ព័ត៌មានជាតិ
ពលរដ្ឋ ៧២៧គ្រួសារ ដែលស្ម័គ្រចិត្តរុះរើលំនៅដ្ឋានចេញពីតំបន់អង្គរ ទទួលចាប់ឆ្នោតយកដីឡូត៍នៅភូមិធម្មជាតិរុនតាឯក
ប្រជាពលរដ្ឋ ដែលបានតាំងទីលំនៅខុសច្បាប់ នៅតំបន់រមនីយដ្ឋានអង្គរប្រមាណ ៧២៧គ្រួសារ មកពីភូមិត្រពាំងសេះ និងភូមិទកិ្សណខាងត្បូង ក្នុងសង្កាត់គោកចក ដែលស្ម័ត្រចិត្តរុះរើ និងគ្រប់លក្ខខណ្ឌ ក្នុងការទទួលបានទីតាំងលំនៅដ្ឋានថ្មី នៅភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាបនោះ បាននាំគ្នាចូលរួមចាប់ឆ្នោតយកដីឡូត៍ ដែលផ្តល់ដោយរាជរដ្ឋាភិបាល។

ពិធីចាប់ឆ្នោតយកដីឡូត៍នេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២២ នៅសាលាខេត្តសៀមរាប ក្រោមវត្តមានលោក បេងហុង សុជាតិខេមរ៉ូ អគ្គនាយកលំនៅដ្ឋាន នៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី និង ជាប្រធានក្រុមការងារ, លោក ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត, ប្រធានមនី្ទររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ព្រមទាំងក្រុមការងារពាក់ព័ន្ធមួយចំនួនទៀត។

ប្រជាពលរដ្ឋទាំង ៧២៧គ្រួសារនោះ មាន ២៣៤គ្រួសារ ស្ថិតនៅភូមិទក្សិណត្បូង និង ៤៩៣គ្រួសារស្ថិតនៅភូមិត្រពាំងសេះ ហើយដីឡូត៍ដែលពួកគេចាប់ឆ្នោតយកនេះ មានទំហំ ២០ គុណ ៣០ម៉ែត្រ នៅភូមិធម្មជាតិរុនតាឯក ស្ថិតនៅចម្ងាយប្រមាណ ៣០ គីឡូម៉ែត្រពីក្រុងសៀមរាប។

នៅក្នុងឱកាសនោះលោក បេងហុង សុជាតិខេមរ៉ូ អគ្គនាយកលំនៅដ្ឋាន នៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី បានបញ្ជាក់ថា ក្រុមការងារអន្តរក្រសួង ដែលដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បាននិងកំពុងបើកយុទ្ធនាការទ្រង់ទ្រាយធំ ចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។

ក្នុងយុទ្ធនាការនេះ មានកម្លាំងសរុបប្រមាណ ១ពាន់នាក់ ចែកចេញជា ៦៨ក្រុម មានការចូលរួមពីមន្រ្តីជំនាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មន្រ្តីជំនាញរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមន្រ្តីរបស់រដ្ឋបាលខេត្តសៀមរាប ដើម្បីចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដីនិងសំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។

ជាមួយនឹងការបើកយុទ្ធនាការនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានព្រមានចំៗទៅប្រជាពលរដ្ឋ ដែលសង់សំណង់ខុសច្បាប់ទាំងឡាយ ក្នុងតំបន់រមណីយដ្ឋានអង្គរ ឲ្យប្រញាប់រុះរើសំណង់ទាំងនោះវិញដោយខ្លួនឯង ជាជាងការប្រើប្រាស់កម្លាំងអាជ្ញាធរចុះរុះរើ។ យុទ្ធនាការទ្រង់ទ្រាយធំចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ធ្វើឡើងក្នុងបំណងការពារសម្បត្តិបេតិកភណ្ឌនៅក្នុងតំបន់អង្គរ ដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

ការរុះរើសំណង់ខុសច្បាប់ទាំងអស់នេះ ដើម្បីបញ្ចៀសការខុសនូវលក្ខន្តិកៈនានារបស់អង្គការយូណេស្កូ ដែលប្រឈមនឹងការដកប្រាសាទអង្គរចេញពីបញ្ជីបេតិកភណ្ឌពិភពលោក។ បើទោះបីជាយ៉ាងណា យុទ្ធនាការនេះ មិនមានផ្ទុះបាតុភាពតវ៉ាណាមួយនោះទេ ប្រជាពលរដ្ឋបានជ្រូតជ្រាបពីសារៈសំខាន់នៃយុទ្ធនាការនេះ ហើយបានស្ម័គ្រចិត្តរុះរើសំណង់ជាបន្តបន្ទាប់។

នៅក្នុងឱកាសប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាននៅក្នុងតំបន់រមណីយដ្ឋានអង្គរ បានមកចូលរួមចាប់ឆ្នោតទទួលដីឡូត៍នោះ ក៏បានបង្ហាញក្ដីសប្បាយរីករាយជាខ្លាំង ក្នុងពេលដែលរាជរដ្ឋាភិបាល បានផ្តល់ដីឲ្យកាន់កាប់ស្របច្បាប់មួយកន្លែង រស់នៅដោយគ្មានការភ័យព្រួយ ដូចកាលពីគាត់រស់នៅក្នុងតំបន់រមនីយដ្ឋានអង្គរទៀតឡើយ ដែលគ្មានសិទ្ធិកាន់កាប់ស្របច្បាប់។ ប្រជាពលរដ្ឋ ក៏បានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាល ដែលបានស្វែងរកសន្តិភាពជូនប្រទេសជាតិ និងប្រជាពលរដ្ឋ ព្រមទាំងដោះស្រាយពីទុក្ខលំបាក ជូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈទៀតផង៕
អត្ថបទ៖ គឿន វេត

-
សន្តិសុខសង្គម១ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១១ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ