Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ៖ ការអនុវត្តនូវកិច្ចព្រមព្រៀងអាសិប នៅតែជាអាទិភាពដ៏សំខាន់មួយ

បានផុស

នៅ

ការអនុវត្តនូវកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (អាសិប) នៅតែជាអាទិភាពដ៏សំខាន់មួយ។ នេះបើតាមការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ ២០២២ នៅក្នុងសារលិខិតអបអរសាទរទិវាអាស៊ាន នាថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២២នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងបន្តថា អាសិប នឹងជំរុញការស្ដារឡើងវិញនូវសេដ្ឋកិច្ច ក្នុងដំណាក់កាលក្រោយជំងឺរាតត្បាតកូវីដ-១៩ ព្រមទាំងបង្កើតការងារយ៉ាងច្រើន និងពង្រឹងដល់ខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ និងសកលលោកទាំងមូល។ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២២នេះ កម្ពុជានឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយបណ្ដាប្រទេសដែលជាសមា​ជិកអាសិប ដើម្បីជំរុញការអនុវត្តដោយពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងអាសិប ដើម្បីពង្រីកបន្ថែមទៀតនូវការសម្របសម្រួលលំហូរពាណិជ្ជកម្មឆ្លងដែន។

លើសពីនេះទៀត កម្ពុជាមានគោលបំណងក្នុងការជំរុញបន្ថែមទៀត នូវដំណើរការកសាងសហគមន៍អាស៊ាន តាមរយៈការសង្កត់ធ្ងន់នូវតម្រូវការចាំបាច់ក្នុងការសម្រេចឲ្យបាននូវគោលដៅ និងគំនិតផ្ដួចផ្ដើមគន្លឹះនានា ស្ថិតក្រោមផែនការលម្អិតនៃការកសាងសហគមន៍អាស៊ានឆ្នាំ ២០២៥ រួមទាំងផែនការមេ ស្ដីពី ការតភ្ជាប់អាស៊ានឆ្នាម ២០២៥ គំនិតផ្ដួចផ្ដើមសម្រាប់ការធ្វើសមាហរណកម្មអាស៊ាន ដំណាក់កាលទី ៤ ជាដើម។

បើតាមសម្ដេចតេជោ ហ៊ុន សែន សារៈសំខាន់នៃការកាត់បន្ថយគម្លាតអភិវឌ្ឍន៍ នៅតែជារបៀបវារៈមួយដ៏មានសារៈ សំខាន់ នៅក្នុងដំណើរការកសាងសហគមន៍អាស៊ាន។ «យើងកំពុងធ្វើការរួមគ្នា ដើម្បីសម្រេចបាននូវទស្សនៈវិស័យ សហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥ ដើម្បីចាប់យកនូវកាលានុវត្តភាព និងដោះស្រាយបញ្ហាប្រឈមនានា ដែលកំពុងមានភាពស្មុគស្មាញឡើង»។ នេះជាការលើកឡើងបន្ថែមរបស់សម្ដេចតេជោ ហ៊ុន សែន។

សូមជម្រាបថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប-RCEP) បានចូលជាធរមានកាលពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២។ កិច្ចព្រមព្រៀងនេះ ជាគំនិតផ្ដួចផ្ដើមរបស់អាស៊ាន និងត្រូវប្រកាសឲ្យចាប់ផ្ដើមការចរចាក្នុងឆ្នាំ ២០១២ នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចព្រមព្រៀងនេះ គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតលើពិភពលោក ដែលមានសមាជិកចំនួន ១៥ ប្រទេស រួមមានប្រទេសសមាជិកអាស៊ានទាំង ១០ និងប្រទេសដៃគូពាណិជ្ជកម្មសេរីអាស៊ានចំនួន ៥ ដូចជា៖ ប្រទេសអូស្រ្ដាលី, ចិន, ជប៉ុន, កូរ៉េខាងត្បូង, និងណូវែលហ្សេឡង់ និងគ្របដណ្ដប់៖ (១) ប្រជាជនប្រមាណ ២.២ពាន់លាននាក់ ឬ៣០ភាគរយ នៃចំនួនប្រជាជនពិភពលោក។ (២) ផលិត ផលក្នុងស្រុកសរុបប្រមាណ ២៦.២ទ្រីលានដុល្លារអាមេរិក ឬ ៣០ភាគរយ នៃផលិតផលក្នុងស្រុកសរុបរបស់ពិភព លោក។ និង (៣) ទំហំពាណិជ្ជកម្មចំនួនប្រមាណ ២៨ភាគរយ នៃទំហំពាណិជ្ជកម្មពិភពលោកទាំងមុល។

នៅក្នុងពិធីបើកកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ កាលពីថ្ងៃទី ៣ ខែសីហាកន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ប្រទេសកម្ពុជា ត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើជាម្ចាស់ផ្ទះនៃលេខាធិការដ្ឋាន កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប-RCEP) ហើយថែមទាំងបានកំណត់ទីតាំងរួចជាស្រេច សម្រាប់លេខាធិការដ្ឋានអាសិបនេះ នៅរាជធានីភ្នំពេញ និងបាននិងកំពុងរៀបចំគម្រោងសំណើលម្អិតទៀត ផង។ សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា កម្ពុជា អាចទទួលបានការគាំទ្រពីប្រទេសសមាជិកអាស៊ាន ក៏ដូចជាប្រទេសសមាជិកផ្សេងទៀត នៃកិច្ចព្រមព្រៀងអាសិប នៅពេលដែលកម្ពុជាដាក់សំណើនេះជាផ្លូវការ៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម១ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម