ព័ត៌មានជាតិ
និស្សិត ៣ នាក់ ចែករំលែកបទពិសោធន៍រៀនផង ធ្វើការផង ជួបបញ្ហាអីខ្លះ?
និស្សិតមកពីបណ្តាខេត្ត ហើយត្រូវឡើងមកបន្តការសិក្សានៅមហាវិទ្យាល័យ មួយចំនួនតែងឆ្លៀតពេលវេលាធ្វើការផង និងរៀនផង ដើម្បីទទួលបានចំណូលសម្រាប់ផ្គត់ផ្គង់ការសិក្សា ឬបានជាបទពិសោធន៍ការងារជាទុនក្រោយបញ្ចប់សិក្សា។ ការធ្វើការងារបន្ថែមជួយសម្រួលថវិកាគ្រួសារមួយផ្នែក ប៉ុន្តែក៏បានបង្កជាផលប៉ះពាល់មួយផ្នែកនៅក្នុងការសិក្សារបស់សិស្សនិស្សិត។
និស្សិត ៣ នាក់ រៀននៅសាលាផ្សេងគ្នា បានប្រាប់បទពិសោធន៍ពីការធ្វើការផង រៀនផងយ៉ាងដូច្នេះ។
![](https://www.kampucheathmey.com/wp-content/uploads/2022/08/mjqtv-img-01-1-750x536-1.jpg)
ផ្តល់បទសម្ភាសន៍ដល់«កម្ពុជាថ្មី» និស្សិតឈ្មោះ សេង សៅពេជ្យ ជានិសិ្សតឆ្នាំទី ២ នៃវិទ្យាល័យភូមិន្ទភ្នំពេញបានធ្វើការជាកម្មកររោងចក្រ ហើយពេលសាលាចូលរៀនទើបដូរមកធ្វើការនៅក្រុមហ៊ុននៅភ្នំពេញ។
យុវជនរូបនេះបានលើកហេតុផលដែលត្រូវធ្វើការបណ្តើររៀនបណ្តើរ ដោយសារតែខ្វះខាតប្រាក់សម្រាប់ផ្គត់ផ្គង់ការសិក្សាអាចនិយាយបានថា បើមិនធ្វើការប្រហែលជាមិនមានលទ្ធភាពបានមកបន្តការសិក្សាឡើយ។
![](https://www.kampucheathmey.com/wp-content/uploads/2022/08/photo_2022-08-09_12-17-39-1024x768.jpg)
សៅពេជ្យ ដែលទទួលបានអាហាររូបករណ៍រយៈពេល ៤ ឆ្នាំ លើកបញ្ហារៀនផងធ្វើការផងថា «ខ្ញុំត្រូវក្រោកពីព្រលឹមហត់ក្នុងការគិត ទាំងការធ្វើដំណើរ ពេលចេញពីធ្វើការវិញត្រូវទៅរៀនអង់គ្លេស ខ្ញុំមានពេលសម្រាកតិចតួច និងទំនេរតែពេលល្ងាចថ្ងៃអាទិត្យប៉ុណ្ណោះ។ ហើយខ្ញុំមានពេលរៀនបានតែពេលយប់ចាប់ពីម៉ោង៩ កន្លះ ដែលពេលខ្លះមានកិច្ចការសាលាច្រើន ខ្ញុំត្រូវធ្វើរហូតដាច់យប់»។
សៅពេជ្យ បានបង្ហើបថា បញ្ហាជួបច្រើនតែអ្វីជាកម្លាំងចិត្តអាចដើរដល់ចំណុចនេះ ព្រោះមានការលើកទឹកចិត្តពីឪពុកម្តាយ។ ម្យ៉ាងវិញទៀតគិតថា ពេលកំពុងសិក្សាគួរតែស្វែងរកជាបទពិសោធន៍ការងារខាងក្រៅបន្ថែម ហើយរកការងារណាដែលមិនប៉ះពាល់ដល់ម៉ោងសិក្សា ឬជំនាញដែលកំពុងរៀន។
យុវជន ហាក់ ម៉ីម៉ី និស្សិតសិក្សានៅសាលាភូមិន្ទមួយរូបទៀតបានលើកពីបទពិសោធន៍រៀនបណ្តើរធ្វើការបណ្តើរយ៉ាងដូច្នេះថា «ទាក់ទងជាមួយពេលវេលាប្រមាណជា ៧០ ភាគរយ ខ្ញុំត្រូវចំណាយទៅលើការធ្វើការងារ នៅសល់តែ ៣០ភាគរយ ប៉ុណ្ណោះក្នុងការសិក្សារៀនសូត្រ។ ប៉ុន្តែពេលវេលា ៣០ភាគរយក្នុងមួយថ្ងៃនេះគឺគ្រប់គ្រាន់ហើយសម្រាប់ខ្ញុំ ក្នុងការចំណាយទៅលើការសិក្សាស្រាវជ្រាវមេរៀនផ្សេងៗដែលសាលាបានដាក់ឲ្យធ្វើ តែវាក៏អាចប៉ះពាល់ដល់សុខភាពខ្លះៗដែរ ព្រោះរាងកាយត្រូវធ្វើការពេញមួយថ្ងៃ នឹងត្រូវទៅរៀន»។
![](https://www.kampucheathmey.com/wp-content/uploads/2022/08/photo_2022-06-16_19-28-10-1-576x1024.jpg)
ជាមួយគ្នានេះដែរ និស្សិតខាងលើបានបន្តថា បច្ចុប្បន្ននេះបានធ្វើការងារចំនួនពីរកន្លែង ការងារទាំងពីរកន្លែងនោះហាក់ អំណោយផលដល់ការសិក្សារៀនសូត្ររបស់គេទៅវិញ តែទាមទារឲ្យមានការអត់ធ្មត់ ព្យាយាម និងតស៊ូខ្លាំងបំផុត ត្រូវកំណត់ពេលវេលាឱ្យបានច្បាស់លាស់ និងជាក់លាក់ក្នុងដំណើរជីវិតជាពិសេសគឺមានគោលដៅមួយច្បាស់លាស់ ពេលប្រឈមមុខបញ្ហាត្រូវរកឱ្យឃើញនូវប្រភពបញ្ហា និងដោះស្រាយបញ្ហាទាំងនោះម្ដងមួយៗ។
និស្សិតរូបនេះមើលឃើញចំណុចវិជ្ជមានលើការស្វែងរកការងារក្នុងពេលសិក្សាថា ទីមួយអាចគ្រប់គ្រងទៅលើបញ្ហាផ្ទាល់ខ្លួន លើការចំណាយផ្សេងៗ និងអាចផ្គត់ផ្គង់ដល់គ្រួសារ។ ទីពីរ អាចទទួលបានបទពិសោធន៍ថ្មីៗ ក្នុងជីវិតការងារ ឬក្នុងសង្គមខាងក្រៅ នឹងដើម្បីហាត់ពត់លត់ដំសតិអារម្មណ៍ស្មារតីរាងកាយខ្លួនឯងឲ្យក្លាយជាមនុស្សដែលមានទម្លាប់មមាញឹកនៅក្នុងជីវិត និងក្លាយទៅជាពលរដ្ឋសកម្មក្នុងការអភិវឌ្ឍសង្គមឱ្យកាន់តែល្អប្រសើរឡើង។ ម្យ៉ាងវិញទៀត ការប្រកបការងារកំពុងតែសិក្សានេះវាអាចបង្រៀនឲ្យក្លាយទៅជាមនុស្សម្នាក់ ដែលមានទំនួលខុសត្រូខ្ពស់ចំពោះខ្លួនឯង ទាំងក្នុងការសិក្សារៀនសូត្រនឹងការងារផងដែរ។
យ៉ាងណាយុវជនរូបនេះក៏រំលឹកដែរថា ក៏មិនត្រូវកុំភ្លេចថែររក្សាសុខភាព និងផ្លូវចិត្តឲ្យបានល្អពោលគឺ កុំភ្លេចធ្វើលំហាត់ប្រាណ ឬលេងកីឡាជាដើម។ បន្ថែមពីនេះហាក់ ម៉ីម៉ី ក៏ផ្តល់យោបល់ដល់និស្សិតដែលមានបំណងចង់ធ្វើការផងរៀនផង ត្រូវស្វែងរកការងារណា ដែលស៊ីគ្នាជាមួយគោលដៅក្នុងជីវិតដែលបានកំណត់ កុំបោះបង់ការសិក្សា ត្រូវចាំថាធ្វើការដើម្បីរៀនរៀនដើម្បីធ្វើការ។
និស្សិតឈ្មោះ តេន ភារេន សិក្សានៅសាលាភូមិន្ទនីតីសាស្រ្តបានឲ្យដឹងផងថា មុនពេលបានប្រឡងជាប់ជាសិស្សរៀនអាហារូបករណ៍ ៤ឆ្នាំពេញ ដំបូងបានទៅធ្វើការនៅទីរួមខេត្តកំពង់សោម ហើយត្រូវរៀនតាមអនឡាញ មួយឆ្នាំពេញលុះដល់សាលា បើកឲ្យចូលរៀនពេញលេញ ទើបត្រឡប់មកចូលរៀនវិញ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ការចេញពីខេត្តមកនៅភ្នំពេញ និស្សិតរូបនេះត្រូវស្នាក់នៅវត្តជាមួយលោក និងត្រូវស្វែងរកការងារធ្វើបន្ថែមសម្រាប់ផ្គង់ផ្គង់ជីវភាពផ្ទាល់ខ្លួន។
និស្សិតរូបនេះ បានធ្វើការជាជំនួយការគណនេយ្យនៅក្រុមហ៊ុនមួយកន្លែង និងបាននិយាយថា«ខ្ញុំសម្រេចចិត្តថារៀនវេនយប់ ធ្វើការវេនថ្ងៃ ព្រោះដើម្បីទទួលបានបទពិសោធន៍សម្រាប់ខ្លួនឯងពេលរៀនចប់បួនឆ្នាំ នោះបទពិសោធន៍ការងារយើងបួនឆ្នាំដូចគ្នា នឹងមួយទៀតខ្ញុំមិនចង់ចាយលុយអ្នកផ្ទះនោះទេ មិនចង់ឲ្យគាត់ពីបាក់នៅក្នុងការចំណាយមកលើខ្ញុំច្រើនទេ ខ្ញុំចង់ជួយខ្លួនឯងនិងគ្រួសារវិញ»។
![](https://www.kampucheathmey.com/wp-content/uploads/2022/08/279565127_1359731874531210_3090872659833084027_n-1024x682.jpg)
ភារេន បានបន្តថា ការរៀនផងធ្វើការផងពិតជាជួបបញ្ហាលំបាកច្រើន ដោយពេលខ្លះរងសម្ពាធការងារខ្លាំងពេក គិតម្តងៗថាចង់ឈប់រៀន ព្រោះត្រូវរៀនខ្សោយជាងគេ។ ម្យ៉ាងវិញទៀតដោយកន្លែងធ្វើការឆ្ងាយ ត្រូវមករៀនយឺតរាល់ថ្ងៃ ហត់ទាំងកាយ ទាំងចិត្ត។ ប៉ុន្តែ និស្សិតរូបនេះ តែងបន្តនិយាយប្រាប់ខ្លួនឯង «ជីវិតគឺលំបាកបែបនេះ ក៏នឹងគ្មានអ្នកណាមកជួយយើងដែរក្រៅពីយើងខ្លួនឯង»។
យ៉ាងណាមិញ ទោះពេលនេះមិនទាន់ដើរដល់ចំណុចមួយដែលជោគជ័យដូចអ្វីដែលគេបានមើលឃើញ ភារេន បានគូសបញ្ជាក់ថា ក៏អាចដោះស្រាយបញ្ហាខ្លួនបាន អាចកំណត់ពេលវេលាបាន មានពេលច្បាស់លាស់សម្រាប់ការរៀន ការធ្វើការ និងពេលវេលាសម្រាប់ខ្លួនឯង៕
អត្ថបទ៖ ឌឿនចាន់ ថារី
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត