ព័ត៌មានជាតិ
កម្ពុជាច្រានចោលទាំងស្រុងសារព័ត៌មានវៀតណាមចុះផ្សាយថា បុរសម្នាក់ចូលវៀតណាមខុសច្បាប់ពីកម្ពុជាតេស្តវិជ្ជមានកូរ៉ូណាថ្មី
ភ្នំពេញ ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានមានប្រសាសន៍ថា ក្រសួងសុខាភិបាលកម្ពុជា សូមច្រានចោលទាំងស្រុងនូវការចុះផ្សាយមិនត្រឹមត្រូវរបស់សារព័ត៌មានវៀតណាមឈ្មោះ VN Express International ដែលបានសរសេរដោយឈ្មោះ Cuu Long – Phuoc Tuan និងចុះផ្សាយថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ០៥:៣០ ដែលមានចំណងជើងថា បុរសម្នាក់ចូលវៀតណាមខុសច្បាប់ពីកម្ពុជា តេស្តវិជ្ជមានកូរ៉ូណាថ្មី។
លោកស្រីបានលើកឡើងហេតុផលមកបញ្ជាក់ថា តាមការឆែកនៅគ្រប់ច្រកចូលពីប្រទេសថៃ ដែលកម្ពុជាកំពុងតែគ្រប់គ្រងពលករខ្មែរនិងអ្នកដំណើរចូលកម្ពុជាដោយហ្មត់ចត់នៅតាមបណ្តាខេត្តដែលមានច្រកតាមព្រំដែនថៃ គឺមិនមានបុរសជនជាតិវៀតណាមឈ្មោះនេះ ដែលឆ្លងចូលមកកម្ពុជានៅថ្ងៃទី២៣ និង២៤ ខែធ្នូ រួមទាំងច្រកបាវិតនៅខេត្តស្វាយរៀងផងដែរក៏មិនមានករណីបុរសជនជាតិវៀតណាមនេះឆ្លងចេញពីកម្ពុជាដែរ។
លើសពីនេះទៀត បុរសនេះជាជនជាតិវៀតណាម តែបែរជាដាក់ថា ចូលវៀតណាមខុសច្បាប់ទៅវិញ។ តើជនជាតិវៀតណាមចូលស្រុកខ្លួនវិញខុសច្បាប់ដែរមែនទេ? បុរសជនជាតិវៀតណាមរូបនេះ មានឪពុកម្តាយនៅ ខេត្តវិញឡុង ដែលពួកគាត់ រួមជាមួយប៉ូលីសម្នាក់និងបុគ្គលិកសុខាភិបាល ៤នាក់ទៀត ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កនៅ មជ្ឈមណ្ឌលវេជ្ជសាស្ត ស្រុកម៉ាងធីត (The Mang Thit District Medical Center)។
លោកស្រីបានបន្តទៀតថា នៅក្នុងអត្ថបទនេះ បានបញ្ជាក់រួចហើយថា បុរសឈ្មោះ Le Thuc Tri អាយុ ៣២ឆ្នាំ ដែលតេស្តវិជ្ជមាន ដោយវិទ្យាស្ថានប៉ាស្ទ័រទីក្រុងហូជីមិញ មិនទាន់មានការបញ្ជាក់ពីក្រសួងសុខាភិបាលវៀតណាមថាមានវីរុសកូវីដ-១៩ នោះទេ។
ម្យ៉ាងទៀតបុរសជនជាតិវៀតណាមរូបនេះ បានធ្វើដំណើរមកពីប្រទេសភូមា មកប្រទេសថៃតាមឡានដឹកទំនិញ (Truck) នៅថ្ងៃទី១៥ ខែធ្នូ ហើយស្នាក់នៅប្រទេសថៃរហូតដល់ថ្ងៃទី២២។ បន្ទាប់មក បុរសនេះរួមដំណើរជាមួយបុគ្គល ៦នាក់ផ្សេងទៀតជិះឡានដឹកទំនិញមកកម្ពុជានៅថ្ងៃទី២៣ ហើយបានឆ្លងកាត់ច្រកព្រំដែនចូលខេត្តតៃនិញនៅថ្ងៃទី២៤ និងបន្តទៅទីក្រុងហូជីមិញតាមរថយន្តក្រុង ទៅវិញឡុង ទៅផ្ទះម្តាយគាត់នៅទីនោះ ដែលម្តាយគាត់រាយការណ៍ទៅអាជ្ញាធរនិងដាក់បុរសនេះធ្វើចត្តាឡីស័កនៅថ្ងៃទី២៤។
លោកស្រីបានបញ្ជាក់ថា «ដូច្នេះការចុះផ្សាយរបស់សារព័ត៌មានវៀតណាមខាងលើដែលថា បុរសជនជាតិវៀតណាមឆ្លងចូលវៀតណាមខុសច្បាប់ពីកម្ពុជាមានវីរុសកូរ៉ូណាថ្មី នោះ គឺមិនត្រឹមត្រូវឡើយ ហើយយក្រសួងសុខាភិបាលកម្ពុជា សូមច្រានចោលទាំងស្រុងនូវព័ត៌មានចុះផ្សាយមិនត្រឹមត្រូវរបស់សារព័ត៌មានវៀតណាមឈ្មោះ VN Express International ដែលបានចុះផ្សាយថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ០៥:៣០ pm (GMT +7) នេះ»។
លោកស្រីបានលើកឡើងថា ក្រសួងបានស្នើសុំឲ្យភាគីវៀតណាមគោរពក្រមសីលធម៌វិជ្ជាជីវៈឲ្យបានត្រឹមត្រូវ និងឲ្យមានការសហការគ្នាល្អក្នុងការផ្តល់ព័ត៌មានឲ្យបានត្រឹមត្រូវ មុននឹងមានការចុះផ្សាយជាសាធារណ: ដើម្បីរក្សានូវសេចក្តីថ្លៃថ្នូរ កិច្ចសហប្រតិបត្តិការល្អ និងមានភាពត្រឹមត្រូវតាមបច្ចេកទេសសុខាភិបាល៕
ដោយ ៖ សំអឿន

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ