ព័ត៌មានជាតិ
ពីឆ្នាំ ២០១៦មក គម្រោងរេដបូកចំនួន ៣ បានធ្វើឲ្យកម្ពុជាលក់ឥណទានកាបូនជាង ១១ លានដុល្លារអាមេរិក
ចាប់តាំងពីឆ្នាំ ២០១៦មក ប្រទេសកម្ពុជា ក្រសួងបរិស្ថាន បានរៀបចំ និងកំពុងអនុវត្តគម្រោងរេដបូកចំនួន ៣ ដោយគម្រោងទាំង ៣នេះ កន្លងមកបានទទួលថវិកាពីការលក់ឥណទានកាបូន ចំនួនប្រមាណ ១១,៦លានដុល្លារអាមេរិក។ នេះបើតាមការឲ្យដឹងពីមន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន។
លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថាន មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងបរិស្ថាន” នាព្រឹកថ្ងៃទី ៣០ ខែសីហានេះថា ដោយសារតែកត្តាសុខសន្តិភាពពេញលេញ ទើបធ្វើឲ្យប្រទេសកម្ពុជា មានឱកាសគ្រប់គ្រាន់ និងមានធនធានសម្រាប់ការងារអភិរក្ស ហើយដោយសារតែភាពប្រសើរឡើងនៃការអភិរក្សនេះ បានធ្វើឲ្យប្រទេសកម្ពុជាអាចរកចំណូលបានពីការអភិរក្សរបស់ខ្លួន តាមរយៈការលក់ឥណទានកាបូន (Carbon Credit) ក្នុងគម្រោងរេដបូក គម្រោងកាត់បន្ថយបញ្ចេញឧស្ម័នផ្ទះកញ្ចក់ក្នុងវិស័យព្រៃឈើ និងការបង់សេវាប្រព័ន្ធអេកូឡូស៊ី (Payment Ecosystem Service)។
រេដបូក គឺជាយន្ដការហិរញ្ញវត្ថុនិរន្តភាព (Sustainable Financing Mechanism) ដើម្បីគាំទ្រដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ ដែលសម្បូរទៅដោយព្រៃឈើ ទទួលបានថវិកាយកមកប្រើប្រាស់ក្នុងការការពារធនធានព្រៃឈើ និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋានក្នុងប្រទេសសាម៉ី និងការរួមចំណែកក្នុងការប្រយុទ្ធប្រឆាំង នឹងការប្រែប្រួលអាកាសធាតុក្នុងសកលលោក។
បើតាមអ្នកនាំពាក្យក្រសួងបិរស្ថាន គឺចាប់ពីឆ្នាំ ២០១៦កន្លងមក ក្រសួងបរិស្ថាន បានរៀបចំ និងកំពុងអនុវត្តគម្រោងរេដបូកចំនួន ៣ រួមមាន៖ គម្រោងរេដបូកកែវ សីមា គម្រោងរេដបូកក្រវាញខាងត្បូង និងគម្រោងរេដបូកព្រៃឡង់។ គម្រោងរេដបូកទាំង ៣នេះ កន្លងមកបានទទួលថវិកាពីការលក់ឥណទានកាបូន ចំនួនប្រមាណ ១១,៦លានដុល្លារអាមេរិក។ គម្រោងរេដបូកទាំង ៣ខាងលើ គ្របដណ្ដប់ទៅលើផ្ទៃដីប្រមាណ ១,២៧លានហិកតា ស្មើនឹង ១៧,៦ភាគរយ នៃផ្ទៃដីតំបន់ការពារធម្មជាតិទាំងអស់។
លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឲ្យដឹងទៀតថា ក្រសួងបរិស្ថាន កំពុងរៀបចំគម្រោងរេដបូកបន្ថែមទៀត លើផ្ទៃដីចំនួន ១,១៩លានហិកតា ដែលនឹងធ្វើឲ្យផ្ទៃដីគម្រោងរេដបូកសរុបនឹងមានចំនួន ២,៤៦លានហិកតា ស្មើនឹង ៣៤,១ភាគរយ នៃផ្ទៃដីតំបន់ការពារធម្មជាតិទាំងអស់។ លោកថា នេះគឺជារបត់ថ្មីដ៏សំខាន់មួយ ដែលប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានទទួលចំណូលពីការអភិរក្សរបស់ខ្លួន និងបាននិងកំពុងលុបបំបាត់ទស្សនៈថា ទាល់តែកាប់ព្រៃឈើទើបបានប្រាក់ចំណូល មកជាប្រទេសទទួលបានប្រាក់ចំណូលពីការការពារ និងអភិរក្សព្រៃឈើរបស់ខ្លួន ក្រោមទិសស្លោក «រក្សាឈើឈរ ដើម្បីជាផលប្រយោជន៍ដល់សេដ្ឋកិច្ច និងសង្គមជាតិ»។
សូមជម្រាបថា កាលដែលប្រទេសកម្ពុជា ទទួលបានជោគជ័យលើការលក់ឥណទានកាបូននេះ បានលើកតម្កើងនូវកិត្យានុភាពជាតិកម្ពុជា លើកឆាកអន្តរជាតិ ដែលមិនមានប្រទេសច្រើនទេ ក្នុងពិភពលោកអាចធ្វើបាន និងបានទប់ទល់ជាមួយនឹងយុទ្ធនាការបង្ខូចកេរ្ដិ៍ឈ្មោះកម្ពុជា ក្នុងរូបភាពថា កម្ពុជាមានបទល្មើសព្រៃឈើច្រើនជាងគេលើពិភពលោក៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៥ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់