ព័ត៌មានជាតិ
អ្នកជំនាញសុខាភិបាល ណែនាំឱ្យអនុវត្តគន្លឹះ ៥ យ៉ាង ដើម្បីចៀសផុតការពុលចំណីអាហារ ក្នុងពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ
លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានណែនាំដល់ប្រជាពលរដ្ឋអនុវត្តកូនសោគន្លឹះ ៥ យ៉ាង ដើម្បីធ្វើឱ្យចំណីអាហារមានសុវត្ថិភាពល្អចៀសផុតពីការពុលចំណីអាហារ នៅក្នុងពិធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌនេះ។

ការណែនាំនេះបានធ្វើឡើង ខណៈពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ នៅឆ្នាំនេះនឹងប្រព្រឹត្តទៅពីថ្ងៃ ១រោចដល់ថ្ងៃ ១៥ រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី ១១ ដល់ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២២ ហើយពិធីបុណ្យដ៏ធំនេះ ជារៀងរាល់ឆ្នាំតែងតែមានការពុលចំណីអាហារមួយចំនួនកើតឡើងដោយសារតែចំណីអាហារមិនមានអនាម័យត្រឹមត្រូវ។

ថ្លែងប្រាប់កម្ពុជាថ្មីនៅព្រឹកថ្ងៃទី ១០ កញ្ញានេះ លោកវេជ្ជបណ្ឌិត បានប្រសាសន៍ថា កូនសោគន្លឹះ ៥ យ៉ាងសម្រាប់ធ្វើឲ្យចំណីអាហារមានសុវត្ថិភាពនោះរួមមាន ទី១. រក្សាភាពស្អាត៖ ត្រូវលាងដៃរបស់អ្នក មុននឹងចាប់កាន់ចំណីអាហារ និងមុនពេលរៀបចំចំណីអាហារ។ ចូរលាងដៃរបស់អ្នកក្រោយពេលចេញពីបន្ទោបង់ ចូរលាងសម្អាត និងធ្វើអនាម័យលើផ្ទៃរាបទាំងអស់ និងសម្ភារៈឧបករណ៍ប្រើប្រាស់សម្រាប់រៀបចំចំណីអាហារ។ ការពារផ្ទះបាយ និងចំណីអាហារពីសត្វល្អិត កណ្តុរ និងសត្វផ្សេងៗ។ ការធ្វើបែបនេះព្រោះមានមេរោគបង្កគ្រោះថ្នាក់ជាច្រើនត្រូវបានរកឃើញនៅក្នុងធូលីដី ទឹក សត្វ និងមនុស្ស។ មេរោគទាំងនេះ បានតោងជាប់នៅនឹងដៃមនុស្ស ក្រណាត់ជូត និងសម្ភារៈផ្ទះបាយ ជាពិសេសជ្រុញ ទោះជាការប៉ះពាល់តិចតួចក៏ដោយ ក៏អាចចម្លងពួកមេរោគទាំងនោះទៅក្នុងចំណីអាហាររួចវាបណ្តាលឲ្យមានជំងឺនៅពេលបរិភោគចំណីអាហារទាំងនេះ។
ទី២. ការទុកដាក់អាហារឆៅ និងឆ្អិនដាច់ដោយឡែកពីគ្នា៖ ត្រូវទុកដាក់ដោយឡែកពីគ្នានូវសាច់ឆៅ សាច់មាន់-ទា និងគ្រឿងសមុទ្ទពីអាហារផ្សេងៗ។ ប្រើប្រាស់ឧបករណ៍ និងសម្ភារៈផ្ទះបាយដោយឡែកពីគ្នា ដូចជា កាំបិត និងជ្រុញសម្រាប់ហាន់អាហារឆៅ។ ទុកដាក់អាហារក្នុងកន្លែងរបស់វាដើម្បីចៀសវាងការប៉ះពាល់គ្នារវាងអាហារឆៅ និងអាហារឆ្អិន ព្រោះថាអាហារឆៅ ជាពិសេសសាច់សត្វស្លាប ស៊ុត និងគ្រឿងសមុទ្រ និងទឹកររបស់វា អាចមានមេរោគបង្កគ្រោះថ្នាក់ ដែលអាចឆ្លងចូលទៅក្នុងចំណីអាហារផ្សេងទៀតនៅពេលរៀបចំ និងទុកដាក់អាហារទាំងនេះ។
ទី៣.ការចម្អិនអាហារឲ្យបានឆ្អិនល្អ៖ ត្រូវចម្អិនអាហារឲ្យបានឆ្អិនល្អ ជាពិសេស សាច់ សត្វស្លាប ស៊ុត និងគ្រឿងសមុទ្រ។ ចូរយកអាហារដូចជាស៊ុប និងសម្ល ទៅដាំឲ្យពុះឡើងវិញ និងបញ្ជាក់ច្បាស់ថាវាក្តៅឡើងដល់ ៧០ អង្សាសេ។ ចំពោះសាច់ និងសត្វស្លាប ត្រូវប្រាកដថា ទឹករបស់វាឡើងថ្លា មិនមែនពណ៌ក្រហមព្រឿងៗនោះទេ។ តាមពិត ត្រូវប្រើសីតុណ្ហមាត្រ ដើម្បីវាស់កម្តៅនេះ។ កម្តៅអាហារដែលឆ្អិនរួចហើយនោះឡើងវិញឲ្យបានត្រឹមត្រូវ ព្រោះថាការចម្អិនត្រឹមត្រូវ អាចសម្លាប់មេរោគដែលបង្កគ្រោះថ្នាក់បានស្ទើរតែទាំងអស់។ ការសិក្សាបានបង្ហាញថា ការចម្អិនអាហារដល់សីតុណ្ហភាព ៧០ អង្សាសេ អាចជួយធានាថាវាពិតជាមានសុវត្ថិភាពសម្រាប់បរិភោគ។ ចំណីអាហារដែលទាមទារការប្រុងប្រយ័ត្នជាពិសេសមានសាច់ហាន់ស្តើង សាច់ជាប់សន្លាក់ឆ្អឹង និងសាច់សត្វស្លាបទាំងមូល។
ទី៤. ការទុកដាក់អាហារនៅក្នុងសីតុណ្ហភាពសុវត្ថិភាព៖ កុំទុកអាហារឆ្អិនស្រាប់ នៅក្នុងសីតុណ្ហភាពធម្មតាក្នុងបន្ទប់លើសពីពីរម៉ោង។ ត្រូវដាក់ចំណីអាហារដែលងាយស្អុយ ឬខូច និងអាហារដែលចម្អិនរួចទៅក្នុងធុងទឹកកក ឬទូរទឹកកកភ្លាមក្នុងកម្រិតសីតុណ្ហភាពតិចជាង ៥ អង្សាសេ និងទុកអាហារឆ្អិនឲ្យនៅក្តៅជានិច្ច ក្នុងកម្រិតសីតុណ្ហភាពលើសពី ៦០ អង្សាសេ និងកុំទុកចំណីអាហារយូរពេក ទោះបីដាក់ក្នុងធុងទឹកកក ឬទូរទឹកកកក៏ដោយ ព្រោះថាមេរោគអាចបំបែកខ្លួនយ៉ាងឆាប់រហ័សប្រសិនបើអាហារ ត្រូវបានរក្សាទុកក្នុងសីតុណ្ហភាពធម្មតា។ ការលូតលាស់របស់មេរោគ អាចថយចុះ ឬត្រូវបញ្ឈប់នៅសីតុណ្ហភាពក្រោម ៥ អង្សាសេ ឬលើសពី ៦០ អង្សាសេ មេរោគគ្រោះថ្នាក់មួយចំនួន នៅតែអាចលូតលាស់បានក្រោមសីតុណ្ហភាពទាបជាង ៥ អង្សាសេ។
ទី៥.ការប្រើប្រាស់ទឹកស្អាត និងវត្ថុធាតុដើមឆៅល្អ៖ ត្រូវប្រើប្រាស់ទឹកស្អាត ឬកែច្នៃវាឲ្យមានសុវត្ថិភាពមុនប្រើប្រាស់វា។ ជ្រើសរើសអាហារដែលនៅស្រស់ និងនៅទាំងមូល។ ជ្រើសរើសចំណីអាហារដែលរៀបចំដោយសុវត្ថិភាព ដូចជាទឹកដោះគោ ដែលបានធ្វើការសម្លាប់មេរោគរួច។ លាងបន្លែ ផ្លែឈើឲ្យបានស្អាតល្អ ជាពិសេសប្រសិនបើត្រូវរៀបចំញុំាឆៅ។ កុំប្រើប្រាស់ចំណីអាហារដែលហួសថ្ងៃខែឆ្នាំកំណើត។ព្រោះវត្ថុធាតុដើមឆៅ មានទឹក និងទឹកកក អាចចម្លងមេរោគ និងសារធាតុគីមីគ្រោះថ្នាក់។ សារធាតុគីមីពុល អាចកើតមានក្នុងអាហារខូច ឬរលួយ។ ចូរយកចិត្តទុកដាក់ក្នុងការជ្រើសរើសចំណីអាហារឆៅ និងអនុវត្តវិធានការអនាម័យសាមញ្ញ ដូចជាការលាងសម្អាត ការចិតសំបក អាចកាត់បន្ថយការប្រឈមមុខនឹងគ្រោះថ្នាក់បាន។


លោកវេជ្ជបណ្ឌិត លីសូវ៉ាន់ បានបញ្ជាក់ថា ក្នុងករណីពុទ្ធបរិស័ទតាជីយាយជីពេលត្រឡប់មកពីចូលរួមកាន់បិណ្ឌ ឬភ្ជុំបិណ្ឌមានអាការៈនិងរោគសញ្ញាដូចជាគ្រុនក្តៅ ក្អក ឈឺកឬរាករួសសូមប្រញាប់ទាក់ទងទៅកាន់លេខ ១១៥ ដើម្បីឱ្យមន្ត្រីជំនាញចុះទៅស្រាវជ្រាវនិងទប់ស្កាត់ឱ្យបានទាន់ពេលវេលា៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?