ព័ត៌មានជាតិ
កម្ពុជាបោះជំហានខ្លាំង ក្នុងការធ្វើមាតុភូមិនិវត្តន៍សម្បត្តិវប្បធម៌ជាតិ ដែលត្រូវបានគេលួច
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមសហការដោយដៃគូររដ្ឋ Antiquities Coalition នៃសហរដ្ឋអាមេរិក បានរៀបចំសន្និសីទអន្តរជាតិ ស្តីពី កិច្ចការការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២នេះ នៅខេត្តសៀមរាប។ សន្និសីទនេះ ផ្តោតសំខាន់លើការការពារ និងការទប់ស្កាត់ការជួញដូរសម្បត្តិវប្បធម៌ខុសច្បាប់ ដែលកំពុងរងការគម្រាមកំហែងដល់បេតិកភណ្ឌដ៏សម្បូរបែប ក្នុងតំបន់អាស៊ីអាគ្នេយ៍, សហគមន៍ក្នុងតំបន់ និងសេដ្ឋកិច្ចជាតិ ដែលជាកត្តាចាំបាច់របស់ប្រជាជននៃតំបន់អាស៊ីអាគ្នេយ៍។

លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថា បទពិសោធន៍កន្លងមករបស់កម្ពុជា ពាក់ព័ន្ធនឹងការទាមទារមកវិញ នូវសម្បត្តិវប្បធម៌ជាតិ បានបង្ហាញឲ្យឃើញពីភាពជោគជ័យតាមរយៈកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការបញ្ជូនមកវិញនូវសម្បត្តិវប្បធម៌ជាតិដែលត្រូវបានគេលួចនាំចេញដោយខុសច្បាប់។ ឧទាហរណ៍ ដូចជាអនុស្សរណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការដាក់កម្រិត នៃការនាំចូលប្រភេទនៃវត្ថុបុរាណពីកម្ពុជា។ តាមរយៈយន្តការនេះ យើងអាចកាត់បន្ថយចំនួននៃសហគ្រាសឧក្រិដ្ឋកម្មអន្តរជាតិ ដែលតែងធ្លាប់រត់ពន្ធសម្បត្តិវប្បធម៌កម្ពុជាចេញពីប្រទេសយើង ហើយបានគ្រប់គ្រងដោយជោគជ័យក្នុងការប្រគល់សម្បត្តិវប្បធម៌ទាំងនោះជូនម្ចាស់ដើមវិញ។

លោកស្រីរដ្ឋមន្ត្រី មានប្រសាសន៍ថា កន្លងមក សម្បត្តិវប្បធម៌ជាច្រើនរបស់កម្ពុជាត្រូវបានលួចនាំចេញដោយខុសច្បាប់ពីប្រទេសកម្ពុជា និងបានចរាចរដាក់លក់នៅលើទីផ្សារសិល្បៈអន្តរជាតិ។ ការលួចបំផ្លិចបំផ្លាញនេះហើយ ដែលនាំឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ទីតាំងសម្បត្តិបេតិកភណ្ឌវប្បធម៌របស់កម្ពុជា និងលុបបំបាត់នូវការយល់ដឹងពីប្រវត្តិសាស្ត្រ និងអត្តសញ្ញាណរបស់ប្រជាជន។
លោកស្រី ភឿង សកុណា បន្តថា សម្បត្តិវប្បធម៌ជាតិទាំងនោះ គួរតែស្ថិតនៅទីតាំងដើមរបស់វា ដែលជាដួងព្រលឹង និងជាកិត្យានុភាពជាតិ ទើបអាចបង្ហាញពីការបង្កើតការងារចម្រុះដែលជាចរន្តសេដ្ឋកិច្ចសម្រាប់ប្រជាជន។ ដូចនេះការយល់ដឹងអំពីកិច្ចការពារវប្បធម៌ និងការអភិរក្ស គឺជាកត្តាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា និងជាភារកិច្ចចម្បងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

លោកស្រីរដ្ឋមន្ត្រីក្រសួងវប្បធម៌ មានក្តីរំពឹងថា សន្និសីទអន្តរជាតិ និងកិច្ចប្រជុំពេញអង្គ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៨ ខែកញ្ញានេះ នឹងបានផ្តល់ឱកាសក្នុងកិច្ចពិភាក្សាយ៉ាងស៊ីជម្រៅ អំពីទំហំនៃការជួញដូរសម្បត្តិវប្បធម៌ខុសច្បាប់ នៅក្នុងតំបន់របស់យើង និងបានគូសបញ្ជាក់យុទ្ធសាស្រ្តនានា ដែលអាចនិយាយបានថា ជាការចាប់ផ្តើមទទួលផ្លែផ្កានៃការនាំត្រឡប់មកវិញនូវវត្ថុបុរាណដែលត្រូវបានលួចទៅ។ យើងបាន និងកំពុងរៀនសូត្រពីគ្នាទៅវិញទៅមកពីភាពសកម្មក្នុងនាមជាសមាជិកអាស៊ាន ក្នុងការការពារសម្បត្តិបេតិកភណ្ឌក្នុងតំបន់ ការលើកកម្ពស់ក្រមសីលធម៌ និងទីផ្សារសិល្បៈស្របច្បាប់។

ក្នុងឱកាសនេះដែរលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានមានប្រសាសន៍ថា នាពេលថ្មីៗនេះ ប្រទេសកម្ពុជា បានបោះជំហានយ៉ាងខ្លាំងក្នុងការធ្វើមាតុភូមិនិវត្តន៍នូវទ្រព្យសម្បត្តិជាតិដែលត្រូវបានគេលួច ត្រឡប់មកវិញ។ ក្នុងរយៈពេលមួយខែចុងក្រោយនេះ អាជ្ញាធរផ្នែកអនុវត្តច្បាប់នៅសហរដ្ឋអាមេរិក បានប្រគល់វត្ថុបុរាណចំនួន ៣០ មកឲ្យយើងវិញ ដែលត្រូវបានគេរត់ពន្ធចេញពីប្រទេសកម្ពុជា ក្នុងអំឡុងពេលនៃអស្ថិរភាពយ៉ាងខ្លាំងនៅក្នុងប្រទេស។ ក្នុងចំណោមចម្លាក់ទាំងនោះមានពីររូប ដែលមានភាពអស្ចារ្យ និងមានភាពសារៈសំខាន់ជាប្រវត្តិសាស្ត្រ គឺរូបចម្លាក់ថ្មភក់នៅសតវត្សរ៍ទី១០ របស់ព្រះស្កន្ទគង់នៅលើក្ងោក ដែលត្រូវបានគេលួចពីប្រាសាទក្រចាប់នៅកោះកេរ និងរូបចម្លាក់ព្រះគណេសក្បាលដំរី ទម្ងន់បីតោនពីប្រាសាទបាក់ នៅកោះកេរ។

លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះដៃគូអន្តរជាតិរបស់យើង ជាពិសេសសហរដ្ឋអាម៉េរិក ដែលបានជួយតាមដានវត្ថុបុរាណដែលត្រូវបានលួចទាំងនេះ បញ្ឈប់បណ្តាញរត់ពន្ធ និងប្រគល់ទ្រព្យសម្បត្តិជាតិមកកម្ពុជាវិញ ហើយកម្ពុជារំពឹងថា តាមរយៈការប្តេជ្ញាចិត្តចំពោះសម្បត្តិបេតិកភណ្ឌវប្បធម៌ និងសម្ពន្ធភាពអន្តរជាតិ ទ្រព្យសម្បត្តិជាតិជាច្រើនទៀតដែលត្រូវបានគេលួចប្លន់ និងដែលឥឡូវនេះនៅក្នុងសហរដ្ឋអាម៉េរិក និងប្រទេសផ្សេងទៀតនឹងត្រូវប្រគល់មកកម្ពុជាវិញ។

គួរបញ្ជាក់ថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយអង្គការ Antiquities Coalition បានរៀបចំ សន្និសីទអន្តរជាតិ ស្តីពីការការពារសម្បត្តិវប្បធម៌“ការទប់ស្កាត់អំពើជួញដូរសម្បត្តិវប្បធម៌ដោយខុសច្បាប់ ទស្សនៈវិស័យអាស៊ាន” ចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០២២នៅ ខេត្តសៀមរាបដើម្បីផ្តល់ឱកាសក្នុងការពង្រឹងកិច្ចសហការ និងការយោគយល់គ្នាកាន់តែប្រសើរថែមទៀតរវាងប្រទេសសមាជិកអាស៊ាន និងប្រទេសជាដៃគូអន្តរជាតិសំខាន់ៗ មកពីអាស៊ី អឺរ៉ុប និងសហរដ្ឋអាមេរិក៕
អត្ថបទ៖ កុសល

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ