ព័ត៌មានជាតិ
លោក គង់ ភោគ ប្រធានការិយាល័យប្រេសិតពិសេសប្រធានអាស៊ាន រៀនចប់កម្រិតណា ហើយនៅប្រទេសណាខ្លះ?
នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន កាលពីដើមខែសីហា កន្លងទៅនេះ សាធារណជនប្រហែលជាបានស្គាល់រួចហើយថា លោក គង់ ភោគ គឺជាអ្នកនាំពាក្យនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននេះ។ បច្ចុប្បន្ននេះ លោក គង់ ភោគ មានតំណែងជារដ្ឋលេខាធិការក្រសួងការបរទេស និងជាប្រធានការិយាល័យប្រេសិតពិសេសប្រធានអាស៊ាន ស្ដីពីបញ្ហា មីយ៉ាន់ម៉ា។ តើឥស្សរជនរូបនេះ មានប្រវត្តិការងារ និងធ្លាប់កាន់តំណែងអ្វីខ្លះ មុនក្លាយជាមន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសកម្ពុជា? ហើយបានបញ្ចប់ការសិក្សាកម្រិតណា នៅប្រទេសណាដែរ? «កម្ពុជាថ្មី» នឹងជម្រាបជូនដូចតទៅ៖
លោក គង់ ភោគ កើតថ្ងៃទី៤ ខែឧសភា ឆ្នាំ១៩៨២ នៅស្រុកពាមរក៍ ខេត្តព្រៃវែង។ លោក មានចំណងអាពាហ៍ពិពាហ៍ជាមួយនឹងលោកស្រី ម៉ាលី សុជាតា អនុរដ្ឋលេខាធិការក្រសួងការពារជាតិ។

លោក គង់ ភោគ ចាប់ផ្ដើមសិក្សាថ្នាក់ឧត្តមសិក្សានៅឆ្នាំ២០០០ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដោយទទួលបានសញ្ញា បត្របរិញ្ញាបត្រវិស្វករឧស្សាហកម្ម និងមេកានិច ក្នុងឆ្នាំ២០០៥។ ក្រោយបញ្ចប់ថ្នាក់បរិញ្ញាបត្រក្នុងស្រុក លោក បានបន្តទៅសិក្សានៅប្រទេសអូស្ត្រាលី ដោយទទួលបានសញ្ញាបត្រចំនួន គឺវិញ្ញាបនបត្រជាន់ខ្ពស់ជំនាញរដ្ឋបាលសាធារណៈ ក្នុងឆ្នាំ២០០៦ និងឆ្នាំ២០០៧ បញ្ចប់សញ្ញាបត្រថ្នាក់អនុបណ្ឌិតគោលនយោបាយសាធារណៈ ជំនាញគោលនយោបាយសេដ្ឋកិច្ច នៅសាកលវិទ្យាល័យជាតិអូស្រ្តាលី។

ក្រោយពេលត្រឡប់មកប្រទេសកម្ពុជាវិញ គឺអំឡុងឆ្នាំ២០០៨ លោក ធ្វើជាសាស្ត្រាចារ្យឯកទេសវិទ្យាសាស្ត្រនយោបាយ និងទំនាក់ទំនងអន្តរជាតិ នៅសាកលវិទ្យាបញ្ញាសាស្ត្រ រាជធានីភ្នំពេញ។ រហូតដល់ឆ្នាំ២០១០ លោក គង់ ភោគ ក៏បានសម្រេចចិត្តបន្តការសិក្សាថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Warwick ចក្រភពអង់គ្លេស ជំនាញទំនាក់ទំនងអន្តរជាតិ ។ ក្នុងនាមជាបេក្ខជនបណ្ឌិត គឺចន្លោះឆ្នាំ២០១១-២០១២ លោកបានធ្វើទស្សនកិច្ចស្រាវជ្រាវថ្នាក់បណ្ឌិតនេះនៅសាកលវិទ្យាល័យ Cornell សហរដ្ឋអាមេរិក និងទៅធ្វើទស្សនកិច្ចនៅសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេសផងដែរ ដោយផ្តោតលើគោលនយោបាយការបរទេស និងការពារជាតិ។

កិច្ចការបន្ទាប់ លោក គឺជាស្ថាបនិក និងជាប្រធានវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាយុទ្ធសាស្ត្រ ក្នុងឆ្នាំ២០១៤ និងត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី ក្នុងឆ្នាំ២០១៧។ កាន់តំណែងជាអនុរដ្ឋលេខាធិការបានជាង ១ឆ្នាំ ពោល គឺនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ លោកក៏ត្រូវបានជ្រើសតាំងជាអគ្គលេខាធិការរងអាស៊ានទទួលបន្ទុកដឹកនាំសហគមន៍សង្គម វប្បធម៌អាស៊ាននៅលេខាធិការដ្ឋានអាស៊ាន រដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។ នៅអំឡុងខែតុលា ឆ្នាំ២០២១ លោក បានបញ្ចប់អាណត្តិការងារជាអគ្គលេខាធិការរងអាស៊ាន បន្ទាប់ពីលោកបានបំពេញការងាររយៈពេល ៣ឆ្នាំ។

ដោយសំឡឹងឃើញសមត្ថភាព ចំណេះដឹង និងបទពិសោធការងារជាច្រើនលើកិច្ចការទំនាក់ទំនងអន្តរជាតិ ជាពិសេសតួនាទីជាអគ្គលេខាធិការរងអាស៊ានផងនោះ លោក គង់ ភោគ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ផ្ដល់សេចក្ដីទុកចិត្ត ដោយបានស្នើសុំព្រះមហាក្សត្រតែងតាំងលោក ជារដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិអន្តរជាតិ កាលពីថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២១ រហូតដល់បច្ចុប្បន្ននេះ។ ស្ថិតក្នុងបរិបទនៃវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា ហើយដែលកម្ពុជា ជាប្រធានអាស៊ានឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានសម្រេចចាត់តាំងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិអន្តរជាតិ ជាប្រេសិតពិសេសរបស់ប្រធានអស៊ាន ស្ដីពីវិបត្តិមីយ៉ាន់ម៉ា។ ទន្ទឹមគ្នានេះ លោក គង់ ភោគ ក៏ត្រូវបានចាត់តាំងតួនាទីបន្ថែម ជាប្រធានការិយាល័យប្រេសិតពិសេសរបស់ប្រធានអាស៊ានផងដែរ។

តាមរយៈតួនាទីជាប្រធានការិយាល័យប្រេសិតពិសេសរបស់ប្រធានអាស៊ាន លោក គង់ ភោគ បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់មា ជាញឹកញាប់ ដោយបានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំពាក់ព័ន្ធមីយ៉ាន់ម៉ាសំខាន់ៗជាច្រើន រួមមាន រដ្ឋមន្រ្តីការបរទេស រដ្ឋមន្រ្តីសហប្រតិបត្តិការអន្តរជាតិ សមាជិកក្រុមការងារមីយ៉ាន់ម៉ាទទួលបន្ទុកជំនួយមនុស្សធម៌ អនុរដ្ឋមន្រ្តីសុខាភិបាល និងអនុរដ្ឋមន្ត្រីសង្គមកិច្ច ជាដើម៕
ដោយ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម៩ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ