ព័ត៌មានជាតិ
រដ្ឋមន្ត្រីកសិកម្ម ស្នើអូស្ត្រាលី វិនិយោគបន្ថែម កែច្នៃផលិតផលកសិកម្មក្នុងស្រុក និងនាំចេញ
លោក វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើឱ្យរដ្ឋាភិបាលអូស្ត្រាលីជួយវិនិយោគបន្ថែមទៀតទៅលើការកែច្នៃផលិតផលកសិកម្មសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។

លោករដ្ឋមន្ត្រីបានស្នើសុំបែបនេះក្នុងឱកាសជួបពិភាក្សាការងារជាមួយលោកសាស្ត្រាចារ្យ Andrew Campbell នាយកប្រតិបត្តិ នៃមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR) និងលោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី០២ កញ្ញានេះ នៅទីស្តីការក្រសួង។

លោករដ្ឋមន្ត្រីបានជម្រាបគណៈប្រតិភូថា កម្ពុជាមានផលិតផលកសិកម្មដែលមានសក្ដានុពលជាច្រើន ដែលផលិតកម្មកសិកម្មមួយចំនួនបានផលិតច្រើនលើសតម្រូវការ ហើយបាននាំចេញទៅកាន់ទីផ្សារក្រៅប្រទេស ជាពិសេសប្រទេសជិតខាង។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ផលិតផលកសិកម្មមួយចំនួនទៀតដែលមានសក្តានុពល បែរជាពុំអាចផ្គត់ផ្គង់ក្នុងស្រុកបានគ្រប់គ្រាន់ ដែលតម្រូវឱ្យនាំចូលពីបរទេសបន្ថែម។

លោករដ្ឋមន្ត្រីបានបន្តថា វិស័យកសិកម្មនៅកម្ពុជាមានការរីកចម្រើនជាបន្តបន្ទាប់ ជាពិសេសពីប្រទេសដែលអសន្តិសុខស្បៀងសម្រាប់ផ្គត់ផ្គង់ប្រជាជនខ្លួន មកជាប្រទេសដែលសល់អតិរេកស្បៀងជាង ៦,២ លានតោន និងកំពុងជំរុញការកែច្នៃវេចខ្ចប់ប្រកបដោយគុណភាព និងសុវត្ថិភាព ដើម្បីធ្វើការនាំចេញ។ ទោះជាយ៉ាងនេះក្តី ក៏នៅមានកង្វះខាតនៃផលិតផលមួយចំនួន ជាពិសេសបន្លែ និងជ្រូកសាច់ ត្រីនៅតែមានតម្រូវការនាំចូលក្នុងកម្រិតតិចតួច។

ដើម្បីដោះស្រាយនូវតម្រូវការ និងការនាំចេញផលិតផលស្របតាមលក្ខខណ្ឌតម្រូវទីផ្សារក្រៅប្រទេស លោករដ្ឋមន្ត្រីបានស្នើសុំកិច្ចសហការជាមួយភាគីអូស្ត្រា ជួយពង្រឹងការស្រាវជ្រាវអភិវឌ្ឍន៍គ្រាប់ពូជល្អៗ មានតម្រូវការខ្ពស់ ហើយដែលអាចធន់នឹងការបម្រែបម្រួលអាកាសធាតុ និងពង្រឹង និងកសាងធនធានមនុស្ស បន្តទៀត។
ជាមួយគ្នានេះ លោកស្នើឱ្យអូស្ត្រាលីជួយគាំទ្រឱ្យមានកិច្ចសហការលើការវិនិយោគពីវិស័យឯកជនឱ្យបានកាន់តែច្រើនលើខ្សែច្រវ៉ាក់ផលិតកម្មកសិកម្ម ជាពិសេសលើការកែឆ្នៃផលិតផលកសិកម្ម និងជួយគាំទ្រគម្រោងអភិវឌ្ឍលើវិស័យកសិកម្ម។

ជាការឆ្លើយតប ភាគីអូស្ត្រាលីបានឯកភាព និងពិនិត្យមើលលទ្ធភាពនៃការគាំទ្រលើកិច្ចសហការទាំងនេះ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើឱ្យ ACIAR ពិនិត្យលទ្ធភាពរៀបចំតំណាងការិយាល័យ ACIAR នៅកម្ពុជា ដោយក្រសួងកសិកម្មនឹងគាំទ្រទីតាំងការិយាល័យតំណាងនៅក្រសួងផ្ទាល់ ខណៈកន្លងមក ACIAR បានផ្តល់ជាគម្រោងស្រាវជ្រាវលើវិស័យកសិកម្មជាចំនួន ៥៥ គម្រោង ក្នុងរយៈពេលប៉ុន្មានជាងពីរទសវត្សរ៍ចុងក្រោយនេះ។

ភាគីទាំងពីរបានឯកភាពគ្នា និងបានវាយតម្លៃលើកិច្ចពិភាក្សាខាងលើនេះ និងជំរុញឱ្យកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-អូស្ត្រាលី កាន់តែមានចំណងមិត្តភាព និងកាន់តែរឹងមាំសម្រាប់បច្ចុប្បន្ន និងអនាគត៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ