ព័ត៌មានជាតិ
ធនាគារ វីង សម្ពោធសាខាវត្តភ្នំ និងសាខាទួលគោកក្នុងរាជធានីភ្នំពេញ
ធនាគារ វីង សម្ពោធសាខាវត្តភ្នំ និងសាខាទួលគោកដើម្បីធ្វើឲ្យសេវាកម្មកាន់តែខិតជិតអតិថិជន ធនាគារ វីង (ខេមបូឌា) ម.ក បានសម្ពោធសាខាថ្មីចំនួនពីរបន្ថែមទៀតក្នុងទីក្រុងភ្នំពេញ គឺសាខាវត្តភ្នំ និងសាខាទួលគោក។ សាខាទាំងនេះត្រូវបានសម្ពោធក្រោមវត្តមាន ឯកឧត្ដម រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យធនាគារជាតិនៃកម្ពុជា អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ក៏ដូចជាឥស្សរជនកិត្តិយសជាច្រើនរូបទៀត។
ឯកឧត្ដម រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យធនាគារជាតិនៃកម្ពុជាបានមានប្រសាសន៍ថា៖ “ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ធនាគារ វីង (ខេមបូឌា) ម.ក នឹងនាំមកនូវបច្ចេកវិទ្យាទំនើបៗ និង ផលិតផលសេវាហិរញ្ញវត្ថុថ្មីៗឲ្យកាន់តែសម្បូរបែប ស្របតាមនវានុវត្ដថ្មីៗនៃបច្ចេកវិទ្យាហិរញ្ញវត្ថុ ដើម្បីបំពេញសេចក្ដីត្រូវការរបស់អតិថិជនបច្ចុប្បន្នក៏ដូចជានាពេលអនាគត និងបន្ដគាំទ្រដល់ការអភិវឌ្ឍវិស័យធនាគារនៅកម្ពុជាបន្ថែមទៀត។”
ធនាគារ វីង បានកំពុងពង្រីកខ្លួនយ៉ាងឆាប់រហ័ស ជាពិសេសចាប់តាំងពីសម្ពោធជាផ្លូវការនូវអាជ្ញាប័ណ្ណធនាគារពាណិជ្ជក្នុងខែមេសា ឆ្នាំ២០២១។ ធនាគារ វីង បានបើកដំណើរការសាខាវិមានឯករាជ្យ និងសាខាសែនសុខក្នុងខែមីនា ឆ្នាំ២០២២ និងសាខាខេត្តព្រះសីហនុនៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២២។ ជាមួយការសម្ពោធសាខាវត្តភ្នំ និងសាខាទួលគោក ធនាគារ បានពង្រីកបណ្តាញធនាគារនៅតាមទីតាំងយុទ្ធសាស្ត្រ សរុបចំនួន ៥ បន្ថែមពីលើទីស្នាក់ការកណ្តាលបច្ចុប្បន្នរបស់ធនាគារ ដែលមានទីតាំងនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស ក្នុងសង្កាត់បឹងកេងកង៣។
អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបបានមានប្រសាសន៍ថា៖ “ធនាគារ វីង មានគោលបំណងធ្វើឲ្យជីវភាពប្រជាជនកម្ពុជាទាំងអស់កាន់តែប្រសើរ និងកាន់តែងាយស្រួល។ ខ្ញុំជឿថាការសម្ពោធសាខាថ្មីទាំងពីរនេះ គឺជាជំហានវិជ្ជមានមួយទៀតឆ្ពោះទៅរកគោលដៅមួយនេះ។”
សាខាវត្តភ្នំ ដែលមានទីតាំងជិតផ្សារធំថ្មី និងសាខាទួលគោកដែលមានទីតាំងទល់មុខសាលាបឋមសិក្សាទួលគោក ផ្តល់ការប្រើប្រាស់សេវាធនាគារ វីងយ៉ាងពេញលេញមួយប្រកបដោយភាពរហ័ស សុវត្ថិភាព និងងាយស្រួល។ សាខានីមួយៗត្រូវបានរចនាឡើងយ៉ាងប្រណីត ដោយមានចំណតរថយន្តធំទូលាយ កន្លែងរង់ចាំដែលមានផាសុកភាព ហាងកាហ្វេ និងបន្ទប់ប្រជុំពិសេសៗ។ ទីតាំងទាំងនេះក៏មានបញ្ជរដើម្បីផ្តល់សេវាកម្មដែលមានគុណភាពខ្ពស់ដល់អតិថិជននិងត្រូវបានរចនាឡើងដើម្បីធានានូវភាពងាយស្រួល និងឯកជនភាពនៅពេលដែលអតិថិជនមកទទួលសេវាហិរញ្ញវត្ថុប្រចាំថ្ងៃ។
សាខាថ្មីទាំងពីរនេះ ផ្ដល់សេវាធនាគារពេញលេញចាប់ពីម៉ោង ៨ព្រឹក ដល់ ៥ល្ងាច ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ។ ចាប់ពីថ្ងៃនេះតទៅ អតិថិជនអាចទៅកាន់សាខាណាមួយ និងពិគ្រោះជាមួយអ្នកជំនាញកម្ចីអាជីវកម្ម បើកគណនី ស្នើសុំកាតធនាគារ ផ្ទេរប្រាក់ ប្រើប្រាស់សេវាកម្មឌីជីថល និងសេវាកម្មជាច្រើនទៀត។
លោក ហាន ប៉េងក្វាង អគ្គនាយកនៃធនាគារវីង បានមានប្រសាសន៍ថា៖ “សាខាថ្មីនេះផ្តល់លទ្ធភាពទទួលបានសេវាកម្មនានារបស់ធនាគារ វីង ដែលធ្វើឲ្យជីវភាពមានការផ្លាស់ប្តូរ ជាមួយនឹងភាពងាយស្រួលកាន់តែច្រើនជាងមុន។ ខ្ញុំជឿជាក់ថា ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ទាំងនេះ និងនៅតំបន់ដទៃទៀតនឹងទទួលបានអត្ថប្រយោជន៍ពីវត្តមានរបស់ធនាគារ វីង។”
នៅសាខាថ្មីទាំងពីរ មានបុគ្គលិកធនាគារ វីងប្រកបដោយវិជ្ជាជីវៈ និងយកចិត្តទុកដាក់ ហើយត្រៀមខ្លួនជាស្រេចដើម្បីស្វាគមន៍អតិថិជន និងឆ្លើយតបរាល់ចម្ងល់ផ្សេងៗ។
អតិថិជនដែលរស់នៅ និងធ្វើការនៅជិតសាខាថ្មីទាំងនេះ អាចធ្វើការដាក់ប្រាក់ និងដកប្រាក់ ក៏ដូចជាស្នើសុំ
ឥណទាន ដាក់មូលប្បទានបត្រពីធនាគារណាមួយដោយមិនគិតថ្លៃ។ អតិថិជនក៏អាចប្រើប្រាស់បន្ទប់ប្រជុំពិសេសម្រាប់ការប្រជុំ និងការពិភាក្សាផងដែរ។
ក្នុងរយៈពេល១៤ ឆ្នាំ នៃការផ្ដល់សេវាកម្មនៅប្រទេសកម្ពុជា ធនាគារ វីង បានប្រែក្លាយខ្លួនពីការចាប់ផ្តើមដ៏សាមញ្ញមួយរហូតបានធ្វើប្រតិបត្តិការទ្រង់ទ្រាយធំ ដោយផ្តល់ជូននូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុជាច្រើនប្រភេទដើម្បីលើកកម្ពស់ជីវភាពប្រជាជនកម្ពុជាទូទាំងប្រទេស។
ទោះបីជាបានជួបប្រទះបញ្ហាប្រឈមនានាជាច្រើន ក៏ដូចជាបញ្ហាបង្កឡើងដោយជំងឺរាតត្បាតជាសកលនាពេលថ្មីៗនេះក៏ដោយ ធនាគារ វីង តែងតែបង្ហាញពីឆន្ទៈក្នុងការផ្តល់សេវាកម្មប្រកបភាពងាយស្រួលដល់អតិថិជនរបស់ខ្លួន ហើយនឹងបន្តបេសកកម្មនេះ ខណៈពេលដែលធនាគារនឹងពង្រីកសាខារបស់ខ្លួនបន្ថែមទៀតនាពេលអនាគតដ៏ខ្លីខាងមុខនេះ៕
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
ព័ត៌មានជាតិ១៧ ម៉ោង ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
សេដ្ឋកិច្ច២ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ