Connect with us

ព័ត៌មានជាតិ

អគារស្នងការរាជធានីថ្មី និងសមិទ្ធផលមួយចំនួនទៀត ចំណាយថវិកាជាង ១៤លានដុល្លារ ត្រូវបានសម្ពោធឲ្យប្រើប្រាស់នៅថ្ងៃនេះ

បានផុស

នៅ

អគារស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញថ្មី និងសមិទ្ធផលមួយចំនួនទៀត ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២២នេះ ក្រោមអធិបតីភាពរបស់សម្តេចក្រឡា​ហោ​ម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយមានការចូលរួមមន្ត្រីជាន់ខ្ពស់ក្រសួងមហា​ផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ជាច្រើនរូបទៀត។ នេះបើយោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងមហាផ្ទៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងពិធីនោះ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា បន្ទាប់ពីបានទទួលគោលការណ៍ឯកភាព និងគាំទ្រពីសម្ដេចក្រឡាហោមហើយនោះ លោកបានខិតខំកៀរគរថវិកាពីសប្បុរសជននានា ដើម្បីគាំទ្រដល់ការសាងសង់នៅថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០១៩ សំណង់អគារចំនួន ២ ត្រូវបានចាប់ផ្តើមសាងសង់ក្នុងរយៈពេល ២ឆ្នាំ។ ប៉ុន្តែដោយសារស្ថានភាពកូវីដ-១៩ បានធ្វើឲ្យមានការអូសបន្លាយពេលវេលារហូតដល់ជាង ៣ឆ្នាំ ទើបបានបញ្ចប់ការសាងសង់ជាស្ថាពរ នៅថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២២នេះ។

លោកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងបន្តថា អគាររដ្ឋបាល អគារសាលប្រជុំ រួមទាំងការបំពាក់សម្ភារៈបច្ចេកទេស ការរៀបចំហេដ្ឋារចនាសម្ព័ន្ធជុំវិញអគារ បានចំណាយថវិកាសរុបជាង ១៤លានដុល្លារ ដោយមិនបានប្រើប្រាស់ថវិការដ្ឋនោះទេ។ ថវិកាចំណាយទាំងនោះ មួយផ្នែកបានមកពីថវិការបស់អង្គភាព និងមួយផ្នែកទៀតបាន មកពីការជួយឧបត្ថម្ភគាំទ្រពីសំណាក់សប្បុរសជនក្នុង និងក្រៅប្រទេស។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ក្នុងឱកាសនេះថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចសូមថ្លែងអំណរគុណដល់សប្បុរសជននានា បានចូលរួមថវិកាផ្ទាល់ខ្លួន សម្រាប់សាង់សងអគារ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញថ្មីនេះ ដើម្បីបម្រើការងារដល់កងកម្លាំងនគរបាល ព្រមទាំងចូលរួមក្នុងការពង្រឹងវិស័យសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈនៅកម្ពុជា ផងដែរ។

ជាមួយគ្នានេះសម្ដេចក្រឡាហោម បានណែនាំដល់មន្ដ្រីបំម្រើការងារ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទាំងអស់ ត្រូវធ្វើការងារឲ្យមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងគោរពពេលវេលា និងវិន័យ ហើយនាំគ្នាថែទាំអគារថ្មីនេះ ជាពិសេសត្រូវប្រើប្រាស់ភ្លើងសំចៃផងដែរ។

សម្ដេចក្រឡាហោម ក៏បានចាត់ទុកអគារស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញថ្មី គឺជាអគារទំនើបមួយសម្រាប់រាជធានីភ្នំពេញ និងប្រទេសកម្ពុជា។ សម្ដេចបន្ដថា សមិទ្ធផលទាំងនេះ សមស្របតាមតួនាទីភារកិច្ចដែលត្រូវបំពេញបន្ថែមទៀត ជាការពិតហើយ ក្រោមការដឹកនាំរបស់ រាជរដ្ឋាភិបាល ព្រះរាជាណាចក្រ កម្ពុជា មានការរីកចម្រើនជាបន្ដបន្ទាប់ ហើយកំពុងតែមានសុខសន្ដិភាព និងស្ថេរភាពនយោបាយផងដែរ។

លើសពីនេះ សម្ដេចក្រឡាហោម ស ខេង បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោយបានបំពេញភារកិច្ចយ៉ាងល្អប្រសើរ ហើយបទល្មើសនៅរាជធានីភ្នំពេញ ក៏មានការថយចុះគួរឲ្យកត់សម្គាល់ផងដែរ។ ជាងនេះទៅទៀត សម្ដេច សង្ឃឹមថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងទទួលបានជោគជ័យបន្ថែមទៀត ក្នុងការថែរក្សាសន្ដិសុខសណ្ដា​ប់សាធារណសង្គម៕  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម