ព័ត៌មានជាតិ
កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ជួបប្រជុំប្រចាំឆ្នាំជាមួយយោធភូមិភាគទី ៧ នៃកងទ័ពប្រជាជនវៀតណាម
នៅព្រឹកថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២២ នៅរាជធានីភ្នំពេញ មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ ២០១៩-២០២២ និងលើកទិសដៅបន្តឆ្នាំ ២០២២-២០២៣ រវាងបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ជាមួយនឹងបញ្ជាការដ្ឋានយោធភូមិភាគទី ៧ នៃកងទ័ពប្រជាជនវៀតណាម ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ត្រី ង្វៀង ជឿងថាំង មេបញ្ជាការយោធភូមិភាគទី ៧ នៃកងទ័ពប្រជាជនវៀតណាម។

ក្នុងនាមម្ចាស់ផ្ទះនៃកិច្ចប្រជុំប្តូរវេនប្រចាំឆ្នាំ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានសម្តែងនូវការស្វាគមន៍ជូនចំពោះគណៈប្រតិភូយោធភូមិភាគទី ៧ នៃកងទ័ពប្រជាជនវៀតណាម ដែលបានអញ្ជើញមកចូលរួមកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ បន្ទាប់ពីអាក់ខានចាប់តាំងពីមានការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ មក ហើយស្របពេលដែលឆ្នាំនេះ គឺជាខួបអនុស្សាវរីយ៍លើកទី ៥៥ នៃការបង្កើតចំណងការទូតរវាងប្រទេសទាំងពីរ ដោយថ្នាក់ដឹកនាំទាំងសងខាង ក៏បានកំណត់យកជា “ឆ្នាំមិត្តភាពកម្ពុជា-វៀតណាម” ផងដែរ។

ជាការឆ្លើយតប ឯកឧត្តម ឧត្តមសេនីយ៍ត្រី ង្វៀង ជឿងថាំង បានថ្លែងអំណរគុណចំពោះកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ចំពោះការទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងបានលើកឡើងអំពីសារៈសំខាន់ នៃកិច្ចសហការជួយគ្នាទៅវិញទៅមកក្នុងស្មារតីមិត្តភាព សាមគ្គីភាព ដែលជាទម្លាប់ដ៏ល្អមួយរវាងអង្គភាពទាំងពីរ ហើយក៏បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការរក្សាបាននូវការគោរព និងជឿទុកចិត្តគ្នាទៅវិញទៅមក ក្នុងនាមជាអ្នកជិតខាងភូមិផងរបងជាមួយគ្នាដ៏ល្អ។

ក្នុងជំនួបនេះ ភាគីទាំងពីរបានសម្តែងនូវមោទនភាព ចំពោះការរីកចម្រើននៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងប្រទេសយើងទាំងពីរ ស្របតាមគោលការណ៍ និងទិសដៅកិច្ចសហប្រតិបត្តិការសំខាន់ៗ ដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរបានកំណត់យក ជាពិសេសការបន្តពង្រឹង និងលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ស្របទៅតាមពាក្យស្លោក “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង”។

ឆ្លងតាមរបាយការណ៍បូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ ២០១៩-២០២១ ភាគីទាំងពីរបានធ្វើការវាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិ ដែលសម្រេចបានកន្លងមក ថ្វីត្បិតតែប្រទេសទាំងពីរ ក៏ដូចជាពិភពលោកទាំងមូល បានជួបប្រទះនូវការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ យ៉ាងណាក្តី ជាពិសេសនៅតែរក្សាបាននូវការភ្ជាប់ទំនាក់ទំនងជាប្រចាំ តាមរយៈយន្តការគ្រប់កម្រិតរវាងកងឯកភាពចំណុះកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងកងឯកភាពចំណុះយោធភូមិភាគទី ៧ នៃកងទ័ពប្រជាជនវៀតណាម ដោយបានបន្តសកម្មភាពកិច្ចសហប្រតិបត្តិការយ៉ាងល្អជិតស្និទ្ធ រួមទាំងការជួយឧបត្ថម្ភគាំទ្រគ្នា ក្នុងការប្រយុទ្ធទប់ស្កាត់នឹងជំងឺក៏កាចសាហាវនេះ។

លទ្ធផលនេះ ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សាបាននូវព្រំដែនដែនមិត្តភាព សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ព្រមទាំងទប់ស្កាត់ និងកាត់បន្ថយបានរាល់បទល្មើសឆ្លងដែនផ្សេងៗ ដែលជាការបង្កលក្ខណៈងាយស្រួលឲ្យប្រជាជន នៃប្រទេសទាំងពីរ បានផ្លាស់ប្តូរសេដ្ឋកិច្ច និងប្រកបរបររកស៊ីទៅវិញទៅមក រួមចំណែកដល់ការលើកកម្ពស់ជីវភាពរបស់ប្រជាជន នៃប្រទេសទាំងពីរកម្ពុជា-វៀតណាម។

សម្រាប់ទិសដៅឆ្នាំ ២០២២-២០២៣ ភាគីទាំងពីរបានឯកភាពលើការបន្តកិច្ចខិតខំប្រឹងប្រែងសហការអនុវត្តភារកិច្ច ស្របតាមពិធីសារ ស្តីពី កិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីដំណាក់កាល ២០២០-២០២៤ និងផែនការកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំ រវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ ឲ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល សំដៅនាំមកនូវការរីកចម្រើនកាន់តែសកម្ម នៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ព នៃប្រទេសទាំងពីរ ដោយផ្តោតលើអាទិភាពមួយចំនួន ដូចជា៖ កិច្ចសហការលើការងារការពារព្រំដែនគោក នៃប្រទេសទាំងពីរ, កិច្ចសហការលើការផ្តល់ជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយនៅតាមបណ្តោយព្រំដែន, ការចូលរួមបង្កលក្ខណៈដល់ភារកិច្ចខ័ណ្ឌសីមា និងការបោះបង្គោលព្រំដែនឲ្យបានឆាប់ចប់ជាស្ថាពរ ទៅតាមផែនការការងាររបស់រដ្ឋាភិបាល នៃប្រទេសទាំងពីរ, ការជំរុញកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ និងការគាំទ្រលើការហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស។

ក្នុងឱកាសនេះផងដែរ ភាគីទាំងពីរ ក៏បានរំឭកឡើងវិញ និងថ្លែងអំណរគុណគ្នាទៅវិញទៅមកចំពោះស្មារតីនៃការជួយគ្នាក្នុងកាលៈទេសៈ ដែលប្រទេសទាំងពីរជួបការលំបាក ដូចកាលប្រទេសកម្ពុជាបានជួយប្រទេសវៀតណាម នៅក្នុងការតស៊ូរំដោះប្រទេសក្នុងទស្សវត្សរ៍ឆ្នាំ ១៩៧០ និងប្រទេសវៀតណាម បានជួយកម្ពុជាវិញ នៅក្នុងការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត រួមទាំងការស្តារ កសាង និងអភិវឌ្ឍប្រទេសឡើងវិញ ផងដែរ៕


-
សន្តិសុខសង្គម៧ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?