ព័ត៌មានជាតិ
និស្សិតកម្ពុជា ២០០នាក់ បញ្ចប់វគ្គបណ្តុះបណ្តាលបច្ចេកទេសកសិកម្មនៅប្រទេសអ៊ីស្រាអែល
និស្សិតកម្ពុជា ចំនួន ២០០នាក់ បានបញ្ចប់វគ្គបណ្តុះបណ្តាលបច្ចេកទេសកសិកម្មរយ:ពេល ១១ខែ នៅរដ្ឋអ៊ីស្រាអែល សម្រាប់ឆ្នាំសិក្សា២០២១ -២០២២ ដោយជោគជ័យ។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតកម្ពុជាចំនួន ២០០នាក់ ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម កាលពីថ្ងៃទី២៩ ខែសីហា នៅមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិហ្សេរ៉ុយសាឡឹមប្រទេសអ៊ីស្រាអែល លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រុម ហ៊ុន AgroStudies (Agriculture Capacity Building) ដែលបានផ្តល់កិច្ចសហប្រតិបត្តិការបានយ៉ាងល្អជាមួយសាកលវិទ្យាល័យភូមិន្ទកសិកម្មកម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្សតាមរយ:ទទួលយកនិស្សិតកម្ពុជាឆ្នាំទី៣ មកពីតាមបណ្តាសាកលវិទ្យាល័យ និងវិទ្យាស្ថានជាតិកសិកម្មនៅទូទាំងប្រទេសមកហាត់ការនៅតាមបណ្តាក្រុមហ៊ុន និងកសិដ្ឋាននៅទូទាំងរដ្ឋអ៊ីស្រា អែល។

លោករដ្ឋមន្ដ្រីសង្ឃឹមថា កិច្ចសហប្រតិបត្តិការនេះ នឹងត្រូវបានពង្រឹង និងពង្រីកឲ្យកាន់តែល្អប្រសើរ និងឈានឡើងជាលំដាប់។
ពាក់ព័ន្ធនឹងការសិក្សានិស្សិតកម្ពុជា លោករដ្ឋមន្ដ្រីបញ្ជាក់ថា ភាពជោគជ័យរបស់ក្មួយៗ គឺបានមកពីការឆក់យកឱកាសដ៏ប្រសើរធ្វើការអភិវឌ្ឍសមត្ថភាពខ្លួនតាមរយ:ការសិក្សារៀនសូត្រ ក្រេបជញ្ជក់នូវរាល់ទ្រឹស្តី និងអនុវត្តជាក់ស្តែងនៅក្នុងមន្ទីរពិសោធន៍ រោងចក្រកែច្នៃ ចម្ការបន្លែ ផ្លែឈើ ពូជដំណាំ ថ្នាលពិសោធន៍ កសិដ្ឋានគោទឹកដោះ និងផ្កា ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបៗរបស់រដ្ឋអ៊ីស្រាអែលក្នុងរយ:ពេល ១១ខែកន្លងមក។
លោករដ្ឋមន្ត្រីបានបន្ថែមថា « ពិតណាស់លទ្ធផលរបស់ក្មួយៗនាថ្ងៃនេះ បើគ្មានការអំណត់ អត់ធន់ព្យាយាម តស៊ូរៀនសូត្រ និងស្រាវជ្រាវបន្ថែមដើម្បីអភិវឌ្ឍខ្លួនឯងឲ្យក្លាយជានិស្សិតមានសក្តានុពលក្មួយៗក៏គ្មានថ្ងៃនេះដែរ។ ចំណេះដឹង និងបទពិសោធន៍ល្អៗរបស់ក្មួយៗ គឺជាធនធានដ៏មានតម្លៃសម្រាប់កសាង និងអភិវឌ្ឍប្រទេស ជាតិ និងជាពិសេសសម្រាប់កសាងជោគវាសនា និងអនាគតដ៏ភ្លឺស្វាងរបស់គ្រូសារ និងខ្លួនឯងផ្ទាល់»។

លោករដ្ឋមន្ត្រី បានណែនាំឲ្យនិស្សិតគ្រប់រូប ត្រូវនាំយកចំណេះដឹង និងបទពិសោធន៍ល្អៗ ត្រឡប់ទៅកាន់មាតុភូមិយើងវិញ ដើម្បីនាំគ្នាចូលរួមទាំងកាយ ចិត្ត និងចំណេះដឹងបច្ចេកទេសកសិកម្មល្អៗទៅកសាង និងអភិវឌ្ឍប្រទេសយើងឲ្យមានការរីកចម្រើន សម្បូរសប្បាយ ពិសេសធ្វើការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាជាជំហានៗប្រកបដោយចីរភាព និរន្តរភាព មានលក្ខណប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រប្រួលអាកាសធាតុ និងនរវានុវត្តន៍ ។
គួរបញ្ជាក់ថា សាកលវិទ្យាល័យភូមិន្ទកសិកម្មកម្ពុជា បានបង្កើតកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន AgroStudies (Agriculture Capacity Building) តាំងពីឆ្នាំ២០០៨ ។ គិតមកដល់ឆ្នាំសិក្សា២០២១-២០២២ AgroStudies បានបណ្តុះបណ្តាលនិស្សិតកម្ពុជាចំនួន ១ ៤៦៩នាក់រួចហើយ។
លោករដ្ឋមន្ត្រីបានបន្ថែមទៀតថា រដ្ឋាភិបាលអ៊ីស្រាអែល បានសម្រេចបង្កើនកូតានិស្សិតកម្ពុជា ពី២០០នាក់ ទៅ ២៥០នាក់ ក្នុង១ឆ្នាំឱ្យទៅបន្តកម្មសិក្សាលើជំនាញកសិកម្មនៅប្រទេសអ៊ីស្រាអែល ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យនេះឱ្យកាន់តែរីកចម្រើន៕ សំអឿន




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ