Connect with us

ព័ត៌មានជាតិ

ជម្លោះបិទផ្លូវដើរ​ជិត ១០ ឆ្នាំ ​នៅ​ក្រុង​កំពង់ចាមមិន​ទាន់​ដោះស្រាយ​ចេញ

បានផុស

នៅ

ជម្លោះវិវាទបិទផ្លូវដើររយៈពេលជិត ១០ ឆ្នាំស្ថិតនៅភូមិបឹងបាសាក់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ត្រូវបានអាជ្ញាធរនិងស្ថាប័នពាក់ព័ន្ធលើកយកមកធ្វើការសម្របសម្រួលដោះស្រាយនាព្រឹកថ្ងៃទី៨ ខែកញ្ញាឆ្នាំ២០២២ នៅសាលប្រជុំតូចសាលាខេត្តកំពង់ចាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភាគីដើមបណ្ដឹងនៅតែទាមទារឲ្យបើកលំអានផ្លូវរទេះចាស់ឡើងវិញ ទើបយុត្តិធម៌។ តាមភាគីដើមបណ្ដឹងបានឱ្យដឹងថា ក្នុងគ្រាដំបូងមានផ្លូវលំអានរទេះចេញចូលពីក្រៅដល់ខាងក្នុង តែក្រោយមកត្រូវបានភាគីឈ្មោះ ចាប សុខជា ធ្វើរបងបិទ ជាហេតុធ្វើឲ្យអ្នកនៅខាងក្នុង មិនមានផ្លូវចេញចូល។ ប្រជាពលរដ្ឋបានរាយការណ៍តាមទូរសព្ទទៅលោក សារិន មេភូមិបឹងបាសាក់ ហើយមេភូមិលើកឡើងថាមិនអីទេ ឱ្យគេធ្វើសិនចុះចាំពេលណាគេធ្វើផ្លូវនឹងឲ្យភាគីនេះ​វាយ​ចោលវិញ។

ទោះបីជាប្រជាពលរដ្ឋបានដាក់ពាក្យបណ្ដឹងមកអាជ្ញាធរមូលដ្ឋាន និងដល់សាលាក្រុងកំពង់ចាម តែមិនមានដំណោះស្រាយ​ធ្វើឲ្យសំណង់ផ្ទះរបស់ ចាប សុខជា កាន់តែរឹងមាំរហូតមកដល់សព្វថ្ងៃគឺមិនមានច្បាប់នោះទេ។

លោកមុឹង សុទ្ធថាវរៈ ប្រធានការិយាល័យភូមិបាលក្រុងកំពង់ចាមលើកឡើងថា តាមរយៈក្រុមការងាររបស់លោកបានចុះពិនិត្យមើលដល់កន្លែងកើតហេតុថាមិនមានបិទផ្លូវរទេះនោះទេ។ យ៉ាងណា​លោកទទួលស្គាល់ភាគីឈ្មោះចាប សុខជា ពិតជាបានសាងសង់លំនៅឋានមិនមានច្បាប់ផងដែរ។

លោក យូ ចាន់ឌី អនុប្រធានមន្ទីរដែនដីនគររូបនីយកម្មនិងសំណង់ខេត្តបានលើកឡើងថា យោងតាមការស្ដាប់របាយការណ៍​របស់លោកអភិបាលរងក្រុងកំពង់ចាម​គឺចាំបាច់ត្រូវជ្រើសរើយកជម្រើសទី២ ដែលមើលទៅស្រួលជាងជម្រើសទី១ ព្រោះ​ថាកាលណាបើទាមទារយកជម្រើសទីមួយគឺវែងឆ្ងាយដល់តុលាការ។ ចំពោះដំណោះស្រាយទីមួយ អាចប្រព្រឹត្តទៅបាន​ដរាបណាអ្នកដែលមានប្លង់រឹងនៅខាងក្នុងប៉ុន្មាននាក់ យល់ព្រមបរិច្ចាគដីម្នាក់បន្តិចនោះគឺជាភាពជោគជ័យ។

លោកហេង វណ្ណី អភិបាលរងខេត្តមានប្រសាសន៍លើកឡើងថា បើពិនិត្យមើលជាក់ស្ដែងជម្រើសទី២ គឺល្អជាងជម្រើសទីមួយ ព្រោះថាអ្នកនៅខាងក្នុងចំនួនប្រាំនាក់គឺមានប្លង់រឹងក្នុងនោះរួមមានមួយ ១.ឈ្មោះងួន ចាន់ ២.ឈ្មោះហ៊ាន កក្កដា ៣.ហ៊ាន វិច្ឆិកា ៤.ខៀវ សៀន ៥.សំ សំអាត។

លោកទទួលស្គាល់ថា ភាគីចុងបណ្ដឹងឈ្មោះ ចាប សុខជា ដែលមានប្លង់នៅដើមគេពិតជាមិនមានប្លង់កម្មសិទ្ធិស្របច្បាប់​នៅឡើយ ហើយមិនដឹងថាពេលដែលដំណើរការសាងសង់ផ្ទះនោះ តើមានការហាមឃាត់ពីភូមិបាលក្រុងកំពង់ចាមដែរឬទេ?

ក្រុមភាគីដើមបណ្ដឹងបានលើកឡើងថា ពាក្យបណ្ដឹងដែលពួកគាត់បានដាក់ជូនអាជ្ញាធរ ក៏ដូចជាជំនាញភូមិបាលក្រុងកំពង់ចាមពីរលិខិតទិញលក់ដីរបស់ឈ្មោះចាប សុជា មានការកែកោះលុបលេខ៤៥ ទៅ៥០ម៉ែត្រ ហើយ​ក៏​មានលិខិតបញ្ជាក់​បដិសេធរបស់លោកហុក ឡុងស្រេង អតីតមេភូមិចុងកុង បដិសេធលិខិតកែកោសលុបនៅថ្ងៃទី៣ ខែធ្នូឆ្នាំ២០១១ តែជំនាញមិនអើពើដោះស្រាយទាល់តែសោះ។ បើសិនគេយកមកដោះស្រាយតាំងពីមិនទាន់ចុះវាស់វែងដីជាលក្ខណៈប្រព័ន្ធ​ក៏មិនមានបញ្ហាមកដល់សព្វថ្ងៃនេះដែរ៕

អត្ថបទ៖ សាន វិឡែម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម