-Myanmar Development Fund II ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី តំណាងដោយក្រុមហ៊ុន Emerging Markets Investment Advisers (EMIA), មូលនិធិ Nexasia របស់ជប៉ុន ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី និង ក្រុមស្ថាបនិកដែលទទួលបានជោគជ័យខ្ពស់ រួមមាន សហគ្រិនកម្ពុជា និងសហគ្រិនមកពីប្រទេសអ៊ីស្រាអែល។
អ្វីដែលគួរឲ្យកត់សម្គាល់ គឺក្រុមហ៊ុនបានចាប់ដៃគូផ្នែកបច្ចេកវិទ្យា ជាមួយក្រុមហ៊ុន Afimilk របស់អ៊ីស្រាអែល ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនផ្គត់ផ្គង់ធំបំផុតខាងបច្ចេកវិទ្យា និងគ្រប់គ្រងកសិដ្ឋានគោទឹកដោះ នៅលើពិភពលោក។ Afimilk បានទទួលជោគជ័យជាច្រើនមកហើយ ក្នុងការបង្កើត និងគ្រប់គ្រងគម្រោងអាជីវកម្មស្រដៀង គ្នានេះនៅទូទាំងពិភពលោក ក៏ដូចជាគម្រោងនៅប្រទេសវៀតណាម បង់ក្លាដែស និង ចិន។

ក្រុមហ៊ុននេះប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយបំផុត និងគោលការណ៍ការពារបរិស្ថាន ដើម្បីធានាថាកសិដ្ឋាន អាចដំណើរការប្រកបដោយចីរភាព និងផលិតផលទឹកដោះគោរបស់ខ្លួន ត្រូវបានផលិតឡើងស្របទៅតាមស្តង់ដារអន្តរជាតិខ្ពស់បំផុត ដើម្បីធានាទំាងអនាម័យ និងគុណភាពផលិតផល។
លោក ជី សិលា ដៃគូសហស្ថាបនិក ក្រុមហ៊ុន Khmer Fresh Milk ធ្លាប់បានលើកឡើងថា ៖ «កសិដ្ឋានគិរីសួគ៌ (Kirisu Farm) មានចក្ខុវិស័យយូរអង្វែង ក្នុងការនាំយកទឹកដោះគោសុទ្ធពីធម្មជាតិ បច្ចេកទេសកសិកម្ម និងការកែច្នៃចំណីអាហារលំដាប់ពិភពលោក មកកាន់កម្ពុជា ហើយយើងមិនគិតអំពីផលចំណេញមួយភ្លែតៗនោះទេ។ យើងបាននាំយកបច្ចេកវិទ្យាទំនើបៗ ហើយយើងកំពុងធ្វើការជាមួយអ្នកជំនាញកសិកម្មជនជាតិអ៊ីស្រាអែល លើផ្នែកចិញ្ចឹមគោយកទឹកដោះ និងផ្នែកដំាដុះល្បីៗនៅលើពិភពលោក ដើម្បីជួយពួកយើងលើការដាំដុះ របៀបមើលថែរក្សាសុខភាពគោ និងកែច្នៃទឹកដោះគោសុទ្ធពីធម្មជាតិ ១០០ ភាគរយ ពីកសិដ្ឋានគិរីសួគ៌ (Kirisu Farm) ឲ្យមានគុណភាព ខ្ពស់តាមស្ដង់ដារអន្តរជាតិនេះ»។

បុគ្គលិកភាគច្រើនរបស់កសិដ្ឋាននេះ គឺជាប្រជាពលរដ្ឋក្នុងមូលដ្ឋានផ្ទាល់តែម្ដង ហើយក្រុមហ៊ុនបានឲ្យដឹងថាខ្លួននឹងចែកចាយទឹកដោះគោសុទ្ធដោយឥតគិតថ្លៃពីកសិដ្ឋាននេះជូនដល់ក្រុមគ្រួសារ និងមន្ត្រីរាជការក្នុងមូលដ្ឋាន ដើម្បីចូលរួមជាជំនួយពីផលប៉ះពាល់នៃវិបត្តិ កូវីដ-១៩ និងដើម្បីជាការតបស្នងសងគុណចំពោះប្រជាពលរដ្ឋមូលដ្ឋាន ដែលបានគាំទ្រដល់កសិដ្ឋាននេះ។

លោក ជី សិលា បាននិយាយថា៖ “សម្រាប់ខ្ញុំនេះគឺជាសុភមង្គល និងជាក្ដីសង្ឈឹមមួយ ហើយខ្ញុំពិតជាចង់ឃើញ ស្នាមញញឹមរបស់ក្មេងៗ នៅពេលដែល ពួកគេភ្លក្សរសជាតិទឹកដោះគោសុទ្ធជាលើកដំបូង។ ទឹកដោះគោនេះមានរសជាតិខុសពីទឹកដោះគោដែលមានលក់នៅស្រុកខ្មែរយើងកន្លងមក។ យើងឲ្យគោទាំងនេះស៊ីចំណីអាហារដែលជាគ្រាប់ធញ្ញជាតិដែលដាំក្នុងស្រុក ដើម្បីបំប៉នបន្ថែម ទៅលើចំណី ដែលដាំនៅក្នុងកសិដ្ឋានផ្ទាល់ ហើយទឹកដោះគោនៅទីនេះ ត្រូវបានកែច្នៃនៅឯរោងចក្រដ៏ទំនើបរបស់យើង។ ដូច្នេះយើងអាចផលិតបាននូវទឹកដោះគោសុទ្ធបំផុតដែលប្រជាជនកម្ពុជាមិនធ្លាប់ បានភ្លក្សពីមុនមក ហើយយកវាទៅលក់នៅភ្នំពេញ និងនៅទូទាំងប្រទេសតែម្ដង ដោយចំណាយពេលត្រឹមតែ ប៉ុន្មានម៉ោងប៉ុណ្ណោះ។”

បច្ចុប្បន្នផលិតផលពីកសិដ្ឋានគិរីសួគ៌ (Kirisu) បានដាក់លក់ទឹកដោះសុទ្ធធម្មជាតិ និងយ៉ាអួរស្រស់របស់ខ្លួន នៅតាមផ្សារទំនើប មីនីម៉ាត ភោជនីយដ្ឋាន និងហាងកាហ្វេនានា៕


-
សន្តិសុខសង្គម២១ ម៉ោង ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម៤ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ