ព័ត៌មានជាតិ
លោក សុខ រ៉ាដែន ៖ កសិដ្ឋានចិញ្ចឹមត្រីធំៗពីរផ្អាកដំណើរការព្រោះខ្វះទីផ្សារលក់ចេញ
កសិដ្ឋានចិញ្ចឹមត្រីធំៗចំនួនពីរ នៅស្រុកកំពង់ថ្ម ខេត្តកំពង់ធំ បានផ្អាកដំណើរការចិញ្ចឹម ដោយសារខ្វះទីផ្សារ ខណៈដែលតម្លៃចំណីឡើងថ្លៃខ្ពស់។
លោក សុខ រ៉ាដែន ប្រធានក្រុមប្រឹក្សាសមាគមវារីវប្បករកម្ពុជា បានថ្លែងប្រាប់កម្ពុជាថ្មីថា ការចិញ្ចឹមត្រីបច្ចុប្បន្នមានការរអាក់រអូលច្រើន ទីផ្សារចង្អៀត និងចំណីឡើងថ្លៃ នាំឱ្យអ្នកចិញ្ចឹមបោះបង់ជាបន្តបន្ទាប់ និងអ្នកខ្លះក៏កាត់បន្ថយការចិញ្ចឹមជាដើម។
លោកបន្តដូច្នេះថា «វត្ថុធាតុដើមមានតម្លៃខ្ពស់ ទីផ្សារទាប ធ្វើឱ្យសង្វាក់ផលិតកម្មនៃការផលិតរអាក់រអួល កសិករកាត់បន្ថយការចិញ្ចឹមច្រើន អ្នកខ្លះទៀត ក៏ឈប់ចិញ្ចឹមជាដើម។ ជាក់ស្តែងកសិដ្ឋានចិញ្ចឹមត្រីធំៗចំនួនពីរទីតាំងសរុបលើផ្ទៃដីមានទំហំជាង ១០០ហិកតា នៅស្ទឹងជីនិត ស្រុកកំពង់ថ្ម បានផ្អាកការចិញ្ចឹម ដោយសារបញ្ហាខ្វះទីផ្សារនេះ»។
លោកបានបន្ថែមថា កសិករ មានការត្អូញត្អែរអំពីចំនួននៃការទិញធ្លាក់ចុះ ដោយសារការហូរចូលត្រីពីក្រៅប្រទេស ដែលមានតម្លៃធូរថ្លៃ បង្កជាវិបត្តិដល់អ្នកចិញ្ចឹមក្នុងស្រុក។
ប្រធានសមាគមរូបនេះ បានគូសបញ្ជាក់ថា ដើម្បីឱ្យវិស័យចិញ្ចឹមត្រី ក្នុងស្រុករីកចម្រើន, ទី១ ត្រូវផលិតពូជខ្លួនឯង, ទី២ ទាក់ទាញអ្នកវិនិយោគឱ្យមកផលិតចំណីនៅក្នុងស្រុក, ទី៣ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទឹក ត្រូវរៀបចំឱ្យបានត្រឹមត្រូវ ពិសេសភ្លើងគួរបញ្ចុះតម្លៃ និងត្រូវត្រួតពិនិត្យពន្ធនាំចូល ឱ្យបានច្បាស់លាស់ ជាពិសេសលើគុណភាព ទើបយើងអាចប្រកួតប្រជែងទីផ្សារបាន។ លោកសង្កត់ធ្ងន់ថា ត្រីនាំចូលគឺមិនសូវមានគុណភាពល្អនោះទេ ពោលគឺសម្បកក្រៅមើលទៅដូចគ្នា តែសាច់ខាងក្នុងអាចមានសាធាតុថ្នាំហាមឃាត់ និងមេរោគ បង្កផលប៉ះពាល់សុខភាពដល់អ្នកបរិភោគ។
ដោយឡែក ការចិញ្ចឹមក្នុងស្រុក គឺមានគុណភាពស្តង់ដារច្បាស់លាស់ និងសុវត្ថិភាពខ្ពស់។ លោកថា ការចិញ្ចឹមក្នុងស្រុក គឺមិនមានសារធាតុអ័រម៉ូន ដែលបង្កឱ្យប៉ះពាល់ដល់សុខភាពអ្នកទទួលទានឡើយ។
ពាក់ព័ន្ធនឹងបញ្ហាទីផ្សារនេះ កសិករ ចាប់ផ្តើមបាក់ទឹកចិត្តក្នុងការចិញ្ចឹម ដោយសារ មិនមានការត្រូតពិនិត្យការនាំចូល ពិបាកក្នុងការប្រកួតប្រជែងលើតម្លៃ ប្រមូលផលបានខ្វះទីផ្សារ អស់ដើមទុនសម្រាប់ចិញ្ចឹមបន្តទៀត។
បើតាមលោក សុខ រ៉ាដែន វារីវប្បករនៅកម្ពុជា អាចចិញ្ចឹមត្រីមានគុណភាពល្អ ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក បាន១០០ភាគរយ និងអាចសល់ត្រីសម្រាប់នាំចេញទៀតផង ប្រសិនបើមានការទប់ស្កាត់ការនាំចូលបានទាំងស្រុង។
បច្ចុប្បន្ន វារីវប្បករក្នុងស្រុកភាគច្រើន មានចិញ្ចឹមត្រី ដូចជា ត្រីប្រា ត្រីអណ្តែង ត្រីក្រាញ់ ត្រីឆ្ពិន ត្រីពោ ត្រីទីឡាបព្យាជាដើម។ ចំណែកតម្លៃត្រីប្រាទិញចេញពីកន្លែងចិញ្ចឹម ១គីឡូ ៤១០០រៀល និងត្រីដទៃទៀត មានតម្លៃប្រហាក់ប្រហែលគ្នានេះដែរ៕
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ