Connect with us

ព័ត៌មានជាតិ

តើលោក សុខ សង្វារ កូនប្រុសពៅសម្ដេច សុខ អាន បញ្ចប់ការសិក្សានៅប្រទេសណាខ្លះ?

បានផុស

នៅ

លោក សុខ សង្វារ គឺជាកូនប្រុសពៅរបស់សម្ដេចវិបុលបញ្ញា សុខ អាន អតីតឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីទទួលបន្ទុក ទីស្ដីការគណៈរដ្ឋមន្ត្រី និងលោកជំទាវ ថេង អាយអាន្នី។ លោក ជាបញ្ញាវន្តខ្មែរមួយរូប ដែលទទួលការសិក្សាអប់រំនៅក្រៅប្រទេសតាំងពីកុមារភាព។ ក្រៅពីនេះ លោក ក៏ធ្លាប់ឆ្លងកាត់ការងារជាច្រើនផងដែរទាំងក្នុង និងក្រៅប្រទេស។

តើលោក សុខ សង្វារ  ឆ្លងកាត់ការសិក្សានៅប្រទេសណាខ្លះ? ហើយមានបទពិសោធការងារអ្វីខ្លះ? នៅថ្ងៃនេះ «កម្ពុជាថ្មី» នឹងលម្អិតប្រវត្តិសិក្សា និងបទពិសោធការងាររបស់លោក ដូចខាងក្រោម៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុខ សង្វារ កើតនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ១៩៨៧ នៅរាជធានីភ្នំពេញ។ លោក សុខ សង្វារ ត្រូវបានក្រុមគ្រួសារជញ្ជូនទៅរៀននៅប្រទេសបារាំង នៅឆ្នាំ១៩៩៨ ដែលកាលណោះ លោកទើបតែមានវ័យ ១១ឆ្នាំប៉ុណ្ណោះ។ ក្នុងរយៈពេលស្នាក់នៅ និងរៀនសូត្រនៅប្រទេសបារាំងនេះ លោកបានបញ្ចប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិនៅអនុវិទ្យាល័យ ឡឺសឺគ្រៃ (LE SEGRAIS) ទីក្រុងម៉ានឡាវ៉ាឡេ នៅឆ្នាំ២០០២ និងបញ្ចប់សញ្ញាបត្រមធ្យមទុតិយភូមិ ផ្នែកសេដ្ឋកិច្ច និងសង្គម ពីវិទ្យាល័យ ស្តានីសឡាស (STANISLAS) ទីក្រុងប៉ារីស នៅឆ្នាំ២០០៥ ដោយទទួលបាននិទ្ទេសកត្តិយស។

នៅខែកក្កដា ឆ្នាំ២០០៥ លោក សុខ សង្វារ  បានបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅប្រទេសស្វីស ដោយនៅឆ្នាំ២០០៨ លោក ទទួលបានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រផ្នែកបដិសណ្ឋារកិច្ច និងគ្រប់គ្រងទេសចរណ៍ នៅវិទ្យាស្ថានឧត្តមសិក្សា គ្លីយុង (GLION) ទីក្រុងប៊ូឡល ដែលមានជ័យលាភីស្រាវជ្រាវល្អបំផុត។ នៅឆ្នាំ២០១២-២០១៣ លោក ក៏សម្រេចបន្តសិក្សាយកសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញសិល្បៈសេរីនៃបេតិកភណ្ឌវប្បធម៌ និងបរិស្ថាន នៅសាកលវិទ្យា ល័យជាតិអូស្ត្រាលី រដ្ឋធានីកង់បេរ៉ា។ ចំពោះជំនាញភាសាបរទេស គឺលោក ចេះភាសាបារាំង អង់គ្លេស យ៉ាងស្ទាត់ និងភាសាអេស្ប៉ាញ តិចតួច។

សម្រាប់បទពិសោធការងារវិញ លោក សុខ សង្វារ ធ្លាប់បម្រើការងារនៅក្នុងសណ្ឋាគារ និងបដិសណ្ឋារកិច្ច ដោយនៅឆ្នាំ២០០៦ បម្រើការងារនៅសណ្ឋាគារ RAFFLES ប្រទេសសឹង្ហបុរី និងនៅឆ្នាំ២០០៧ ផ្លាស់ប្ដូរទៅបម្រើការនៅសណ្ឋាគារ GRAND HYATT ទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី។ ក្រោយវិលត្រឡប់មកប្រទេសកម្ពុជាវិញ នៅឆ្នាំ ២០០៨ គឺលោក សុខ សង្វារ ក៏ត្រូវបានតែងតាំងតួនាទីជាបន្តបន្ទាប់នៅក្នុងកិច្ចការរដ្ឋ ដូចជា៖

  • ឆ្នាំ២០០៩-២០១៣ ជាអនុប្រធាននាយកដ្ឋានឧស្សាហកម្មទេសចរណ៍នៃក្រសួងទេសចរណ៍
  • ឆ្នាំ២០១៣-២០២០ ជាប្រធានក្រុមការងារអនុវត្តន៍ផែនការគ្រប់គ្រងទេសចរណ៍អង្គរ
  • ឆ្នាំ២០១៥-២០២០ កាន់តំណែងជាអគ្គនាយករងអាជ្ញាធរជាតិអប្សរា  
  • ឆ្នាំ២០២០ ដល់បច្ចុប្បន្ន ជាអនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ទទួលបន្ទុកការងារសិក្សាទីផ្សារ និងផ្សព្វផ្សាយទេចរណ៍ក្រៅប្រទេស។

ក្រៅពីនេះ លោក សុខ សង្វារ ក៏បានចូលរួមយ៉ាងសកម្មជាមួយគណៈកម្មាធិការបេតិកភណ្ឌពិភពលោក គណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់អង្គរ ហៅកាត់ថា ICC Angkor និងមូនិធិបូជនីយដ្ឋានពិភពលោក ទីក្រុងញូយ៉ក សហរដ្ឋអាមេរិក។ សម្រាប់ការងារយុវជន និងសង្គម លោក គឺជាសមាជិកគណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាអនុប្រធានគណៈស្នងការកាយរឹទ្ធជាតិកម្ពុជា៕

ដោយ ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម