Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីសាធារណការ ស្នើ សម្តេច ស ខេង ជួយឱ្យ​អាជ្ញាធរហាមឃាត់ពលរដ្ឋកាត់លួសរបងតាមផ្លូវល្បឿនលឿន

បានផុស

នៅ

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានស្នើឱ្យសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជួយឱ្យអាជ្ញាធរមូលដ្ឋាន​អប់រំ និងហាមឃាត់​ប្រជាពលរដ្ឋកុំឱ្យកាត់លួសរបងតាមដងផ្លូវល្បឿនលឿនជាបន្តទៀត ខណៈផ្លូវនេះគ្រោងនឹងដាក់ឱ្យដំណើរការនៅខែតុលាខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាស​ទី២ ឆ្នាំ២០២២ នៅព្រឹកថ្ងៃទី១៨ ខែសីហានេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​ បានមានប្រសាសន៍ថា «សព្វថ្ងៃនេះមានប្រជាពលរដ្ឋមួយចំនួនបានកាត់របងលួសនៅតាមដងផ្លូវដើម្បីគាត់ដឹកគោឆ្លងកាត់ផ្លូវ។ ដូចនេះខ្ញុំសូមស្នើឱ្យសម្តេចក្រឡាហោម ជួយ​ណែនាំដល់អាជ្ញាធរអប់រំដល់ប្រជា​ពលរដ្ឋកុំកាត់​លួសរបងនៅតាមដងផ្លូវជាបន្តទៀតព្រោះថា របង​លួសនេះដើម្បីឃាំងកុំឱ្យសព្វពាហៈនៈផ្សេងៗដើរឆ្លងកាត់ការពារដល់សុវត្តិភាពអ្នកបើកបរធ្វើដំណើរនៅលើដងផ្លូវ»។

លោកទេសរដ្ឋមន្ត្រីបានបន្តថា ផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តព្រះសីហនុនេះ នឹងដាក់ឱ្យដំណើរការនៅខែតុលា ឆ្នាំ២០២២ ខាងមុខនេះ ដោយមិនយកថ្លៃសេវារយៈពេល១​ខែដើម្បីឱ្យប្រជាពលរដ្ឋបានបើក​សាកល្បងធ្វើដំណើរនៅលើដងផ្លូវនេះ។

លោកទេសរដ្ឋមន្ត្រីបានបន្តទៀតថា ក្រៅពីនេះក្រសួងបានត្រៀមស្ប៉តអប់រំចំនួន៥ដើម្បីផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋបានយល់ដឹងឱ្យបានកាន់តែច្បាស់ងាយស្រួលធ្វើដំ​ណើរនៅលើផ្លូវនេះបញ្ជៀស​ពីគ្រោះថ្នាក់​ចរាចរណ៍។ ទន្ទឹមនឹងនេះ លោកទេសរដ្ឋមន្ត្រីបានបន្ថែមថា ខាងក្រុមហ៊ុនមានបំពាក់កាមេរ៉ានៅទីបញ្ជាការរួមមួយដែលអាចមើលឃើញនៅតាមដងផ្លូវគ្រប់ទីកន្លែងទាំងអស់ដើម្បីងាយស្រួលពេលមានបញ្ហា​អ្វី​មួយ​អាច​ទៅជួយសង្គ្រោះបានទាន់ពេលវេលា។ ម្យ៉ាងទៀតក្រសួងក៏កំពុងសហការជាមួយខាងក្រុមហ៊ុនដើម្បីរកវិធីសាស្ត្រយ៉ាងណាផ្តល់សេវាដល់ប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវពេលគាត់មានបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ត្រូវមានរថយន្តសង្គ្រោះពេលរថយន្តខូចមានជាងជួសជុល។

លោកទេសរដ្ឋមន្ត្រីបានបន្តឱ្យដឹងទៀតថា ខាងអគ្គស្នងការនគរបាលជាតិ នឹងដាក់កម្លាំងនៅតាមដងផ្លូវប្រមាណ១៨នាក់ ហើយមាន៣នាក់ដាក់ប្រចាំការនៅកន្លែងត្រួតពិនិត្យ​កាម៉ារ៉ាដើម្បីធ្វើការសហការ​ជាមួយខាង​ក្រុមហ៊ុន ខណៈបច្ចុប្បន្នក្រុមហ៊ុនកំពុងទិញបំពាក់កាម៉ារ៉ានៅតាមដងផ្លូវផងដែរដើម្បីធានាដល់សុវត្តិភាពអ្នកបើកបរនៅលើផ្លូវនេះផងដែរ។

គួរបញ្ជាក់ថា គម្រោងផ្លូវល្បឿនលឿននៅកម្ពុជាលើកដំបូងនេះមានប្រវែងសរុបជាង១៩០គីឡូម៉ែត្រ ចាប់ពីក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ក្រុងព្រះសីហនុ​ដោយមានទទឹង​តួផ្លូវ២៤,៥ម៉ែត្រ និងក្រាលបេតុងកៅស៊ូ(AC)កម្រាស់១០សង់ទីម៉ែត្រ ចំណែកគន្លងផ្លូវធ្វើចរាចរចែកជា៤គន្លង (២គន្លងទៅ ២គន្លងមក) ដែលអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទអាចបើកបរក្នុងល្បឿនរហូតដល់១០០គីឡូម៉ែត្រក្នុងមួយម៉ោង និងកន្លែងខ្លះអាចបើកបរក្នុងល្បឿនដល់១២០គីឡូម៉ែត្រក្នុងមួយម៉ោង។

តាមផែនការផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុ នឹងចប់រួចរាល់ជាស្ថាពរនៅខែកញ្ញា ឆ្នាំ២០២២ បន្ទាប់ពីបើកការដ្ឋានសាងសង់នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្នុងទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន​(CRBC)​ពីប្រទេសចិនតាមរយៈក្រុមហ៊ុន Cambodian PPSHVExpressway Co.,Ltd ប្រមាណ២.០០០លានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលចិនប្រមាណ១៥០លានដុល្លារអាមេរិក៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម