ព័ត៌មានជាតិ
មន្រ្តីជំនាញទេសចរណ៍ខេត្តកោះកុង ចុះពិនិត្យវាយតម្លៃស្តង់ដារសហគមន៍ភ្នំទ័ពជាង
កោះកុង៖ ក្រុមមន្រ្តីមន្ទីរទេសចរណ៍ខេត្តកោះកុង បានចុះពិនិត្យ និងវាយតម្លៃបឋមអំពីស្តង់ដារសហគមន៍តំបន់ការពារធម្មជាតិភ្នំទ័ពជាង មុននឹងចូលរួមប្រឡងប្រណាំងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍គំរូលើកទី៣ ឆ្នាំ២០២២នេះ។
សហគមន៍តំបន់ការពារធម្មជាតិភ្នំទ័ពជាង ជាទីកន្លែងស្នាក់នៅលំហែកាយបែបធម្មជាតិនៃស្រស់ព្រៃភ្នំដ៏ស្រស់ត្រកាលមនោរម្យស្ទើរគ្រប់រដូវកាល ដែលផ្ទៃដីសរុបជាង៣ពាន់ហិចតា ស្ថិតនៅក្នុងភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល។
លោក លី វិត្ថាវ៉ាន់ អនុប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង ឱ្យដឹងនៅថ្ងៃទី១៣ ខែសីហាថា តបនឹងអ្វីដែលសហគមន៍មានស្រាប់ ក្រុមមន្រ្តីរបស់លោក ចាំបាច់ចុះពិនិត្យវាយតម្លៃពីស្ថានភាពជាក់ស្តែងឱ្យត្រឹមត្រូវបានលក្ខខណ្ឌស្តង់ដារសហគមន៍ទេសចរណ៍ រួមមាន៖ផ្លូវធ្វើដំណើរចូលសហគមន៍ ផ្ទះស្នាក់នៅ បោះតង់ ផ្តល់សេវាកម្មចំណីអាហារ ការដឹកជញ្ចូននាំភ្ញៀវកម្សាន្ត សោភ័ណ្ឌភាពបរិស្ថានអនាម័យក្នុងសហគមន៍ និងចំណតយានយន្តជាដើម។
លោក លី វិត្ថាវ៉ាន់ បន្ថែមថា សហគមន៍ការពារធម្មជាតិភ្នំទ័ពជាង នៅខ្វះលក្ខខណ្ឌបន្តិចបន្តួចប៉ុណ្ណោះដែលត្រូវតម្រូវកែលម្អបន្ថែម ដោយគ្មានចំណតចតរថយន្ត ធុងសំរាម និងបរិស្ថានមិនសមប្រកបមួយចំនួន។ ចំពោះលទ្ធផលនៃការវាយតម្លៃនេះ នឹងមានបើកសិក្ខាសាលាមួយ ដើម្បីពិគ្រោះយោបល់រវាងមន្ទីរអង្គភាពជំុវិញខេត្ត មុននឹងអាចដាក់ពាក្យចូលរួមប្រលងប្រណាំងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍គំរូលើកទី៣ នៅខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ។
បើតាមលោកអនុប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង ក្នុងចំណោមផ្ទៃដីសរុប៣ពាន់ហិចតា មាន៤ហិចតាដែលក្រសួងបរិស្ថានកំពុងគៀងគរអ្នកវិនិយោគក្នុងសហគមន៍ការពារធម្មជាតិភ្នំទ័ពជាងនេះ ក្នុងន័យបង្កើនប្រាក់ចំណូលដល់ប្រជាសហគមន៍ប្រមាណ៣០០គ្រួសារ ទប់ស្កាត់ការទន្រ្ទានដីព្រៃឈើ និងលើកកម្ពស់វិស័យទេសចរណ៍បរិស្ថាន។
កន្លងទៅ មានសហគមន៍អេកូទេសចរធម្មជាតិជីផាត់ និងតំបន់អេកូទេសចរធម្មជាតិឆាយអារ៉ែង បានជាប់ជ័យលាភីលេខ១ការប្រឡងប្រណាំងរបស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍។
សហគមន៍ការពារធម្មជាតិភ្នំទ័ពជាង ស្ថិតនៅភាគនិរតីនៃតំបន់ជួរភ្នំក្រវាញ មានចម្ងាយជាង២០គីឡូម៉ែត្រ ប្រសិនបើលោកអ្នកធ្វើដំណើរពីផ្លូវជាតិលេខ៤៨ម្តុំគល់ស្ពានស្រែអំបិល ដែលជាតំបន់លាយខ្លួនកណ្តាលព្រៃភ្នំ។ អ្វីដែលអ្នកកម្សាន្តបានទៅកោតសរសើរសក្តានុពលធម្មជាតិគួរទាក់ទាញ ដូចជា ទេសភាពពពកវិល ផ្ទាំងថ្មដែលដុះ ទឹកធ្លាក់ស្ទឹងពព្រូល ដំណើរកម្សាន្តដើរព្រៃបែបផ្សងព្រេង ស្ទូចត្រី បោះតង់ និងវារីអគ្គិសនីគិរីរម្យ៣។
យោងតាមវេបសាយ ភ្នំទ័ពជាង បានឲ្យដឹងថា សេវាកម្មអ្នកនាំភ្ញៀវម្នាក់ ១០ ដុល្លារក្នុង ១ ថ្ងៃ គោយន្ដ ២៥ ដុល្លារក្នុង ១ ថ្ងៃ ជួលម៉ូតូ ១០ ដុល្លារ ជួលកង់ ៥ ដុល្លារ ទូក ៥ ដុល្លារម្នាក់ និងជួលតង់ ៥ ដុល្លារម្នាក់សម្រាប់ ១ យប់៕ អត្តបទៈសិរីវឌ្ឍនៈ
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់