Connect with us

ព័ត៌មានជាតិ

សាលារៀនជំនាន់ថ្មី ក្លាយជាថ្នាលអប់រំសម្រាប់បណ្តុះបណ្តាលសិស្សតាមបែបសតវត្សទី២១

បានផុស

នៅ

សាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្តិ បានក្លាយថ្នាលអប់រំសម្រាប់បណ្តុះបណ្តាលសិស្សតាមបែបសតវត្សទី២១ ដែលធ្វើឱ្យសិស្សចេះត្រឹះរិះពិចារណាច្នៃប្រឌិតសហប្រតិបត្តិការ និងទំនាក់ទំនងភាពជាអ្នកដឹកនាំនិងទំនាក់ទំនងសង្គម។

លោក សម្យ កំសាន្យ នាយករង សាលារៀនជំនាន់ថ្មីនៃវិទ្យាល័យព្រះសីសុវត្តិបានប្រាប់ «កម្ពុជាថ្មី» នៅព្រឹកថ្ងៃទី៥​ ខែកញ្ញា នេះថា សាលារៀនជំនាន់ថ្មី គឺបង្រៀនតាមបែបកម្មវិធីអប់រំស្ទែមដែលផ្តោតលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម
និងគណិតវិទ្យាដោយអនុត្តជាក់ស្តែងទៅតាមខ្លឹមសារមេរៀននីមួយៗ បូកផ្សំនឹងមានឧបករណ៍សិក្សាបន្ទប់ពិសោធន៍ដែលធ្វើឱ្យសិស្សឆាប់ចាប់បាន និងងាយយល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបន្តថា «ប្រសិនបើគ្រូបង្រៀនមុខវិជ្ជាជីវៈវិទ្យាពីប្រព័ន្ធរំលាយអាហារ គ្រូត្រូវយកសត្វមកវះកាត់ដោយផ្ទាល់ដើម្បីឱ្យសិស្សមើលឃើញជាក់ស្តែងទៅតាមមេរៀន ដែលបង្រៀនហើយសិស្សណាចូលចិត្តមុខវិជ្ជានេះអាចបន្តស្រាវជ្រាវបន្ថែមសម្រាប់គោលដៅទៅអនាគតចង់ក្លាយជាវេជ្ជបណ្ឌិតផ្នែកវះកាត់ តែបើសិស្សណាចូលចិត្តរៀនផ្នែកសង្គមរៀនមុខវិជ្ជាពលរដ្ឋអាចក្លាយជាមេធាវី។ នេះគឺជាការសិក្សាតាមបែបសតវត្សទី២១»។

លោកបានបន្តថា សិស្សានុសិស្សនៅទូទាំងប្រទេសអាចដាក់ពាក្យរៀននៅសាលារៀនជំនាន់ថ្មីនេះបាន តែត្រូវមានលក្ខខណ្ឌ​ ពោលសិស្សត្រូវរៀនពិតប្រាកដដាក់គោលដៅច្បាស់លាស់ដើម្បីទទួលបានចំណេះដឹង និងមានអនាគតល្អប្រសើរ។ លោកបានបន្ថែមថា «ប៉ុន្តែគ្រាន់តែមករៀនដោយគ្រាន់តែលឺល្បីតាមគេ ឬអាណាព្យាបាលបង្ខំឱ្យមករៀនសិស្សជំពូកនេះមិនមែនជាសិស្សដែលសាលាត្រូវការនោះទេ»។

លោកបានបន្ថែមថា ក្នុង១ឆ្នាំៗសាលាជ្រើសរើសសិស្សតែប្រមាណ១០០នាក់ប៉ុណ្ណោះចាប់ពីថ្នាក់ទី៧ រហូតដល់ថ្នាក់​ទី១២។ ក្នុងចំណោមសិស្ស១០០នាក់ភាគច្រើនយកសិស្សថ្នាក់ទី៧ច្រើនជាងគេ។ចំណែកសិស្សថ្នាក់ទី១២វិញយកតិចតួចទេដើម្បីយកទៅបំពេញចន្លោះសិស្សដែលចេញប៉ុណ្ណោះ។ លោកបានបន្ថែមថា សិស្សដែលមករៀននៅសាលានេះត្រូវបង់ថ្លៃសិក្សាដែលមានតម្លៃសមរម្យដើម្បីជួយទ្រទ្រង់សាលាទៅការចំណាយផ្សេងៗព្រោះសាលាត្រូវចំណាយច្រើន។ ចំណែកសិស្សអតើលទ្ធភាពក៏អាចចូលរៀនបានដែរដោយមានការលើកលែង។

លោក សម្យ កំសាន្យ បានបញ្ជាក់ថា «ដោយសារចង់បានសាលារៀនជំនាន់ថ្មីក្លាយជាសាលាដែលមានការអប់រំកម្រិតខ្ពស់។ ដូចនេះយើងទាមទារឱ្យមានការវិនិយោគច្រើនដោយក្នុង១ឆ្នាំសាលាបានចំណាយទៅលើសិស្សម្នាក់ចំនួន​៣២០​ដុល្លារ​អាមេរិក។ ដូច្នេះរាជរដ្ឋាភិបាលនិងក្រសួងអប់រំយុវជននិងកីឡាបានអនុញ្ញាតឱ្យសាលាអំពាវនាវដល់អាណាព្យាបាលសិស្សដែលមានបំណងបញ្ជួនកូនចៅមករៀននៅទីនេះជួយបង់ថ្លៃសិក្សាក្នុង១ឆ្នាំ
២៨០ដុល្លារឡើងទៅហើយខ្វះខាតក្រសួងបង្គ្រប់បន្ថែម»។

លោកបានឱ្យដឹងទៀតថា ចំពោះមាតាបិតាសិស្សដែលមិនមានលទ្ធភាពបង់ភាគទានទេអាចស្នើសុំអនុគ្រោះទៅតាមជាក់ស្តែងខណៈបច្ចុប្បន្នមានសិស្សប្រមាណ១០ភាគរយក្នុងចំណោមសិស្សសរុបទទួលបានការសិក្សាដោយឥតបង់ថ្លៃដោយសារបញ្ហាជីវភាពគ្រួសារមានខ្វះខាត។ការលើកលែងនេះគឺសាលាចង់ឱ្យសិស្សគ្រប់រូបអាចចូលរៀនបានគ្រប់គ្នាៗ។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះមានសិស្សរៀននៅសាលារៀនជំនាន់ថ្មីប្រមាណជាង១ពាន់នាក់។ បើគិតទូទាំងប្រទេសដែលមានសាលាជាង១០នោះមានសិស្សសរុបប្រមាណជិត១ម៉ឺននាក់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម