ព័ត៌មានជាតិ
ប្រធានមហាសន្និបាត អ.ស.ប លើកទី ៧៦ បង្ហាញក្ដីគោរពចំពោះសម្ដេចតេជោ ដែលដឹកនាំកម្ពុជា ទទួលបានសុខសន្តិភាព និងស្ថិរភាព ពេញលេញ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២២នេះ បានអនុញ្ញាតឲ្យលោក អាប់ឌូឡា សាហ៊ីដ (Abdulla SHAHID) ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ (អ.ស.ប) លើកទី ៧៦ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ទីស្ដីការនាយករដ្ឋមន្ត្រី។

នៅក្នុងឱកាសនោះ លោក អាប់ឌូឡា សាហ៊ីដ បានបង្ហាញក្ដីគោរពចំពោះសម្ដេចតេជោ ដែលដឹកនាំប្រទេសកម្ពុជា ទទួលបានសុខសន្តិភាព និងស្ថិរភាពពេញលេញ តាមរយៈនយោបាយឈ្នះ-ឈ្នះ ហើយនយោបាយឈ្នះ-ឈ្នះ នេះ គឺមិនទុកឲ្យនរណាម្នាក់នៅក្រៅឆាកឡើយ និងមិនឲ្យមានការសងសឹកទៅវិញទៅមកនោះដែរ។ ផ្ទុយទៅវិញ គឺមានតែជំរុញឲ្យមានការធ្វើសមាហរណកម្មនៅទូទាំងប្រទេស តែម្ដង។ លោក ក៏បានសម្ដែងការគោរពផងដែរចំពោះសម្ដេចតេជោ ដែលបានដឹកនាំប្រទេសកម្ពុជា ឲ្យមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ហើយភ្នំពេញ គឺជារាជធានីមួយដូចនឹងរាជធានីរបស់ប្រទេសដទៃទៀត ដែលជាប្រទេសអភិវឌ្ឍន៍នៅលើពិភពលោក។

ជាមួយគ្នានេះ លោក អាប់ឌូឡា សាហ៊ីដ ក៏ថ្លែងនូវការគោរពចំពោះសម្ដេចតេជោ ដែលបានបញ្ជូនកងទ័ពមួកខៀវកម្ពុជា ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ទៅកាន់ប្រទេសជាច្រើននៅលើពិភពលោក ដើម្បីចូលរួមការពារសន្តិភាព។ លោកថា កម្ពុជា គឺជាប្រទេសមួយ ដែលធ្លាប់ទទួលកងទ័ពមួកខៀវមកការពារសន្តិភាព តែនៅពេលនេះកម្ពុជាបានប្រែក្លាយខ្លួនទៅជាប្រទេសមួយ ដែលបញ្ជូនកងទ័ពរបស់ខ្លួនទៅជួយរក្សាសន្តិភាព នៅតាមបណ្ដាប្រទេសដទៃៗទៀត ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ដែលនេះជាជោគជ័យដ៏ធំធេង និងជាការប្រែប្រួលមួយដ៏គួរគោរពមួយសម្រាប់កម្ពុជា។

ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ (អ.ស.ប) លើកទី ៧៦ ក៏បានវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់សម្ដេចតេជោ ដែលដឹកនាំអាស៊ានក្នុងឆ្នាំ ២០២២នេះ ឲ្យក្លាយទៅជាអង្គការមួយដែលមានការទទួលការគោរព កោតសរសើរ អំពីបណ្ដាប្រទេសដទៃៗទៀត នៅក្នុងពិភពលោក ហើយលោកជំរុញឲ្យមានការបង្កើតអង្គការផ្សេងទៀត ឲ្យដូចជាអាស៊ាន ដើម្បីទទួលបាននូវការអភិវឌ្ឍតំបន់ ក៏ដូចជាទទួលបាននូវសុខសន្តិភាព និងស្ថិរភាពតំបន់ដទៃៗទៀតដែរ។

លើសពីនេះទៀត លោក អាប់ឌូឡា សាហ៊ីដ ក៏បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានប្ដេជ្ញាចិត្តក្នុងការនាំប្រទេស ទៅកាន់ប្រទេសមួយដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់នៅក្នុងឆ្នាំ ២០៥០ ជាមួយគ្នានោះដែរលោក អាប់ឌូឡា ក៏បានសង្កេតឃើញនូវសក្ដានុពលនៅកម្ពុជា ដែលប្រទេសម៉ាល់ឌីវ និងប្រទេសកម្ពុជា អាចធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា ជាពិសេសលើវិស័យពាណិជ្ជកម្ម។ លោកបន្ថែមទៀតថា ប្រទេសកម្ពុជា មានប្រភពចំណីអាហារ ដែលអាចនាំចេញទៅប្រទេសម៉ាល់ឌីវ ដោយក្នុងន័យនេះលោក អាប់ឌូឡា បានជម្រាបជូនសម្ដេចតេជោថា នឹងសហការជាមួយក្រសួងការបរទេសកម្ពុជា ហើយជំរុញអ្នកវិនិយោគម៉ាល់ឌីវ ឲ្យមកពិនិត្យមើលការវិនិយោគនៅកម្ពុជា ដើម្បីជំរុញទំហំពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការ និងសេដ្ឋកិច្ច រវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរថែមទៀត។

ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណចំពោះលោក អាប់ឌូឡា សាហ៊ីដ ដែលបានលើកឡើងនូវចំណុចល្អៗរបស់កម្ពុជា ហើយស្នើសុំលោកដែលជារដ្ឋមន្ត្រីការបរទេសម៉ាល់ឌីវផង ជួយជំរុញអ្នកវិនិយោគឲ្យមកពិនិត្យមើលសក្ដានុពលនៅកម្ពុជា ដើម្បីធ្វើយ៉ាងណាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម រវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរឡើង។
ជាមួយគ្នានេះសម្ដេចតេជោ ក៏បានជម្រាបជូនលោក អាប់ឌូឡា សាហ៊ីដ អំពីភាពអនុគ្រោះនៃការវិនិយោគនៅកម្ពុជា ជាពិសេសនៅលើវិស័យកសិកម្ម ដោយសម្ដេចបានថ្លែងថា នៅកម្ពុជាអនុញ្ញាតឲ្យជនបរទេស មកបណ្ដាក់ទុនវិនិយោគ ១០០ភាគរយតែម្ដង ជាពិសេសនៅក្នុងការដាក់ទុនលើការដំឡើងម៉ាស៊ីនកិនស្រូវ ឃ្លាំងស្តុកស្រូវ និងការប្រមូលទិញស្រូវផ្ទាល់ពីប្រជាកសិករ ដើម្បីកិន និងនាំចេញទៅកាន់ប្រទេសដទៃ។ ក្នុងន័យនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានស្នើសុំឲ្យលោក អាប់ឌូឡា សាហ៊ីដ លើកទឹកចិត្តឲ្យអ្នកវិនិយោគម៉ាល់ឌីវ ពិនិត្យលើការវិនិយោគលើកសិផលស្រូវ អង្ករ នៅកម្ពុជា ដើម្បីនាំចេញទៅកាន់ប្រទេសម៉ាល់ឌីវផងដែរ៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?