ព័ត៌មានជាតិ
អគ្គលេខាធិការក្លិបកោះកុង មោទកភាពក្រោយក្លិបបានឡើងវគ្គ ៨ ក្រុមចុងក្រោយពានសម្តេចតេជោ លើកដំបូង
ក្លិបបាល់ទាត់កោះកុងអេហ្វស៊ី បានឡើងវគ្គ ៨ ក្រុមចុងក្រោយ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ ២០២២ វគ្គថ្នាក់ជាតិ បន្ទាប់ពីបានយកឈ្នះលើ ក្លិបបាល់ទាត់អង្គរថាយហ្គឺរ ក្នុងលទ្ធផលសរុបទាំងពីរជើង ៤-៣។

បានឡើងបែបនេះ បន្ទាប់ពីជើងទី ១ កោះកុង រងបរាជ័យ ១-២ ប៉ុន្តែជើងទី ២ បានវាយបកយកឈ្នះ ១-៣ វិញ នាំឱ្យបំបែកកំណត់ត្រាជាប្រវត្តិសាស្ត្រសម្រាប់ក្លិបដែលបានឡើងដល់វគ្គនេះ ខណៈលោក សូ សំណាង អគ្គលេខាធិការក្លិប បានសម្ដែងក្ដីមោទកភាព ដ្បិតជាលើកដំបូងសម្រាប់ក្រុមតំណាងខេត្តមួយនេះ។
ថ្លែងប្រាប់មកកាន់ ‘កម្ពុជាថ្មី’ លោក សូ សំណាង បានសម្ដែងចំណាប់អារម្មណ៍ដូច្នេះថា៖ «ខ្ញុំមានអារម្មណ៍ថាសប្បាយចិត្ត និងរំភើបយ៉ាងខ្លាំង ដែលជាប្រវត្តិសាស្ត្ររបស់ក្លិបកោះកុង លើកដំបូង បានឆ្លងផុតវគ្គ ១៦ ក្រុម ទៅវគ្គបន្តគឺវគ្គ ៨ ក្រុម ហើយពួកខ្ញុំ ក្រុមការងារ ហើយនឹងកីឡាករពិតជារំភើបខ្លាំងមែនទែន ដែលបានឆ្លងទៅវគ្គបន្តនេះ។ ជាពិសេសកម្លាំងចិត្តបានមកពីអ្នកគាំទ្ររបស់យើង ហើយជាពិសេសមួយទៀត គឺអ្នកនៅពីក្រោយខ្នង គឺថ្នាក់ដឹកនាំខេត្ត និងលោកប្រធានសមាគម អនុប្រធានសមាគម និងសមាជិកដទៃទៀត ដែលតែងតែលើកទឹកចិត្តដល់ពួកយើង ឱ្យយើងមានកម្លាំងចិត្តមួយដែលអាចពុះពារបាន ចូលមកដល់វគ្គបន្តបន្ទាប់ទៀត។»

នៅវគ្គ ៨ ក្រុមចុងក្រោយ កោះកុង នឹងត្រូវជួប បឹងកេត ខណៈអគ្គលេខាធិការដដែលរូបនេះ រំពឹងក្រុមនឹងព្យាយាមឱ្យអស់ពីលទ្ធភាព និងសង្ឃឹមថាមានអ្នកគាំទ្រចូលរួមទស្សនាដើម្បីជាកម្លាំងចិត្ត។
«ក្នុងវគ្គ ៨ ក្រុមពួកយើងនឹងធ្វើឱ្យបានល្អ នឹងធ្វើឱ្យអស់ពីលទ្ធភាពដែលពួកយើងមាន។ ការប្រកួតយើងជាមួយបឹងកេត គឺយើងចង់ឱ្យមានអ្នកគាំទ្ររបស់ក្រុមទាំងពីរ ជាពិសេសអ្នកគាំទ្ររបស់ក្រុមកោះកុង ចូលរួមឱ្យបានច្រើនកុះករដើម្បីជួយលើកទឹកចិត្តដ៏សំខាន់ ដើម្បីឱ្យក្រុមការងារ ក្រុមកីឡាករកោះកុងមានកម្លាំងចិត្តដ៏ពិសេសមួយ ដើម្បីឈានទៅវគ្គបន្ត និងជោគជ័យបន្តទៀត តែអ្វីដែលយើងគិតវាមិនងាយស្រួល ប៉ុន្តែពួកយើងនឹងប្រឹងឱ្យអស់ពីលទ្ធភាព។» សម្ដីទាំងស្រុងរបស់ លោក សូ សំណាង។

បញ្ជាក់ថា កោះកុង នឹងត្រូវជួប បឹងកេត ជើងទី ១ នៅថ្ងៃទី ២៤ ខែសីហា នៅទឹកដីរបស់ខ្លួន ក្នុងទីលានវិទ្យាល័យ តេជោសែន កោះកុង និងជើងទី ២ ទៅទឹកដីរបស់បឹងកេត កីឡដ្ឋានខេមបូឌាអ៊ែវ៉េ វិញនៅថ្ងៃទី ៣១ ខែសីហា៕
អត្ថបទ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ