Connect with us

ព័ត៌មានជាតិ

ក្រសួងរៀបចំដែនដី បាននិងកំពុងជំរុញការអនុវត្តគម្រោងសាងសង់លំនៅឋានតម្លៃសមរម្យជាង ៨ពាន់ខ្នង

បានផុស

នៅ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងជំរុញការអនុវត្តគម្រោងសាងសង់លំនៅឋានតម្លៃសមរម្យចំនួន ៤គម្រោង នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល ដោយមានក្រុមហ៊ុនចំនួន ៤ កំពុងអនុវត្តគម្រោងទាំងនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់” នាព្រឹកថ្ងៃទី ២៤ ខែសីហានេះថា អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សិទ្ធិទទួលបាន លំនៅឋានតម្លៃសមរម្យរបស់ប្រជាពលរដ្ឋ ក្រសួងបាននិងកំពុងជំរុញការអនុវត្តគម្រោងសាងសង់ចំនួន ៤គម្រោង ស្ថិតនៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល មានចំនួន ៨,៣៣១ខ្នង និងចំណែកឯកជនចំនួន ២,៩៦០ខ្នង ដូចខាងក្រោម៖

-ក្រុមហ៊ុន WorldBridge Home Co.,Ltd អភិវឌ្ឍគម្រោង “លំនៅឋានទីក្រុងរណបសិរីមង្គល” ចំនួន ២,៤៥៧ខ្នង លើផ្ទៃដីទំហំ ២៤ហិកតា ស្ថិតនៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ក្រុមហ៊ុននេះ បានបញ្ចប់គម្រោងដំណាក់កាលទី ១ និងបានប្រគល់លំនៅឋានចំនួន ៦៨០ខ្នង ជូនប្រជាពលរដ្ឋនៅថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២០ ហើយការសាងសង់ដំណាក់កាលទី ២ សម្រេចបាន ៩៥ភាគរយ។

-ក្រុមហ៊ុន B & BM Development Co.,Ltd អភិវឌ្ឍគម្រោង “បុរីសែនមនោរម្យព្រែកតាទែន” ចំនួន ៥, ៣៤០ខ្នង លើផ្ទៃដីទំហំ ៨០ហិកតា ស្ថិតនៅភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញា​ឮ ខេត្តកណ្ដាល សម្រេចបាន ៩៣ភាគរយ។

-ក្រុមហ៊ុន ARAKAWA Co.,Ltd អភិវឌ្ឍគម្រោង “លំនៅឋានអារ៉ាខាវ៉ា” ចំនួន ២,៩៦០។ ចំណែកឯកជនលើផ្ទៃដីទំហំ ១៣,៦៨០ម៉ែត្រក្រឡា ស្ថិតនៅភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្នុងនោះ ដំណាក់កាលទី ១ សម្រេចបាន ១០០ភាគរយ និងដំណាក់កាលទី ២ សម្រេចបាន ៧៧ភាគរយ។

-ក្រុមហ៊ុន ប៊ីអជីភី ប្រផឹធី ឌីវេឡុបម៉ិន ឯ.ក អភិវឌ្ឍ “បុរីហ្គ្រេនផាក” ចំនួន ៥៣៤ខ្នង លើផ្ទៃដីទំហំ ៥,១៦ហិកតា ស្ថិតនៅភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្នុងនោះ ដំណាក់កាលទី ១ សម្រេចបាន ១០០ភាគរយ និងដំណាក់កាលទី ២ សម្រេចបាន ១៣ភាគរយ៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម