ព័ត៌មានជាតិ
អបអរសាទរទិវាដំរីពិភពលោក៖ វត្តមានកូនដំរីតូចៗក្នុងព្រៃធម្មជាតិបង្ហាញពីក្តីសង្ឃឹមនៃកំណើនសត្វដំរី
ថ្ងៃនេះពិភពលោកទាំងមូលរួមទាំងប្រទេសកម្ពុជាប្រារព្ធទិវាដំរីពិភពលោក ១២ សីហា ដោយបានតាំងចិត្តខ្ពស់ក្នុងការថែរក្សាអភិរក្សសត្វដំរី និងផ្តល់នូវទីជម្រកសុខសាន្តដោយគ្មានការគំរាមកំហែងពីការបរបាញ់ កាត់បន្ថយជម្លោះរវាងមនុស្ស និងដំរី។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានបានថ្លែងនៅថ្ងៃទី១១ ខែសីហា ឆ្នាំ ២០២២ ក្នុងសន្និសីទសារព័ត៌មានអំពីអន្ទាក់សូន្យថា កម្ពុជាបច្ចុប្បន្ននេះ មានដំរីអាស៊ីចន្លោះពី ៤០០ ទៅ ៦០០ ក្បាលដែលភាគច្រើនរស់នៅក្នុងតំបន់ជួរភ្នំក្រវាញ តំបន់ខ្ពង់រាបខាងជើងទន្លេសាប (តំបន់ព្រៃឡង់) និងតំបន់ខ្ពង់រាបភាគខាងកើតក្នុងខេត្តមណ្ឌលគីរី ខេត្តរតនគិរី ដែលជាតំបន់ជីវៈចម្រុះដ៏សំបូរបែបប្រព័ន្ធអេកូទ្បូស៊ី និងមានទីជម្រាលអំណោយផលដល់ការរស់នៅរបស់សត្វដំរី និងសត្វព្រៃផ្សេងៗទៀត។ ចំណែកដំរីស្រុកត្រូវបានប៉ាន់ស្មានថាមានចំនួនប្រមាណជាង ៧០ក្បាល។

ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ប្រទេសកម្ពុជា បានចូលរួមយ៉ាងសកម្មជាមួយប្រទេសនានាលើពិភពលោកក្នុងការអភិរក្សសត្វដំរី ដែលនៅលេសសល់នៅលើពិភពលោកហើយត្រូវបានចាត់បញ្ចូលជាប្រភេទជិតផុតពូជនៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្ដរជាតិ ដើម្បីការអភិរក្សធម្មជាតិ (IUCN) ដោយបានអំពាវនាវឱ្យបញ្ឈប់សកម្មភាពទាំងឡាយ ដែលមានលក្ខណៈគំរាមកំហែងដល់ដំរីជាពិសេសកាត់បន្ថយជម្លោះរវាងមនុស្សនិងដំរី។ ឯកឧត្តមបានលើកឡើងថា «ដំរីអាស៊ីកំពុងរងការគំរាមកំហែងនៅលើសកលលោកដោយសារតែនៅតែមានការបរបាញ់ ការដាក់អន្ទាក់ ជម្លោះរវាងមនុស្ស និងសត្វដំរី និងការចាប់ផ្ស៊ាំយកមកចិញ្ចឹមក្នុងស្រុក ដែលយើងទាំងអស់គ្នាចាំបាច់ត្រូវចូលរួមការពារ និងអភិរក្សសត្វដំរីឱ្យបានគង់វង្ស»។

រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា បានមានប្រសាសន៍ថា យោងតាមការសិក្សាស្រាវ
ជ្រាវរបស់អ្នកជំនាញក្នុងរយៈពេល៦០ ទៅ ៧០ឆ្នាំចុងក្រោយនេះចំនួនដំរីអាស៊ីនៅលើពិភពលោកបានថយចុះប្រហែលជា ៥០ ភាគរយ ចំណែកឯទីជម្រករបស់វាបានបាត់បង់អស់ជិត ៩០ ភាគរយ។ ក្នុងចំណោមដំរីអាស៊ីសរុបប្រមាណពី ៣៩ ៤៦៣ ក្បាលទៅ ៤៧ ៤២៧ក្បាល ដែលកំពុងរស់នៅក្នុងព្រៃសត្វថ្ងៃ ក្នុងនោះប្រហែល ៧៥ ភាគរយរស់នៅក្នុងប្រទេសឥណ្ឌា និងស្រីលង្កា។ ដំរីអាស៊ីត្រូវបានចាត់ទុកថាជាប្រភេទសត្វបង្គោលដ៏សំខាន់ដោយសារសារៈសំខាន់ផ្នែកវប្បធម៌ តួនាទីក្នុងប្រព័ន្ធអេកូឡូស៊ី និងសក្តានុពលដែលអាចការពារប្រភេទសត្វផ្សេងទៀតនៅក្នុងដែនជម្រករបស់វា។
ជាមួយគ្នានេះដែរ រដ្ឋលេខាធិការក្រសួងបរិស្ថានបានបន្ថែមថា ការរិចរិលនៃទីជម្រកបានធ្វើឱ្យដំរីអាស៊ីរស់នៅបែកខ្ញែកពីគ្នា និងបង្កជាឥទ្ធិពលអវិជ្ជមានដល់ស្ថេរភាពយូរអង្វែងរបស់ប្រភេទដ៏សំខាន់នេះ។

យោងតាមទិន្នន័យពីម៉ាស៊ីនថតស្វ័យប្រវត្តិ ដែលបានដាក់នៅក្នុងតំបន់ការពារធម្មជាតិនានាបានរកឃើញថា ដំរីអាស៊ីបានរស់នៅជាហ្វូងនៅក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជា ហើយមានឃើញកូនតូចៗជាច្រើនថែមទៀត។ វត្តមានកូនដំរីតូចៗដែលទើបនឹងកើតនៅក្នុងហ្វូងដំរីធំៗ គឺជាក្តីសង្ឃឹមរបស់ក្រុមអ្នកអភិរក្សនិងក្រុមអ្នកបរិស្ថាន និងបង្ហាញថាដែនជម្រកសត្វព្រៃកម្ពុជាកាន់តែមានសុវត្ថិភាពសម្រាប់ការរស់នៅ និងសម្រាប់ការបន្តពូជរបស់សត្វដំរីព្រៃ។ ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ថ្មីៗនេះ កូវដំរីស្រុក ២ ក្បាលបានកើតនៅរតនគិរី និងនៅមណ្ឌលគិរី ដែលនេះគឺជាដំណឹងដ៏ល្អសម្រាប់ការងារអភិរក្សដំរីស្រុក ផងដែរដែលក្រសួងបរិស្ថានបានយកចិត្តទុកដាក់ខ្ពស់។

ទោះបីជាស្ថានភាពនៃការអភិរក្សតំបន់ការពារធម្មជាតិមានភាពល្អប្រសើរផ្តល់ទីជម្រក ប្រភពទឹក និងចំណីសម្រាប់សត្វដំរីរស់នៅ តែកត្តាគំរាមកំហែងមួយចំនួននៅតែមានជាពិសេសជម្លោះរវាងមនុស្ស និងដំរី ពោលគឺការរុករានទន្ទ្រានកាន់កាប់ដីព្រៃរដ្ឋខុសច្បាប់របស់ក្រុមជនខិលខូច បានប៉ះពាល់ដល់ទីជម្រករបស់សត្វដំរី និងកន្លែងដែលដំរីធ្លាប់រស់នៅនិងរកចំណី និងប្រភពទឹក ដែលពេលខ្លះ មានការជាន់កម្ទេចដំណាំដាំដុះរបស់ប្រជាពលរដ្ឋពីសំណាក់សត្វដំរីជាដើម។ ម្យ៉ាងទៀត គេក៏បានរកឃើញថា កូនដំរីព្រៃកំពុងទទួលរងការគំរាមកំហែងដោយសារតែការដាក់អន្ទាក់ និងការចាប់ដំរីព្រមកចិញ្ចឹម និងហ្វូងដំរីព្រៃមានចំនួនតិចតួចជាកត្តាគំរាមកំហែងផងដែរ។

ចំពោះមុខនៃការគំរាមកំហែងនេះ លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងបរិស្ថាន ជាមួយអង្គការដៃគូ បានខិតខំរៀបចំផែនការសកម្មភាពដើម្បីអភិរក្សសត្វដំរីអាស៊ី។ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ បានថ្លែងថា ក្រុមអភិរក្សដំរីព្រៃនៅកម្ពុជា (CECG) ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៥ ដោយមានការចូលរួមពីក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើ និងអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ និងអង្គការផ្សេងៗទៀត ដើម្បីអភិរក្សដំរីអាស៊ីនៅកម្ពុជា តាមរយៈការរក្សាស្ថិរភាពនិងជំរុញឱ្យមានកំណើនចំនួនប្រភេទសត្វដំរីនេះនៅក្នុងព្រៃនៃប្រទេសកម្ពុជា ហើយផែនការសកម្មភាពដើម្បីអភិរក្សសត្វដំរីអាស៊ីឱ្យនៅគង់វង្សត្រូវបានរៀបចំឡើងសម្រាប់រយៈពេល ១០ឆ្នាំ គឺចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៩ ដោយបានកំណត់នូវបញ្ហាអាទិភាពចំនួន ៧ ក្នុងនោះរួមមានទី១៖ ការកាត់បន្ថយការបាត់បង់ទីជម្រក, ទី២៖ អភិរក្សនិងតភ្ជាប់ច្រករបៀង និងហ្វូងដំរីព្រៃឡើងវិញ, ទី៣៖ ពង្រឹងការអនុវត្តច្បាប់, ទី៤៖ បង្ការមិនឱ្យមានការចាប់ដំរីព្រៃមកចិញ្ចឹម, ទី៥៖ បន្ធូរបន្ថយជម្លោះរវាងសត្វដំរីព្រៃ និងមនុស្ស និងទី៦៖ អប់រំផ្សព្វផ្សាយ ទី៧៖ សិក្សាស្រាវជ្រាវនិងតាមដានត្រួតពិនិត្យចំនួនដំរីអាស៊ី។ តាមរយៈផែនការសកម្មភាពនេះ ក្រសួងបរិស្ថាននិងអង្គការដៃគូ បានរកឃើញថាដំរីចាប់ផ្តើមបង្ហាញវត្តមាននៅតំបន់មួយចំនួនឡើងវិញដូចជានៅតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ជាដើម។

យោងតាមការប៉ាន់ស្មានផែនការសកម្មភាពរយៈពេល ១០ឆ្នាំ ដើម្បីអភិរក្សសត្វដំរីព្រៃអាស៊ីនេះត្រូវការថវិកាចំនួន ៤០,៥លានដុល្លារសហរដ្ឋអាមេរិកដែលជាគម្រោងថវិការំពឹងថានឹងបានមកពីប្រភពរួមបញ្ចូលគ្នាទាំងកញ្ចប់ថវិការាជរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន បានបង្ហាញសុទិដ្ឋិនិយមថាជាមួយនឹងផែនការអភិរក្សសត្វដំរី ការដោះស្រាយជម្លោះរវាងមនុស្សនិងដំរី និងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ លើការងារការពារនិងអភិរក្សតំបន់ការពារធម្មជាតិ នោះនឹងកាន់តែធ្វើឱ្យទីជម្រករបស់សត្ចដំរីកាន់តែមាន សុវត្ថិភាពរួមនឹងការយល់ដឹងនិងការចូលរួមអភិរក្សពីសំណាក់ប្រជាពលរដ្ឋផងដែរ។ ក្រៅពីក្របខណ្ឌអភិរក្ស រាជរដ្ឋាភិបាលកម្ពុជាមានការតាំងចិត្តខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងការជួញដូរសត្វព្រៃខុសច្បាប់ និងលើកឡើងថា គ្រប់ភាគីពាក់ព័ន្ធត្រូវធ្វើការងាររួមគ្នាដើម្បីលុបបំបាត់ការជួញដូរខុសច្បាប់នេះ។

បន្ថែមពីនេះលោក នេត្រ ភក្ត្រា បានថ្លែងថា កម្ពុជាបានរៀបចំយន្តការ ក៏ដូចជាមានច្បាប់ និងអនុវត្តជាប្រចាំដើម្បីបង្ការ ទប់ស្កាត់ និងប្រឆាំងការជួញដូចសត្វព្រៃខុសច្បាប់នេះ ហើយបានបង្ក្រាបលើបទល្មើសជាច្រើន ហើយរំដោះសត្វព្រៃជាច្រើនពីក្រញាំដៃនៃក្រុមជនល្មើស ព្រមទាំងបានចាប់ខ្លួន បញ្ជូនសំណុំរឿងទៅតុលាការផ្តន្ទាទោសតាមច្បាប់ ក៏ដូចជាការផាកពិន័យជាប្រាក់ជាដើម៕



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ