ព័ត៌មានជាតិ
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញអារម្មណ៍ភ្ញាក់ផ្អើល និងក្តុកក្តួលដល់មិត្តភក្តិរួមជំនាន់សាលាបាក់ទូកជួបការលំបាក
ពាក្យចាស់លោកពោលថា ផឹកទឹកនឹកដល់ប្រភព ជ្រកម្លប់នឹកដល់អ្នកដាំ បានដិតដាមចាំដល់ជនជាតិខ្មែរគ្រប់ជំនាន់ ព្រមជាមួយគ្នានេះ ក៏មានអតីតសិស្សសាលាបាក់ទូកមួយក្រុម ឋិតក្នុងវ័យបច្ឆិម ក៏បានប្រមូលផ្តុំគ្នា បំពេញនូវកត្តញ្ញូតាធម៌ និងគុណធម៌ ជួយដល់អតីតលោកគ្រូអ្នកគ្រូ ដែលបានចូលនិវត្តន៍ឋិតក្នុងស្ថានភាពចាស់ជរា ជួបការខ្វះខាតឬធ្លាក់ខ្លួនមានជំងឺ ក៏ដូចជាជួយដល់មិត្តឯទៀត ដែលជួបការលំបាក តាមរយៈការបរិច្ចាគពេលវេលា និងធនធានផ្ទាល់ខ្លួន ចែករំលែកជូនដល់ពួកគាត់ ស្របតាមសុភាសិតបុរាណខាងលើ និងស្របតាមពាក្យស្លោក ដែលក្រុមពួកគាត់បានបង្កើតឡើងថា “សាមគ្គីមិត្តភាព បង្កើតចិត្តរមនា ចែករំលែកជួយគ្នា គ្រប់គ្រាលំបាក”។

ជាថ្មីម្តងទៀត កាលពីរសៀលថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២២ អតីតមិត្តភក្តិរួមជំនាន់សាលាបាក់ទូកមួយក្រុមនេះដដែល នាំមុខដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននាំយកថវិកាចំនួន ២០លានរៀល ផ្លែឈើ២កន្រ្តក និងភេសជ្ជៈជាច្រើន ទៅប្រគល់ជូនអតីតអ្នកគ្រូនៃសាលាបាក់ទូកចំនួន ២នាក់ គឺអ្នកគ្រូ ថាយ ឈីវ ដែលបានចូលនិវត្តន៍ ធ្លាក់ខ្លួនជរានិងមានជំងឺទៅណាពុំរួច សម្រាកនៅតែផ្ទះ និងអ្នកគ្រូ អៀង សុជាតិ បានចូលនិវត្តន៍ដូចគ្នា ជរាជួបការលំបាក និងមានជំងឺប្រចាំកាយលើ សឈាម សម្រាកនៅផ្ទះដូចអ្នកគ្រូ ថាយ ឈីវ ផងដែរ។

អតីតសិស្សសាលាបាក់ទូកស្ថិតក្នុងក្រុម ដែលបានទៅសួរសុខទុក្ខអ្នកគ្រូទាំងពីរ បានបង្ហាញនូវមនោសញ្ចេតនានឹករលឹក និងក្តុកក្តួល បំផុតពេលបានឃើញស្ថានភាពរបស់អតីតអ្នកគ្រូពួកខ្លួនជួបការលំបាកយ៉ាងដូច្នេះ។ ក្នុងឱកាសនោះ ស្រាប់តែលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានប្រាប់ពីអារម្មណ៍ភ្ញាក់ផ្អើលលាយឡំដោយការក្តុកក្តួលជាពិសេសលើសគេ ប្រាប់ដល់មិត្តភក្តិទាំងអស់ ឲ្យដឹងថា ក្រៅពីមនោសញ្ចេតនានឹករលឹក និងអាណិតអាសូរដល់អ្នកគ្រូ អ្វីដែលធ្វើឲ្យលោកភ្ញាក់ផ្អើលបំផុតនោះ គឺផ្ទះដែលអ្នកគ្រូ ថាយ ឈីវ កំពុងរស់នៅក៏ជាផ្ទះដែលលោកធ្លាប់រស់នៅ កាលពីជាង ៣០ឆ្នាំមុនផងដែរ គឺនៅពេលដែលលោកទើបរៀបការថ្មីៗ ផ្ទះជាន់ទី ១នេះហើយ ជាផ្ទះដែលលោកបានប្រជ្រៀតគ្នារស់នៅជាមួយភរិយា ព្រមទាំងសាច់ថ្លៃ និងឪពុកម្តាយក្មេក រហូតបានកូនប្រុសទី ១ ហើយក្រោយមកលោកត្រូវបានថ្នាក់លើ ផ្លាស់ប្តូរឲ្យទៅបំពេញការងារនៅតាមព្រំដែនវៀតណាម និងព្រំដែនថៃ លោក និងភរិយាព្រមទាំងកូន ក៏បានចាកចេញពីផ្ទះដ៏កំសត់នេះ ទៅរស់នៅតាមតម្រូវការការងារ ហើយផ្ទះនេះក៏ត្រូវបានម្តាយក្មេក ដាក់លក់បន្តគ្នា រហូតបានមកជាកម្មសិទ្ធិ អ្នកគ្រូ ថាយ ឈីវ តែម្តង។ បានឃើញផ្ទះអ្នកគ្រូ ថាយ ឈីវ នាពេលនេះ ក៏បានធ្វើឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នឹកស្រណោះដល់ថ្ងៃចាប់ដៃកសាងជីវិតជាមួយភរិយា និងធ្លាប់រស់នៅក្នុងផ្ទះកម្សត់កម្រនេះជាមួយគ្នា តាំងពីនៅបាតដៃទទេ រហូតរើចេញទើបត្រឡប់មកវិញម្តងទៀតក្នុងថ្ងៃនេះផងដែរ បើទោះបីជាស្ថានភាពខ្លះនៃផ្ទះត្រូវបានផ្លាស់ប្តូរ តែមនោសញ្ចេតនារបស់លោក ដែលដិតដាមជាមួយផ្ទះនេះ គឺនៅតែជ្រាលជ្រៅដដែល។

រយៈពេលជាង ៣០ឆ្នាំមកហើយ ដែលលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានចាកចេញពីភ្នំពេញ ទៅបំពេញការងារនៅឯខេត្តជាប់ព្រំដែនវៀតណាម និងថៃ គឺលោកមិនដែលសូវបានជួបមុខអតីតមិត្តរួមជំនាន់សាលាបាក់ទូក ក៏ដូចជាអតីតលោកគ្រូអ្នកគ្រូនោះទេ តែបន្ទាប់ពីលោកបានផ្លាស់ប្តូរពីមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ មកបំពេញការងារជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងឆ្នាំ ២០១៣ លោកក៏បានស្វះស្វែងរកជួបមិត្តភក្តិ និងអតីតលោកគ្រូអ្នកគ្រូ និងបានចងក្រងជាក្រុម ក្នុងបណ្តាញទំនាក់ទំនងសង្គម WhatsApp ជាច្រើនរយនាក់ ដើម្បីបានធ្វើការទំនាក់ទំនងសួរសុខទុក្ខគ្នា ផ្តល់កម្លាំងចិត្តឲ្យគ្នា ជួយគ្នាទៅវិញទៅមក ជួយដល់អតីតលោកគ្រូអ្នកគ្រូ ជាពិសេសគឺបានរួមគ្នា បរិច្ចាគធនធានផ្ទាល់ខ្លួនកសាងសមិទ្ធិផលនានាជាច្រើន ក្នុងសាលាដែលពួកខ្លួនធ្លាប់រៀនជាមួយគ្នា រហូតក្លាយទៅជា វប្បធម៌សាមគ្គីមួយ ជួយគ្នាគ្រប់ពេលមានទុក្ខលំបាក ជាគំរូដល់អ្នកជំនាន់ក្រោយផងដែរ៕
អត្ថបទ៖ វិមាន





-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ