ព័ត៌មានជាតិ
អ្នកនាំពាក្យក្រសួងព័ត៌មាន បន្តក្រើនរំលឹកដល់អ្នកសារព័ត៌មាន ចៀសឲ្យបាននូវការប្រើពាក្យ អសុរោះ
មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន បានបន្តក្រើនរំលឹកដល់អ្នកសារព័ត៌មាន ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈ ចៀសឲ្យបាននូវការប្រើពាក្យអសុរោះ នៅក្នុងការធ្វើអត្ថាធិប្បាយរបស់ខ្លួន ឬនៅក្នុងវិធីផ្សព្វផ្សាយរបស់ខ្លួន ដែលអាច ឈានទៅដល់ការអនុវត្តនីតិវិធីច្បាប់ ដែលមានជាធរមាន។

នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងព័ត៌មាន” នាព្រឹកថ្ងៃទី ១ ខែកញ្ញានេះ លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍ថា កាលពីពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ដល់អនុសាសន៍ដល់ក្រសួងព័ត៌មាន ថា នៅពេលខាងមុខ ប្រសិនបើមានអ្នកសារព័ត៌មានណា ប្រើប្រាស់ភាសាជេរប្រមាថអ្នកដទៃ គឺត្រូវដកអាជ្ញាបណ្ណពួកគេតែម្ដង។ លោកថា ថ្វីត្បិតតែអនុសាសន៍របស់សម្ដេចតេជោ តម្រង់មកក្រសួងព័ត៌មានក៏ពិតមែន តែថា អនុសាសន៍នោះ ក៏សារមួយសម្រាប់អ្នកសារព័ត៌មានផងដែរ។

លោក មាស សុភ័ណ្ឌ បានថ្លែងយ៉ាងដូច្នេះថា «ថ្វីត្បិតតែអនុសាសន៍នោះ បាញ់ឆ្ពោះមកក្រសួងព័ត៌មានក៏ពិតមែន ក៏ប៉ុន្តែអនុសាសន៍នោះ ក៏ជាសារមួយសម្រាប់បងប្អូនអ្នកសារព័ត៌មានផងដែរថា ដើម្បីការប្រកបវិជ្ជាជីវៈរបស់យើងមួយ ដែលប្រកបដោយការទទួលខុសត្រូវ ប្រកបដោយសេចក្ដីថ្លៃថ្នូរ ចៀសវាងឲ្យបាននូវការប្រើពាក្យជេរប្រមាថ ពាក្យអសុរោះ»។
អ្នកនាំពាក្យក្រសួងព័ត៌មាន បានក្រើនរំលឹកទៀតថា សូមអ្នកសារព័ត៌មានទាំងអស់ ដែលកំពុងប្រកបវិជ្ជាជីវៈនៅកម្ពុជា ធ្វើយ៉ាងណាអនុវត្តឲ្យបាននូវក្រមសីលធម៌វិជ្ជាជីវៈ ចៀសឲ្យបាននូវការប្រើពាក្យអសុរោះ នៅក្នុងការធ្វើអត្ថាធិប្បាយរបស់ខ្លួន ឬនៅក្នុងវិធីផ្សព្វផ្សាយរបស់ខ្លួន ស្របទៅតាមអនុសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ចៀសវាងការឈានទៅដល់ការអនុវត្តនីតិវិធីច្បាប់ ដែលមានជាធរមាន។ លោកថា ចំពោះវិធានការរបស់ក្រសួងព័ត៌មាន គឺមានការបត់បែន ហើយនិងមានវិធានការទៅតាមនីតិវិធីច្បាប់ជាធរមានផងដែរ។
គួររំលឹកថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី ២៣ ខែសីហា បានផ្ដល់អនុសាសន៍ដល់រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថា នៅពេលខាងមុខ ប្រសិនបើមានអ្នកសារព័ត៌មានណា ប្រើប្រាស់ភាសាជេរប្រមាថអ្នកដទៃ គឺត្រូវដកអាជ្ញាបណ្ណពួកគេតែម្ដង។
សម្ដេចតេជោ ហ៊ុន សែន បានយ៉ាងដូច្នេះថា «ថ្ងៃក្រោយ កាញារីទ្ធ អាក្រុមណាចេញមកជេរ បិទវាទៅ ឲ្យសិទ្ធិអ្នកឯងក្នុងការនិយាយបញ្ចេញមតិ ក៏ប៉ុន្តែសិទ្ធិជេរមិនត្រូវបានប្រើប្រាស់ក្នុងអាហ្នឹងទេ ដកទៅ ហើយវាឡាយហ្វេសប៊ុក ឬមួយជេរ អាហ្នឹងរឿងរបស់វាៗ»។
លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ២៤ ខែសីហាថា ពាក់ព័ន្ធនឹងការផ្តល់អនុសាសន៍ណែនាំ ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺក្រសួងព័ត៌មាន នឹងបន្តពង្រឹងប្រសិទ្ធភាព ក្នុងការអនុវត្តការងាររបស់ខ្លួន ឲ្យបានម៉ឺងម៉ាត់បន្ថែមទៀត។
លោក មាស សុភ័ណ្ឌ បានបញ្ជាក់ថា «ហើយក្រសួង នឹងចាត់វិធានការទៅតាមនីតិវិធីច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដែលមានជាធរមានចំពោះអង្គភាពសារព័ត៌មាន ឬអ្នកសារព័ត៌មានណា ដែលបាន ផ្សាយ ឬការធ្វើអត្ថាធិប្បាយរបស់អ្នកសារព័ត៌មានណា ដោយប្រើពាក្យជេរប្រមាថ ឬពាក្យអសុរោះ ក្នុងការផ្សាយរបស់ខ្លួន»។
អ្នកនាំពាក្យក្រសួងព័ត៌មានដដែល បានឲ្យដឹងដែរថា ក្នុងរយៈពេលជិត ៨ខែ ក្នុងឆ្នាំ ២០២២នេះ ក្រសួងព័ត៌មាន ទើបតែបានដកអាជ្ញាបណ្ណអង្គភាពសារព័ត៌មានតែមួយប៉ុណ្ណោះ ដូចដែលបានបញ្ជាក់ ក្នុងសេចក្តីសម្រេចរបស់ក្រសួង កាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២២ កន្លងទៅ ថ្មីៗនេះ៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១៩ ម៉ោង ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន