ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់បក្សកុម្មុយនិស្តវៀតណាម វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពកម្ពុជា លើការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងតួនាទីនៅលើឆាកអន្តរជាតិ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២២នេះ បានអនុញ្ញាតឲ្យលោក ឡេ ហាយជុង សមាជិកមជ្ឈិមបក្ស និងប្រធានគណៈទាក់ទងបរទេសថ្មី នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ជួបសម្តែងការគួរសម និងពិភាក្សាការងារ។
នៅក្នុងជំនួបនោះ លោក ឡេ ហាយជុង បាននាំយកនូវការផ្ដាំផ្ញើការសួរសុខទុក្ខ ពីសំណាក់លោកអគ្គលេខាធិការបក្ស លោកប្រមុខរដ្ឋ លោកនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំវៀតណាម គោរពជូនសម្ដេចតេជោ។ ក្នុងនោះដែរ លោក ឡេ ហាយជុង បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព ដែលកម្ពុជាទទួលបានលើការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ក៏ដូចជា តួនាទីរបស់កម្ពុជានៅលើឆាកអន្តរជាតិ។
លោកក៏បានសម្ដែងនូវការអបអរសាទរ ជូនចំពោះសម្ដេចតេជោ ដែលបានទទួលជោគជ័យយ៉ាងភ្លូកទឹកភ្លូកដី អំពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់កន្លងមក ហើយលោកក៏បានជម្រាបជូនសម្ដេចតេជោថា ដំណើរទស្សនកិច្ចរបស់លោក មកកាន់ប្រទេសកម្ពុជានាពេលនេះ គឺដើម្បីលើកស្ទួយទំនាក់ទំនង និងសាមគ្គីភាពរវាងបក្ស និងបក្ស រដ្ឋ និងរដ្ឋ ប្រជាជន និងប្រជាជន ដែលធ្វើទំនាក់ទំនងកាន់តែរឹងមាំ និងមានប្រសិទ្ធភាព ទាំងតាមយន្ដការទ្វេភាគី និងតាមយន្ដការពហុភាគី។
ក្នុងឱកាសនោះដែរ លោក ឡេ ហាយជុង ក៏បានសម្ដែងនូវការគាំទ្រចំពោះកម្ពុជា ដែលកំពុងតែធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ ២០២២នេះ និងជូនពរឲ្យទទួលបានជោគជ័យបន្តទៀត។ លោកក៏បានសម្ដែងការអបអរសាទរ ជូនចំពោះសម្ដេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានទប់ស្កាត់ជំងឺកូវីដ-១៩ បានយ៉ាងជោគជ័យ ហើយបានបើកប្រទេស បើកសេដ្ឋកិច្ចឡើងវិញ ហើយព្រមទាំងបានបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចពាក់ព័ន្ធដោយផ្ទាល់ ដែលទទួលបានជោគជ័យកាលពីពេលថ្មីៗផងដែរ។
ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះលោក ឡេ ហាយជុង ដែលបាននាំយកការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់អគ្គលេខាធិការបក្ស លោកប្រមុខរដ្ឋ លោកនាយករដ្ឋមន្ត្រី ក៏ដូចជាថ្នាក់ដឹកនាំវៀតណាម ជូនចំពោះសម្ដេច ហើយក៏អរគុណផងដែរ ដែលគាំទ្រកម្ពុជាក្នុងការធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ ២០២២នេះ។
ជាមួយគ្នានេះសម្ដេចតេជោ ហ៊ុន សែន ក៏បានឯកភាពចំពោះការវាយតម្លៃ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយសម្ដេចបានលើកឡើងថា ទំនាក់ទំនងសេដ្ឋកិច្ច គឺគាំទ្រឲ្យទំនាក់ទំនងនយោបាយ។ ក្នុងន័យនេះ ឈរលើមូលដ្ឋានដែលមានស្រាប់ គប្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ឲ្យកាន់តែខ្លាំងឡើងថែមទៀត ជាពិសេសបន្តកែប្រែតំបន់អតីតសង្រ្គាម តំបន់ព្រំដែន ឲ្យទៅជាតំបន់សន្តិភាព អភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ។ ឆ្លៀតក្នុងឱកាសនោះដែរ សម្ដេចតេជោ ក៏បានសម្ដែងនូវការអបអរសាទរ ជូនចំពោះរដ្ឋាភិបាល និងគណបក្សកុម្មុយនិស្តវៀតណាម ដែលបានទទួលជោគជ័យក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ផងដែរ៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ចរាចរណ៍៦ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ចរាចរណ៍៦ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ
-
កីឡា៣ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤