Connect with us

ព័ត៌មានជាតិ

ទីទួលសុវត្ថិភាពស្តង់ដារ នឹង​សាងសង់​បន្ថែមនៅតំបន់​​ប្រឈមគ្រោះទឹកជំនន់

បានផុស

នៅ

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រងគ្រោះមហន្តរាយ គ្រោងនឹងសាងសង់ទីទួលសុវត្តិភាពដែលមានលក្ខណៈស្តង់ដារបន្ថែមទៀតនៅតាមតំបន់ដែលប្រឈមខ្ពស់ទៅទឹកជំនន់ ខណៈបច្ចុប្បន្នមានទីទួលសុវត្តិភាពទាំងលក្ខណៈស្តង់ដារ និងមិនទាន់ស្តង់ដារចំនួន៩ទីតាំងប៉ុណ្ណោះ។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រងគ្រោះមហន្តរាយមានប្រសាសន៍នៅព្រឹកថ្ងៃទី ២៤ សីហានេះថា ផែនការសាងសង់ទួលសុវត្តិភាពស្តង់ដារបន្ថែមទៀតនេះ ដោយសារមានតំបន់មួយចំនួនដូចជាខេត្ត បន្ទាយមានជ័យ បាត់ដំបង និងឧត្តរមានជ័យជាដើម ប្រឈមនឹងការលិចលង់ជារៀងរាល់ឆ្នាំហើយមានលក្ខណៈធ្ងន់ធ្ងរដែលតម្រូវឱ្យមានការជម្លៀសបងប្អូនប្រជាពលរដ្ឋទៅរកទីទួលសុវត្តិភាពជាចាំបាច់ ដោយសារខេត្តទាំងនោះនៅមិនទាន់មានទីទួលសុវត្តិភាពមានលក្ខណៈ​ស្តង់ដារនៅឡើយទេ ពោលគឺមានតែទីទួលធម្មជាតិដូចជា ផ្លូវថ្នល់ អគារ សាលារៀននិងរវត្តអារាមដែលមានទីទួលខ្ពស់មិនលិចទឹក សម្រាប់ជម្លៀសប្រជាពលរដ្ឋទៅស្នាក់នៅបណ្តោះអាសន្ន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបន្តថា « អីចឹងទេយើងកំពុងពិនិត្យមើលតំបន់ទាំងនោះដែលប្រឈមទៅនឹងទឹកជំនន់ទៅតាមការជាក់ស្តែងដើម្បីរៀបចំសាងសង់ទីទួលសុវត្តិភាពដែលមានលក្ខណៈស្តង់ដារសម្រាប់ផ្តល់កន្លែងស្នាក់នៅបណ្តោះអាសន្ន ដែលមានហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរដល់ប្រជាពលរដ្ឋបានរស់នៅសមរម្យ»។

លោកបានបន្តទៀតថា ទីទួលសុវត្តិភាពដែលមានលក្ខណៈស្តង់ដារនេះមានអគារធំទូលាយអាចដាក់មនុស្សបានច្រើនរហូត​ដល់ទៅ ៥០០នាក់មានកន្លែងសម្រាក ផ្ទះបាយ បន្ទប់ទឹក ឃ្លាំងដាក់ឥវ៉ាន់ កន្លែងបោកគក់ អណ្តូងទឹក មានម៉ាស៊ីនភ្លើង បំពាក់ប្រព័ន្ធសូឡានិងមានបំពាក់ប្រព័ន្ធការពាររន្ទះផងដែរ។

លោកបានបន្ថែមថា រហូតមកដល់ពេលនេះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សហការជាមួយដៃគូ បានសាងសង់រួចរាល់ទីសុវត្ថិភាពចំនួន ៩ ទីតាំងនៅតាមបណ្តាខេត្តមួយចំនួនសម្រាប់ជម្លៀសប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះទឹកជំនន់។

ក្នុងនោះមានទីទួលសុវត្ថិភាពមានទាំងលក្ខណៈស្តង់ដារចំនួន ៦ ទីតាំងមាននៅខេត្តកំពង់ធំ ២ ទីតាំងខេត្តកំពង់ឆ្នាំង ២ទីតាំង និងខេត្តពោធិ៍សាត់ចំនួន២ទីតាំង។

ចំណែកទីទួលសុវត្តិភាព ៣ ទីតាំងទៀតមិនមានក្ខណៈស្តង់ដារទេ ដែលមានទីតាំងនៅខេត្តកំពង់ធំដែលសាងសង់ដោយក្រសួងអភិវឌ្ឍន៍និងជនបទដោយមានសំណង់អគារធំមានប្រព័ន្ធទឹក ភ្លើងនិងបង្គន់អនាម័យ។

លោកបានបញ្ជាក់ថា ក្រៅពីនេះគណៈកម្មាធិការជាតិបានសហការជាមួយអង្គការជាដៃគូបានសាងសង់ជាទីទួលសុវត្តិភាពលក្ខណៈតូចៗសម្រាប់ជម្លៀសប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ផងដែរ នៅតាមបណ្តាខេត្តមួយចំនួនទៀតដូចជាខេត្តក្រចេះជាដើម។ក្រៅពីនេះក៏មានទីទួលធម្មជាតិដែលអាជ្ញាធរមូលដ្ឋានដែលរងគ្រៅដិយសារទឹកជំនន់បានរៀបចំដោយខ្លួនឯង ដើម្បីជួយសម្រួលក្នុងការជម្លៀសប្រជាពលរដ្ឋមករកទីសុវត្តិភាព។

លោក ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយធ្លាប់បានមានប្រសាសន៍ថាគិត​ត្រឹមថ្ងៃទី ១៣សីហាឆ្នាំ២០២២ ទឹកជំនន់ទឹកភ្លៀងបានបង្កឱ្យមានការលិចលង់នៅតាមបណ្តាខេត្តចំនួន ១៦ រួមមានខេត្តត្បូងឃ្មុំ ព្រះសីហនុ កោះកុង កំពត កែប បាត់ដំបង ពោធិសាត់ កំពង់ឆ្នាំង កំពង់ធំ សៀមរាប ក្រចេះ បន្ទាយមានជ័យ ព្រះវិហារ ឧត្តរមានជ័យ មណ្ឌលគីរី និងរតនគីរី ធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន២៧០៨គ្រួសារស្មើនឹងប្រជាជនជាង៤៩០០នាក់ ជម្លៀសប្រជាពលរដ្ឋ២៧៧គ្រួសារនៅខេត្តរតនគីរី លិចផ្ទះប្រជាពលរដ្ឋចំនួន១៥៩០ខ្នងក្នុងនោះខូចខាត៤៥ខ្នង លិចសាលារៀន៤កន្លែង វត្តអារាម៤កន្លែងនិងប៉ះពាល់ស្រូវជាង៤ម៉ឺនហិកតាក្នុងនោះខូចខាតប្រមាណជាង១ម៉ឺនហិកតា។

លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា យោងតាមការព្យាការណ៍របស់ក្រសួងជំនាញភ្លៀងធ្លាក់នឹងបន្តធ្លាក់ពីតិចទៅច្រើនរយៈពេល ២ ខែទៅមុខជាបន្តទៀត ដែលបញ្ហានេះនឹងបង្កឱ្យមានការខូចខាតកាន់តែធ្ងន់ជាងមុនដោយសារតែប្រភពទឹកនានាមានពេញប្រៀបនៅតាមទីវាលក៏មានកម្រិតពេញដែលអាចបង្កហានិភ័យផងដែរ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥០ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម